ម៉ន ញ៉​ន​៖ អតីត​ប្រធាន​យោធា​កងវរសេនាតូច​ក្លាយជា​ជាងកាត់សក់​រប​ស់ កែ ពក

2386
ចែករម្លែក
  • 286
    Shares

​ដោយ​៖ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត / ភ្នំពេញ​: ម៉ន ញ៉​ន មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ពឺ​(​ក​) ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ឪពុក​ឈ្មោះ ម៉ន (​ស្លាប់​ក្នុង​របប ប៉ុល ពត​) និង​ម្តាយ​ឈ្មោះ វី (​ស្លាប់​) ព្រមទាំង​មាន​ប្រពន្ធ​ឈ្មោះ វាត ថេ​ង និង​មានកូន​ប្រាំ​នាក់​។ ញ៉​ន រៀន​បាន​ត្រឹម​ថ្នាក់​ទី​៨​ចាស់ នៅ​សាលា​ថ្ម ក្នុងភូមិ​ស្ពឺ ប្រហែល​បួន​ឆ្នាំ ក៏​ឈប់រៀន​ដោយសារ​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច នរោត្តម សីហនុ ចេញពី​តំណែង ដោយ​សេនាប្រមុខ លន់ នល់ ក្នុង​ឆ្នាំ​១៩៧០​។ បន្ទាប់ពី ញ៉​ន ឈប់រៀន គាត់​ក៏បាន​ជួយ​ឃ្វាល​គោក្របី និង​ធ្វើស្រែ​ចម្ការ​ជំនួស​ឪពុកម្តាយ​។

​រហូតដល់​ឆ្នាំ​១៩៧៣ ញ៉​ន ត្រូវបាន​ខ្មែរក្រហម​កេណ្ឌ​ឲ្យ​ចូល​បម្រើកងទ័ព​រំដោះ (​កងទ័ព​ខ្មែរក្រហម​) ប្រសិនបើ​គាត់​មិន​យល់ព្រម​ទេ ច្បាស់​ជា​ខ្មែរក្រហម​ចាប់គាត់​ដាក់គុក​ជាមិនខាន​។ ម្យ៉ាងទៀត ញ៉​ន បាន​ចាញ់​ការឃោសនា​របស់​ខ្មែរក្រហម​ថា​នឹង​ផ្តួលរំលំ​រដ្ឋាភិបាល លន់ នល់ ហើយ​នាំ​សម្តេច នរោត្តម សីហនុ មកកាន់​អំណាច​វិញ​។ កាលណោះ ក៏មាន​ប្អូនប្រុស​របស់គាត់ ឈ្មោះ ញ៉ា​ន និង​ប្រជាជន​២០​នាក់​ផ្សេងទៀត បាន​ចូល​បម្រើ​ជា​កងទ័ព​ខ្មែរក្រហម​ដូច ញ៉​ន ដែរ​។

​មួយរយៈ​ក្រោយមក ញ៉​ន ត្រូវបាន​ថ្នាក់លើ​បញ្ជូន​ឲ្យ​ទៅ​វាយ​ជាមួយ​កងទ័ព​រដ្ឋាភិបាល លន់ នល់ ក្នុង​ខេត្តកំពង់ចាម ដោយ​មិនមាន​ការបង្ហាត់បង្រៀន ឬ​ហ្វឹកហាត់​ពី​យុទ្ធសាស្ត្រ​កងទ័ព​ពីមុនមក​ទេ​។ ដល់​ឆ្នាំ​១៩៧៤ ញ៉​ន បាន​ក្លាយជា​ប្រធាន​យោធា​នៃ​កងវរសេនាតូច​លេខ​៧១២ វរ​សេនា​ធំ​លេខ​៥៥ កងពល​ទី​១ ហើយក៏​ចូល​ជា​បក្ស​ជន​ពេញសិទ្ធិ​នៅ​ភូមិ​ចុង (​ថ្នល់កែង​) ក្នុងស្រុក​បាធាយ តាមរយៈ អឿន ជា​ប្រធាន​កងពល​។ ញ៉​ន បាន​បញ្ជាក់ថា អ្នក​ដែល​អាច​ចូល​ជា​បក្ស​ជន​ពេញសិទ្ធិ​បាន​លុះត្រាតែ​អ្នក​ទាំងនោះ​មាន​ឋានៈ តួនាទី​ចាប់ពី​ប្រធាន​អនុ​សេនា​ធំ​ឡើងទៅ​។ ក្រោយមក ញ៉​ន បានធ្វើ​សកម្មភាព​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល លន់ នល់ ដោយ​វាយ​សម្រុកចូល​តាម​ស្រុក​ឧ​ត្តុ​ង ត្រពាំងពាយ ភូមិធំ ពាម​តា​ម៉ោ​ក រហូតដល់​ទីក្រុង​ភ្នំពេញ ដោយ​ដឹកនាំ​កងទ័ព​១៥០០​នាក់​។ ញ៉​ន បានធ្វើ​សកម្ម​ទាំងនេះ​រហូតដល់​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥​។

