ម៉ន សា​ម៉េ​ត ជួប​ជាមួយ បាន់ ដា​សាក់ ឯ ស៊ឹម វណ្ណ​ដេ​ត ជួប យុក ដាំ​

1329
ចែករម្លែក
​ម៉ន សា​ម៉េ​ត និង បាន់ ដា​សាក់ (​រូប​៖ រ៉ូ​ហ្សា​)

​ភ្នំពេញ​: លើស​ង្វៀន​ខា​រ៉ា​បាវ​រសៀល​ថ្ងៃទី​១២​សីហា អ្នក​ប្រដាល់​កម្ពុជា ម៉ន សា​ម៉េ​ត ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ បាន់ ដា​សាក់ (Ban daSak) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ជួប​ប្រកួត​គ្នា​ហើយ​នេះ ក៏​ជាការ​ប្រកួត​មួយ​ដែល​គេ​ជឿថា វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​។​

​តាមពិត​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្ដង​ហើយ ហើយ​គេ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​កម្ពុជា គង់ ហ៊ូ​វ ដោយ​ពិន្ទុ ទាំង​មិន​អស់ចិត្ត​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ចលនា​វ៉ៃ​រហ័សរហួន​ណាស់ មិនតែប៉ុណ្ណោះ​ការ​វ៉ៃ​ចេញ​របស់គេ​លឿន និង​ភ្លាមៗ​គេ​ចល័ត​ថយក្រោយ​បាន​រហ័ស​។​

​ស៊ឹម វណ្ណ​ដេ​ត និង យុក ដាំ (​រូប​៖ រ៉ូ​ហ្សា​)

​ជាមួយនឹង​របៀបការ​ពារ​ល្អ​នោះ ការ​វ៉ៃ​ចេញ​របស់គេ​ក៏​ធ្ងន់​ដែរ​។ បាន់ ដា​សាក់ គេ​វ៉ៃ​មិន​ឆេវឆាវ​ឡើយ ហើយ​គេ​ក៏​មិន​វ៉ៃ​ប្ដូរ​កែង ឬ​កណ្ដាប់ដៃ​ជាមួយ​គូប្រកួត តាមរបៀប​ផ្សងព្រេង​នោះដែរ​។​

​អ្នក​ប្រដាល់​កម្ពុជា ម៉ន សា​ម៉េ​ត វិញ​គេ​មាន​ច​រឹក​ឆេវឆាវ​បន្តិច មិនតែប៉ុណ្ណោះ​គេ​ចូលចិត្ត​វាយ​បន្ថែម​លើក​គូប្រកួត ក្នុងខណៈដែល​គូប្រកួត​ដួល ឬ​អាជ្ញាកណ្ដាល​ឃាត់​បំបែក​ទៅហើយនោះ​។ ៣​ទឹក​ដំបូង សា​ម៉េ​ត គេ​វ៉ៃ​បានល្អ​ណាស់​ហើយក៏​ជា ៣​ទឹក​ដែល​គេ​វ៉ៃ​ដោយ​មិន​សំចៃ​កម្លាំង​ដែរ ព្រោះ​គេ​ត្រូវការ​ផ្ដួល​គូប្រកួត​ឲ្យ​បាន​រហ័ស តែបើ​គូប្រកួត​មិន​ដួល​ទេ នោះ​កម្លាំង​របស់គេ​ដាប​ចុះ​តែម្ដង​។​

​បាន់ ដា​សាក់ មិនមែនជា​សាច់​លើ​ជ្រញ់​ដែល​សម្រាប់​សា​ម៉េ​ត​ខាំ​ទំពារ​បាន​ស្រួល​នោះទេ​។ ចាំមើល​ជ័យជំនះ ជា​របស់ ម៉ន សា​ម៉េ​ត ឬ បាន់ ដា​សាក់​?

​អ្នកខ្លាំង​ជើង​ថ្មី ស៊ឹម វណ្ណ​ដេ​ត ក្លិប​និរោធ​ន៍​មានជ័យ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ដែល​ទើប​មក​ថ្មី​ឈ្មោះ យុក ដាំ (Youk Dam) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។​

​វណ្ណ​ដេ​ត មួយរយៈ​នេះ គេ​បាន​ក្លាយជា​អ្នក​ប្រដាល់​ដែល​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ គេ​មិនសូវ​ជា​អស្ចារ្យ​នោះទេ តែបើ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ភាគច្រើន​គេ​វាយ​គូប្រកួត​ឲ្យ​សន្លប់​ទៀតផង​។ កែង កណ្ដាប់ដៃ ជង្គង់ និង​កម្លាំង គឺជា​របស់​របស់​ដែល​គេ​ប្រើ​សម្រាប់​យកឈ្នះ​គូប្រកួត​។

​ចំពោះ យុក ដាំ មិនមាន​នរណា​ស្គាល់​នោះទេ តែ​លោក​ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​អ្នក​ប្រដាល់​ថៃ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ និយាយ​ឲ្យ​ដឹងថា គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​នឹង ស៊ឹម វណ្ណ​ដេ​ត ដែរ​ទេ​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ខ្លាំង​?៕L ដោយ​: រ៉ូ​ហ្សា​