មេ​ប្រដាល់​ជួប​ម្ចាស់​សង្វៀន​

1043
ចែករម្លែក

ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ចំណាយពេល​មួយ​ព្រឹក​ថ្ងៃទី​១៩​កក្កដា ជួប​ជាមួយ​មន្ត្រី​ផ្គូរ​ផ្គង មន្ត្រី​ខាង​ថ្លឹង និង​គ្រូពេទ្យ ព្រមទាំង​ម្ចាស់​សង្វៀន នៃ​បណ្ដា​ទូរទស្សន៍​ទាំង​៥ ដែល​បានរៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សប្ដាហ៍​។​

ទិដ្ឋភាព​ប្រជុំ (​រូប​៖ រ៉ូ​ហ្សា​)

​ស្ថានីយទូរទស្សន៍​ទាំង​៥​នោះ​មាន​ប៉ុស្ដិ៍​លេខ ៥ បាយ័ន អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន​CBS ដែល​គ្រប់គ្រង​ទូរទស្សន៍​ចំនួន ៣ គឺ My TV-CNC និង CTN ទូរទស្សន៍​PNN ដើម្បី​ជជែក​គ្នា​ពី​ការចាប់​គូ​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​គុណភាព និង​ការមិន​កើតមាន​គ្រោះថ្នាក់​ដល់​កីឡាករ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បានទាមទារ​ដាច់ខាត​ឲ្យ​រាល់​ការចាប់​គូ​ត្រូវគោរព​លក្ខ​ខ័​ណ្ឌ​ចំនួន​៤ ដើម្បី​គេច​ឲ្យ​ផុតពី​ហា​នី​ភ័យ​នោះ គឺ​កីឡាករ​ត្រូវតែមាន​ទម្ងន់​ស្មើគ្នា កំពស់​មិន​លើសខ្វះ​គ្នា មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា អាយុ​កុំ​ឲ្យ​ឃ្លាត​គ្នា​ឆ្ងាយ ព្រោះ​បើ​យក​មនុស្ស​ចាស់​មក​វ៉ៃ​ជាមួយ​ក្មេង​ច្បាស់​ជា​ត្រូវ​ក្មេង​ធ្វើបាប​ហើយ​។​

​លោក​បាន​ព្រមាន​ថា ហាម​ដាច់ខាត​មិន​ឲ្យ​ហៅ​កីឡា​មក​ផ្គូរ​ផ្គង​នោះទេ គឺ​ត្រូវ​ហៅ​ក្លិប​របស់គេ​ទុក​ឲ្យ​គេ​ចាត់​គ្រូ ឬ​អ្នកដឹកនាំ​ក្លិប​មក​ផ្គូរ​ផ្គង ព្រោះ​គ្រូ និង​អ្នកដឹកនាំ​ក្លិប​នេះហើយ ដែល​គេ​ស្គាល់​ពី​សមត្ថភាព​កីឡាករ​របស់គេ​ច្បាស់ ថា​តើ​កីឡាករ​របស់គេ​អាចមាន​សមត្ថភាព​ប្រកួត​ជាមួយ​ដៃគូ​របស់ខ្លួន​បាន​ឬទេ​។​

​លោក​ផ្កាយ ៣ បន្តថា បន្ទាប់ពី​ផ្គូរ​ផ្គង​ហើយ​ត្រូវ​ពិនិត្យ​សុខភាព បើ​សុខភាព​មិនមាន​បញ្ហា ទើប​អាច​ទៅ​ថ្លឹង​បាន​។ លោក​បាន​ប្រាប់​ទៅ​ពេទ្យ និង​អ្នក​ថ្លឹង​ថា សូមកុំ​ចេះតែ​ហ៊ាន​។ បើ​សុខភាព​មិនល្អ​មិនត្រូវ​អនុញ្ញាត​វ៉ៃ​ដាច់ខាត ហើយ​បើ​ទម្ងន់​ខុសគ្នា​ក៏​មិនត្រូវ​ឲ្យ​វ៉ៃ​ដែរ លើកលែងតែ​អ្នកនោះ​ធ្វើ​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការកំណត់​។​