​បន្ទាប់ពី​ខ្មែរក្រហម​ឡើងកាន់​អំណាច ញ៉​ន និង​អង្គភាព​ត្រូវបាន​ខ្មែរក្រហម​បញ្ជូន​ឲ្យ​ទៅធ្វើ​ស្រែ​នៅ​កប់​ស្រូវ​។ ប្រហែលជា​នៅ​ចុងឆ្នាំ​១៩៧៦ ញ៉​ន និង​មេបញ្ជាការ​កងអនុសេនាធំ​, វរ​សេនា​តូច​, វរ​សេនា​ធំ ទាំងអស់​នៅក្នុង​កងពល​ទី​១ ត្រូវបាន​ខ្មែរក្រហម​ចោទប្រកាន់ថា​ជា​ខ្សែ​ក្បត់​របស់ កុយ ធួន​, អឿន​, ហ៊ូ នឹម និង ហ៊ូ យន់ ។ ភ្លាមនោះ ខ្មែរក្រហម​បាន​ចាប់ ញ៉​ន ដាក់គុក​របស់​កងពល​៣១០ នៅក្បែរ​វត្តភ្នំ​។ ពេលនោះ ខ្មែរក្រហម​បានធ្វើ​ទារុណកម្ម ដោយ​វាយដំ​ទាត់​ធាក់​និង​យក​រំពាត់ខ្សែតី​វាយ ដើម្បី​សួរចម្លើយ​រក​ខ្សែរយៈ​បក្ខពួក​ក្បត់​របស់ ញ៉​ន ផ្សេងទៀត​។

​ញ៉​ន បាន​បន្តថា កាលនោះ មាន​អ្នក​ជាប់គុក​ជាច្រើន​ដែល​ត្រូវបាន​ខ្មែរក្រហម​ចោទថា​ជា​ខ្សែ​ក្បត់​បដិវត្តន៍ ហើយ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា ទៅតាម​ឋានន្តរសក្តិ​ខុសៗ​គ្នា​។ មួយខែ​ក្រោយមក ខ្មែរក្រហម​បាន​ឲ្យ​អ្នកទោស​ទាំងអស់​ងូតទឹក​សម្អាតខ្លួន​នៅ​មាត់ទន្លេ​ក្បែរ​ដើម​ពោធិ៍​ជិត​វត្តភ្នំ ហើយ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់ ញ៉​ន ក៏ដូចជា​អ្នកទោស​ផ្សេងទៀត​ក្នុងការ​រត់គេចខ្លួន​ដែរ​។ ភ្លាមៗ​នោះ ញ៉​ន និង​អ្នកទោស​ដទៃទៀត ក៏បាន​នាំគ្នា​ហែល​ទឹក​គេច​ពី​ខ្មែរក្រហម​ពី​ត្រើយ​មុខ​ព្រះបរមរាជវាំង ហើយ​បណ្តែត​ខ្លួន​ទៅតាម​ទឹក​ឆ្ពោះទៅ​ត្រើយ​ខាង​កំពង់​អុស ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល​។ ប៉ុន្តែ ជា​កុសល​ការរត់​គេចខ្លួន​នេះ​មានតែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​គេច​ផុតពី​ខ្មែរក្រហម​តាម​ចាប់ គឺមាន ញ៉​ន និង ក្តី ហើយ​ក្រៅពីនេះ អ្នក​ទាំងនោះ​ត្រូវបាន​ខ្មែរក្រហម​នាំយក​ទៅវិញ​។ ញ៉​ន បាន​បន្តថា នៅពេលដែល​គាត់​បាន​ទៅដល់​លើគោក​ភ្លាម គាត់​ក៏បាន​ដោះដូរ​នាឡិកា​របស់គាត់​ជាមួយនឹង​កង់​របស់​ប្រជាជន ដែល​រស់នៅ​ក្នុងភូមិ​កំពង់​អុស ដើម្បី​ធ្វើជា​មធ្យោបាយ​បន្តដំណើរ​ត​ទៅមុខទៀត​។

