មេ​ប៉ូលិស​-​មេទាហាន បើក​កិច្ចប្រជុំ ​ដើម្បី​អនុវត្ត​សាលដីកា​ចាប់ខ្លួន សម រង្ស៊ី ពេល​មក​កម្ពុជា​

385
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ រួមទាំង​មេបញ្ជាការ​ធំៗ គ្រប់​ប្រភេទ​របស់​កងយោធពល​ខេមរភូមិន្ទ មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​របស់​នគ​របា​ជាតិ និង​អាជ្ញាធរខេត្ត​មួយចំនួន បាន​បើក​កិច្ចប្រជុំ​អនុវត្ត​ផែនការ​អនុវត្ត​សាលដីកា​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​រត់គេចខ្លួន​នៅក្រៅ​ប្រទេស និង​មាន​គម្រោង​ត្រឡប់មក​កម្ពុជា​វិញ​។

កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំ​ពាក្យ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិគ្រោះ និង​ចាត់ចែង​អនុវត្ត​ផែនការ សហការ​អនុវត្តតាម​សាលដីកា​របស់​តុលាការ​ក្នុងការ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី ដែលជា​ឧទ្ទាម​នៅក្រៅ​ប្រទេស ដែល​ឮថា ត្រឡប់មក​កម្ពុជា​វិញ​។ ចំពោះ​ផែនការ​នេះ គឺជា​វិជ្ជាជីវៈ​របស់​នគរបាល របស់​កម្លាំង​មាន​សមត្ថកិច្ច​។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា “​យើង​នឹង​ប្រើ​គ្រប់​រូបភាព គ្រប់​មធ្យោបាយ ស្របតាម​ច្បាប់ ដើម្បី​ចាប់ខ្លួន​ពួក​ឧទ្ទាម​ក្រៅច្បាប់​នេះ ហើយ​អត់​គិតថា ពេលណា ថ្ងៃ​ណា ម៉ោង​ណា នៅ​កន្លែង​ណា​ទេ ឲ្យ​តែ​គាត់​មាន​វត្តមាន គឺ​អនុវត្តតាម​សាលដីកា​ភ្លាម​”​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រកាសថា អគ្គស្នងការ​នគរបាល​ជាតិ បានទទួល​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ហើយ​បច្ចុប្បន្នកំពុង​រត់គេច​ខ្លួន​។ ក្នុងតួនាទី​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អគ្គស្នងការ​នគរបាល​ជាតិ​នឹង​ចាត់វិធានការ​តាម​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ​ស្របតាម​ច្បាប់ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ដីកា​របស់​តុលាការ ក្នុងការ​ស្វែងរក និង​តាម​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ។

ទន្ទឹមនេះ​ក្នុង​ស្មារតី​រួមចំណែក​ពង្រឹង និង​ការពារ​នីតិរដ្ឋ ព្រមទាំង​ធានា​ការរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ​ប្រសើរ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូម​អំពាវនាវ​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ ចូលរួម​គាំទ្រ​ការអនុវត្ត​ភារកិច្ច​របស់​កងកម្លាំង​អនុវត្ត​ច្បាប់ និង​កុំ​ធ្លាក់​ក្នុង​ឧបាយកល​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​កំពុង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​បះបោរ​ប្រឆាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​សកម្មភាព​នេះ គឺជា​ទង្វើ​ខុសច្បាប់ ហើយក៏​ជា​ទង្វើ​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម ។

ជាមួយគ្នានេះដែរ​សុំ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ចេតនា​រារាំង​ការអនុវត្ត​ដីកា​របស់​តុលាការ ព្រោះ​សកម្មភាព​រារាំង​ការអនុវត្ត​ដីកា​របស់​តុលាការ គឺជា​អំពើ​ដែល​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន ។​

​អគ្គស្នងការ​នគរបាល​ជាតិ​សង្ឃឹមថា សាធារណ​ជនជាតិ និង​អន្តរជាតិ និង​ចូលរួម​សហការ​គោរព និង​អនុវត្តបាន​ត្រឹមត្រូវ​តាមច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​B/