មេ​ហ្គា​ន ម៉ា​កិល ៖ តារា​សម្តែង​អាមេរិក​ដែលមាន​តួនាទី​ដ៏​ប្រពៃ​មុននឹង​រៀបការ​ជាមួយ​ព្រះអង្គម្ចាស់​ហារី​

422

​នាង មេ​ហ្គា​ន ម៉ា​កិល ធ្លាប់បាន​ជួប​ការលំបាក​សម្រាប់​តួនាទី​ជាច្រើន ប៉ុន្តែ​អតីត​តារា​សម្តែង​ស្រី​សញ្ជាតិ​អាមេរិក​រូបនេះ​ឥឡូវនេះ​បាន​ឈានទៅដល់​តួនាទី​ដ៏​ធំ​បំផុត​នៃ​ជីវិត​របស់​នាង នៅពេល​នាង​ត្រៀមខ្លួន​រៀបការ​ជាមួយ​ព្រះអង្គម្ចាស់​ហារី​នៅ​ថ្ងៃ​សៅរ៍​ទី​១៩​ឧសភា​នេះ ដើម្បី​ក្លាយជា​មុខមាត់​ថ្មី​បំផុត​មួយរូប​នៅក្នុង​គ្រួសារ​រាជវង្ស​របស់​ចក្រភព​អង់គ្លេស​។​

​នៅ​អាយុ ៣៦ ឆ្នាំ​និង​ជាមួយ​អាជីព​ជោគជ័យ​បង្កើតឡើង​ដោយ​ខ្លួន​នាង មនុស្ស​តិចតួច​ណាស់​បាន​ចោទ​ជាម​ន្សិ​ល​អំពី​ការ​ដែលថា តារា​ទូរទស្សន៍​និង​សកម្មជន​មនុស្សធម៌​រូបនេះ​នឹង​ក្លាយទៅជា​សមាជិក​ដ៏​មានតម្លៃ​ក្នុង​រាជវង្ស​អង់គ្លេស​។​

​នាង​ម៉ា​កិល បានធ្វើឱ្យ​ខ្លួន​នាង​មានឈ្មោះ​ល្បី​បោះ​សំឡេង ពេល​ដើរតួ​ជា​ជំនួយការ​មេធាវី ឈ្មោះ រ៉ា​ឆែ​ល ហ្សា​ណេ (Rachel Zane) ក្នុង​រឿង “Suits” ដែលជា​រឿង​ភាគ​និយាយ​អំពី​ច្បាប់​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​នាង​ក៏បាន​ធ្វើឱ្យ​ខ្លួន​នាង​ល្បីល្បាញ​នៅ​ខាងក្រៅ​សាច់រឿង​ផងដែរ​។​

​នាង​បាន​ក្លាយជា​អ្នកតស៊ូ​មតិ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ការផ្តល់អំណាច​ដល់​ស្ត្រី​និង​ជា​ឯកអគ្គរដ្ឋទូត​សកលលោក​សម្រាប់​អង្គការ World Vision Canada ដែលជា​ទីភ្នាក់ងារ​ផ្តល់ជំនួយ​មនុស្សធម៌​។​

​អតីត​តារា​សម្តែង​ស្រី​ដែលមាន​ដើមកំណើត​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​រូបនេះ មាន​អ្នកគាំទ្រ​ជាង ២ លាន​នាក់​នៅលើ​គណនី Instagram ដែល​ទើប​បិទ​ចោល​របស់​នាង ហើយ​បាន​បង្កើត Blog អំពី​ជីវភាព​រស់នៅ​ដ៏​ជោគជ័យ​របស់​នាង មាន​ឈ្មោះថា The Tig​។​

​នាង​ម៉ា​កិល ក៏​ជា​អ្នកសរសេរ​ប្លុក​អនាមិក​នៅ​ពីក្រោយ​ទំព័រ​មួយ​ឈ្មោះថា The Working Actress ដែល​រៀបរាប់​អំពី​ការខិតខំ​ប្រឹងប្រែង​តស៊ូ​ដើម្បី​បាន​ចូល​សម្តែង​ក្នុង​ហូលីវូដ​ផងដែរ​។​

​អ្នកនិពន្ធ​របស់​រាជ​វាំង​អង់គ្លេស លោក អ៊ែន​ឌ្រូ ម័​រ​តុ​ន ដែល​សរសេរ​អំពី​ជីវប្រវត្តិ​របស់​នាង​ម៉ា​កិល បាន​និយាយថា “​នាង​ជាម​នុស្ស​ចេះ​រៀបចំខ្លួន​សមសួន មាន​វោហា​សាស្ត្រ​ពូកែ និង ចេះ​គិតគូរ​ត្រិះរិះ​ពិចារណា​”​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា «​នាង​ពូកែ​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំងណាស់ និង​ជាម​នុស្ស​ដែលមាន​មហិច្ឆតា​ខ្លាំងក្លា ហើយ​ចង់តែ​ផ្តល់​ឱ្យគេ មិនដែល​ចង់បាន​អ្វី​ពី​នរណា​ឡើយ​។ ប្រ​ហោគ​ដ៏​អស្ចារ្យ​របស់​នាង គឺ “​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​”​។ មេ​ហ្គា​ន ជា​នារី​ឆ្លាត ហើយ​នាង​ដឹង​យ៉ាងច្បាស់​អំពី​អ្វីដែល​នាង​កំពុង​ធ្វើ​»៕ ដោយ៖ កញ្ញាដាលីស

នាង​មេ​ហ្គា​ន ម៉ា​កិល នឹង​រៀបការ​ជាមួយ​ព្រះអង្គម្ចាស់​ហារី នៅ​ថ្ងៃ​សៅរ៍​នេះ