​ក្រោយមក ញ៉​ន និង ក្តី បាន​បន្តដំណើរ​ដោយ​ជិះ​កង់​ឌុប​គ្នា​ឆ្ពោះទៅ​ស្រុកកំណើត​របស់ ញ៉​ន ស្រាប់តែ​ពេលនោះ​អ្នក​ទាំងពីរ​ក៏​ប្រទះឃើញ​កងទ័ព​ទៅ​ពី​ភ្នំពេញ​មក​តាម​ចាប់​ទៀត​។ ញ៉​ន និង ក្តី ក៏បាន​ជិះ​កង់​គេចខ្លួន​បន្តទៀត​រហូត​ដល់​តាំងគោក ក្នុង​ខេត្តកំពង់ធំ (​តំបន់​៤៣) ក៏បាន​បែក​គ្នា​។ ញ៉​ន បាន​ស្នាក់នៅ​បន្លំ​ជួយ​ធ្វើស្រែ​ប្រជាជន​នៅ​តាំងគោក​មួយរយៈ​ក្រោយមក​ក៏មាន​ឱកាស​រត់គេចខ្លួន​ម្តងទៀត រួច​បាន​ភៀសខ្លួន​ទៅផ្ទះ​ជីតា​ដែលជា​ភូមិកំណើត​របស់គាត់​ដើម្បី​សុំ​ស្នាក់អាស្រ័យ​មួយរយៈ​ពេល​ខ្លី​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ខ្មែរក្រហម​បាន​ស៊ើប​ដឹងថា ញ៉​ន កំពុង​រស់នៅ​ក្នុងភូមិ​របស់ខ្លួន ក៏បាន​ចាត់តាំង​កងកម្លាំង​ជាច្រើន​នាក់​ដើម្បី​ទៅ​សាក​សួររក​ឈ្មោះ ញ៉​ន ដើម្បី​ចាប់ខ្លួន​។ ពេលនោះ ជីតា របស់ ញ៉​ន បានឮ​ដំណឹង​ថា ខ្មែរក្រហម​កំពុង​តាមរក​ចៅ​របស់គាត់ ហើយ​គាត់​ក៏បាន​ឲ្យ ញ៉​ន ទៅ​ពួន​នៅលើ​ដំបូលផ្ទះ​របស់គាត់​អស់​រយៈពេល​ប្រហែល​មួយ​សប្តាហ៍ ទើប​ខ្មែរក្រហម​វិលត្រឡប់​ទៅវិញ​។ តម​កទៀត ញ៉​ន បានសម្រេច​ចិត្ត​រត់​ភៀសខ្លួន​ទៅ​ស្រុក​បារាយណ៍ ក្នុង​ខេត្តកំពង់ធំ ដើម្បី​លាក់​ប្រវត្តិ​របស់ខ្លួន និង​ក្លែងបន្លំ​ធ្វើជា​ប្រជាជន​ធម្មតា​រស់នៅ​ទីនោះ​។ ប៉ុន្តែ មិនយូរប៉ុន្មាន ក៏​ត្រូវបាន​ខ្មែរក្រហម​ស៊ើប​ដឹង​ពី​ជីវប្រវត្តិ​របស់ ញ៉​ន ហើយ​បាន​តាម​ចាប់គាត់​បន្តទៀត​។

