មេ​ហែល​ទឹក​ពិភពលោក​ជាប់ឆ្នោត​ជាថ្មី​

786
ចែករម្លែក

​ភ្នំពេញ៖ លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​កំពុងតែ​ដឹកនាំ​កីឡាករ​-​កីឡាការិនី ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េស្ត និង​ចូលរួម​មហាសន្និបាត​ហែល​ទឹក​ពិភពលោក​ផង​នោះ បាន​ឲ្យ​ដឹងថា ប្រធាន​សហព័ន្ធ​កីឡាហែលទឹក ដែលជា​ជនជាតិ​អ៊ុយ​រុយ​ហ្គា​យ​នោះ បាន​ជាប់ឆ្នោត​មួយ​អាណត្តិ​ទៀតហើយ​។​

​ក្នុង​មហាសន្និបាត​នេះ មាន​ប្រទេស​ជា​សមាជិក​ចូលរួម​ចំនួន​១៦៧​ប្រទេស ហើយ​តំណាង​សហព័ន្ធ នៃ​ប្រទេស​នីមួយៗ មាន​សិទ្ធ​បោះឆ្នោត​ចំនួន ២ សន្លឹក​។ លោក Juio Maglione ដែលជា​ជនជាតិ​អ៊ុយ​រុយ​ហ្គា​យ ដែលជា​ប្រធាន​អាណត្តិ​ចាស់​បាន​ជាប់ឆ្នោត ជា​ប្រធាន​សហព័ន្ធ​ហែល​ទឹក​អន្តរជាតិ មួយ​អាណត្តិ​ទៀត ក្នុង​សំឡេង​១៨៧ ទល់​៧០​សំឡេង​។​

​លោក Husain Al Musallan ដែលជា​ជនជាតិ​គុយ​វ៉ែត ក៏បាន​ជាប់ឆ្នោត​ជា​អនុប្រធាន​ទី​១ មួយ​អាណត្តិ​ទៀត​ដែរ ក្នុងខណៈដែល​លោក Cornel Marrculescu ដែល​មកពី​ទ្វីប​អឺ​រុ​ប​នោះ ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​ជា​បន្ត​។​

​លោក គី​រី បាន​ឲ្យ​ដឹងថា សមាជិក​ប្រតិបត្តិ​សម្រាប់​អាណត្តិ​ថ្មី​នេះ មាន​មកពី​ទ្វីបអាស៊ី ២​រូប អឺ​រុ​ប ២​រូប ទ្វីបអាមេរិក​១​រូប ទ្វីបអាហ្វ្រិក ១​រូប និង​ទ្វីបអង់តាក់ទិក ១​រូប​។​

​លោក​គី​រី​បន្តថា លោក​ត្រៀមខ្លួន​ជួប​ជាមួយ​ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​ជប៉ុន និង​ប្រធាន ឬ​អគ្គលេខាធិការ​សហព័ន្ធ​ហែល​ទឹក នៃ​បណ្ដា​ប្រទេស​អាស៊ាន​មួយចំនួនទៀត ដើម្បី​សុំ​ឲ្យ​គេ​ជួយ​យើង​លើ​ផ្នែក​បច្ចេកទេស​។​

​លោក​បាន​ឲ្យ​ដឹង​បន្ថែមថា ឆ្នាំ​២០១៨​ខាងមុខនេះ កម្ពុ​ជាមាន​គម្រោង​រៀបចំ​ការប្រកួត​ហែល​ទឹក​ជើងឯក​អាស៊ីអាគ្នេយ៍ ហើយ​ប្រទេស​ថៃ និង សឹង្ហ​បូរី​បាន​ជំរុញ​ឲ្យ​កម្ពុជា ធ្វើ​ដោយ​គេ​ធានា​ចូលខ្លួន​មកជួយ​លើ​ផ្នែក​ប​ច្ចក​ទេស​៕

លោក ហែម គី​រី ជាមួយ​អនុប្រធាន​ហែល​ទឹក​ពិភពលោក (​រូប​៖ រ៉ូ​ហ្សា​)
#