​លោក ម៉ិ​ល កាដូ អគ្គនាយករង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​សំណូមពរ​ឲ្យ​ទូរទស្សន៍ ពិសេស​ពិធីករ​កុំ​និយាយ​អ្វីដែល​លើសពី​វប្បធម៌ លើសពី​ប្រវត្តិ​ប្រដាល់​គុន​ខ្មែរ គឺ​ត្រូវ​រួមគ្នា​ថែរក្សា និង​លើកស្ទួយ​នូវ​មរតក​របស់​ខ្មែរ​មួយ​នេះ​ឲ្យ​បានល្អ​។​

​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា បាន​សំណូមពរ​ឲ្យ​ស្ថានីយទូរទស្សន៍ ដែលមាន​កម្មវិធី​ប្រដាល់​ជួយ​ដាក់​ប្រដាល់​សាកល ឲ្យ​បាន​ប្រកួត​មួយគូៗ​ផង ដោយ​លោក​ហ៊ាន​ធានាថា ពួកគេ​នឹង​វ៉ៃ​បានល្អ ព្រោះ​កីឡាប្រដាល់​សាកល​ជម្រើសជាតិ​មាន​២​ឈុត គឺ​ឈុត​ធំ និង​ឈុត​ថ្នាល ដែល​សុទ្ធតែជា​អ្នក​ប្រដាល់​មាន​សមត្ថភាព​។​

​គួរ​បញ្ជាក់ថា សព្វថ្ងៃនេះ​មានតែ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​មួយ​ប៉ុណ្ណោះ ដែល​បានរៀបចំ​ឲ្យ​មានការ​ប្រកួត​ប្រដាល់​សាកល​មួយគូៗ នៅ​យប់​ថ្ងៃអាទិត្យ ក្រៅពីនោះ​គឺ​គ្មាន​ឡើយ​។ លោក ម៉ា ស៊ី​ថេត ដែលជា​តំណាង​ក្រុមហ៊ុន CBS បាន​ទទួលយក​សំណើ​របស់​ប្រធាន​សហព័ន្ធ​ប្រដាល់​សាកល​កម្ពុជា តែ​សហព័ន្ធ​ត្រូវ​ធានា​ពី​គុណភាព​របស់​កីឡាករ​ឲ្យ​បាន​។​

​គួរ​បញ្ជាក់ថា តំណាង​ស្ថានីយទូរទស្សន៍​ទាំងអស់ បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងការ​ចាប់​គូ ព្រោះ​បន្ទាប់ពី​ចាប់​គូ​ហើយ​ដល់​ថ្ងៃ​ប្រកួត ស្រាប់តែ​លេច​អ្នក​ប្រដាល់​ផ្សេង​មក​ថ្លឹង​។ ជួនកាល​ថ្លឹង​ហើយ​អ្នកផ្សេង​មក​ប្រកួត​ក៏មានដែរ ដែល​នេះ​ជាការ​លំបាក​មួយ ព្រោះ​ទូរទស្សន៍​ត្រូវ​ផ្សាយ​ពី​គូប្រកួត​ឲ្យ​គេ​ដឹង​មុន លុះ​ថ្ងៃ​ប្រកួត​ស្រាប់តែ​លេច​អ្ន​ផ្សេង​មក​ជំនួស គឺ​មានន័យថា ទូរទស្សន៍​កុហក​អតិថិជន​របស់ខ្លួន​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​អះអាងថា លោក​នឹង​រៀបចំ​បញ្ហា​នេះ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ឡើងវិញ ព្រោះ​មិនត្រូវ​ឲ្យ​រឿង​ដដែលៗ​នេះ បន្ត​កើតមាន​ទៀតឡើយ​៕