​រហូតដល់​ឆ្នាំ​១៩៧៧ ខ្មែរក្រហម​បាន​ចាប់ ញ៉​ន ឃុំឃាំង និង​យកទៅ​ដាក់គុក​នៅ​តាំងគោក​។ ញ៉​ន បន្ថែមថា ពេលនោះ​មាន​អ្នកទោស​ជាច្រើន ដែល​ត្រូវបាន​ខ្មែរក្រហម​ចាប់​ដាក់គុក ហើយ​បាន​សួរចម្លើយ​ទាក់ទង​នឹង​តួនាទី​របស់​អ្នកទោស​ទាំងនេះ ដោយ​ខ្មែរក្រហម​បាន​តម្រៀប​អ្នកទោស​ជា​ជួរៗ ដើម្បី​ងាយស្រួល​ក្នុងការ​សួរចម្លើយ​រក​អ្នក​ដែលមាន​ជាប់​និន្នាការ​ក្នុង​របប លន់ នល់ ឬ​អ្នក​ក្បត់​បដិវត្តន៍​ខ្មែរក្រហម​។ ប្រសិនបើ​មាន​អ្នក​ជាប់​និន្នាការ គឺ​ត្រូវ​យកទៅ​សម្លាប់ចោល​ភ្លាមៗ​តែម្តង​។ ក្នុងនោះដែរ ខ្មែរក្រហម​ក៏បាន​សួរចម្លើយ ញ៉​ន អំពី​ឋានៈ តួនាទី​របស់គាត់ ប៉ុន្តែ ញ៉​ន បាន​ឆ្លើយ​កុហកថា គាត់​គឺជា​យុទ្ធជន​ធម្មតា​ម្នាក់ គ្មាន​មុខតំណែង ឬ​ឋានៈ​តួនាទី​អ្វី​ទេ​។ ញ៉​ន បាន​បញ្ជាក់ថា គាត់​ជាប់គុក​នៅ​ទីនោះ​អស់​រយៈពេល​បី​ខែ ហើយ​ក្នុង​រយៈពេល​នោះ​គាត់​បាន​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​ខ្មែរក្រហម រហូតដល់​ខ្មែរក្រហម​ជឿជាក់ថា​គាត់​គ្មាន​ជាប់​និន្នាការ​ក្នុង​របប​ណាមួយ ឬ​គ្មាន​ជាប់​ពាក់​ព័ន្ធខ្សែ​ក្បត់​បដិវត្តន៍ ទើប​គណៈ​ស្រុក​តាំងគោក បានសម្រេច​ចិត្ត​បញ្ជូន ញ៉​ន ឲ្យ​ទៅ​ស្រុកកំណើត​វិញ ក្នុងស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

​ញ៉​ន បានមក​រស់នៅ​ក្នុងស្រុក​កំណើត​របស់គាត់​វិញ និង​ធ្វើការ​ដូចជា​ប្រជាជន​ដទៃទៀត​ដែរ ដោយមាន​តួនាទី​ជាជាង​ដំ​ដែក​ធ្វើ​កាំបិត ឬ​ពូថៅ​ជាដើម​។ មួយឆ្នាំ​ក្រោយមក ញ៉​ន ក៏បាន​ក្លាយជា​ជាងកាត់សក់ ដោយ​ពុំ​ធ្លាប់បាន​រៀន​ពីមុនមក​។ ញ៉​ន បញ្ជាក់ថា ក្នុង​រយៈពេល​នោះ ភូមិកំណើត​របស់គាត់​ត្រូវបាន​ខាង​និរតី​មកកាន់​កាប់​ស្ទើរតែ​ទាំងស្រុង​។ ចាប់តាំងពី​ពេលនោះ​មក ញ៉​ន ក៏​សង្កេតឃើញថា ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ស្រុក​របស់គាត់ និង​ប្រជាជន​ដែល​ជម្លៀស​មកពី​ភូមិភាគ​បូព៌ា ត្រូវបាន​ខាង​ពួក​និរតី និង​ក្រុម​របស់ កែ ពក យកទៅ​សម្លាប់ចោល​ជារឿយៗ ដោយមាន​ប្រជាជន​ខ្លះ​ត្រូវបាន​យកទៅ​សម្លាប់​នៅ​ម្តុំ​ថ្នល់បំបែក ហើយ​អ្នក​ខ្លះទៀត​ត្រូវបាន​សម្លាប់​ក្នុងភូមិ​នេះ​ផ្ទាល់​។

​ញ៉​ន បានបញ្ជាក់​ឲ្យ​ដឹងថា មូលហេតុ​ដែល​គាត់​បានដឹង​ពី​ការសម្លាប់​នេះ ដោយសារតែ​ខ្មែរក្រហម​បាន​យក​ឡាន​មក​ដឹក​គាត់​ទៅ​កាត់សក់​ឲ្យ កែ ពក លេខា​ភូមិភាគ​ឧ​ត្ត​រ (​ភូមិភាគ​កណ្តាល​) នៅ​ម្តុំ​ថ្នល់បំបែក ទើប​គាត់​បានដឹង​ពី​ការសម្លាប់​ទាំងនេះ​។ នៅពេលដែល ញ៉​ន កំពុង​កាត់សក់​ឲ្យ កែ ពក ស្រាប់តែ​ឃើញ​ខ្មែរក្រហម​នាំ​ប្រជាជន​មក​សម្លាប់ នៅ​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​ពី​គាត់​ប៉ុណ្ណោះ​។ ញ៉​ន បន្ថែមថា ខណៈពេលដែល​ខ្មែរក្រហម​មក​ដឹក​គាត់​ទៅ​កាត់សក់​ឲ្យ កែ ពក និង​ឈ្មោះ អឿន លេខា​តំបន់​៤២ (​អឿន ត្រូវជា​ប្អូនថ្លៃ​របស់ កែ ពក​) នោះ ញ៉​ន ត្រូវបាន​ខ្មែរក្រហម​ចង​រុំ​ភ្នែក​ដោយ​ក្រណាត់​ខ្មៅ ដើម្បី​បញ្ចៀស​ពី​ការ​ស្គាល់ផ្លូវ​ទៅ​កន្លែង​របស់ កែ ពក​។ មិនតែប៉ុណ្ណោះ ពេលដែល ញ៉​ន ទៅដល់​កន្លែង កែ ពក ភ្លាម ក៏មាន​ខ្មែរក្រហម​មក​សាកសួរ ញ៉​ន ថា តើ​ទីនេះ​ជា​កន្លែង​ណា ហើយ​មក​តាមផ្លូវ​ណា​? ពេលនោះ ញ៉​ន បាន​ឆ្លើយថា គាត់​មិន​ចាំ​ថា​មក​តាមផ្លូវ​ណា ហើយក៏​មិនដឹងថា​ទីនេះ​ជា​កន្លែង​ណា​ដែរ​។ ទោះបីជា ញ៉​ន បានដឹង ឬ​ស្គាល់ផ្លូវ​ក៏ដោយ ក៏​គាត់​មិនអាច​ប្រាប់​ត្រង់​បានឡើយ ប្រសិនបើ​ប្រាប់​បែបនេះ ច្បាស់​ជា​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​ជាមិនខាន ព្រោះ​ខ្មែរក្រហម​យល់ថា នេះ​ជា​រឿង​សម្ងាត់​មិនអាច​ឲ្យ​បែកការណ៍​បានឡើយ​។​

​ញ៉​ន បានធ្វើ​ជាជាង​កាត់សក់​ឲ្យ កែ ពក​, អឿន និង​កម្មាភិបាល​ផ្សេងទៀត​រហូតដល់​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​គាត់​ក៏​មិនបាន​ទៅ​រស់នៅ​កន្លែង​ណា​ផ្សេងទៀត​ដែរ ក្រៅពី​ភូមិកំណើត​របស់គាត់​៕ ល​