ម៉ន សា​ម៉េ​ត ជួប ផាត ងិន​ថង ក្នុងពេលដែល​ខ្លា​ចាស់ លួ​ន សុខ​ខេង បង្ហាញមុខ​ជាថ្មី​

848
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អ្នក​ប្រដាល់ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍​ដែល​ជីវិត​ប្រដាល់​របស់គេ​ហាក់ដូចជា លិច អណ្ដែត​មិន​ទៀងទាត់​នោះ នៅ​ព្រឹក​ថ្ងៃទី​១៧​មិថុនា​នេះ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ផាត ងិន​ថង (Phat Ngin Thong) លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ សា​ម៉េ​ត ជា​អ្នក​ប្រដាល់​ចិត្តធំ និង​ក្លាហាន​មួយរូប​តែ​អ្នក​ប្រដាល់​រូបនេះ ចូលចិត្ត​វាយ​បន្ថែម​លើ​គូប្រកួត នៅពេល​គូប្រកួត​ដួល ឬ​បន្ទាប់​អាជ្ញាកណ្ដាល​ឃាត់​ទៅហើយនោះ​។ មិនតែប៉ុណ្ណោះ គេ​ក៏​ពូកែ​ស៊ី​ឡាក​គ្រាន់បើ​ដែរ​។​

​អ្នក​ប្រដាល់​រូបនេះ បន្ទាប់ពី​តស៊ូ​៣​ទឹក​ហើយ​នោះ កម្លាំង​របស់គេ​ស្រុតចុះ​តែម្ដង តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​គេ​នៅ​អាច​ទ្រាំទ្រ​រហូត​ចប់​ទឹក​ទី​៥​បាន​។ សា​ម៉េ​ត មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៥​ដង ឈ្នះ​១០០​ដង ចាញ់​៣០​ដង និង​ស្មើ​ពិន្ទុ​៥​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ផាត ងិន​ថង វិញ​គេ​ស្សា​ហ៍​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ណាស់​។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​តស៊ូ​៥​ទឹកជា​មួយគូ​ប្រកួត​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ជាមួយ សា​ម៉េ​ត ដែរ​។ ផាត ងិន​ថង​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​ដង ឈ្នះ​៦៣​ដង ចាញ់​១៤​ដង​។​

​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ គេ​ជឿថា នឹង​ប្រកួត​គ្នា ៥​ទឹក​ពេញ​ជាមិនខាន​។ នរណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ​?

​អ្នក​ប្រដាល់​ជើងចាស់ លួ​ន សុខ​ខេង ក្លិប​ពុទ្ធ​សេរី​វង្ស ដែល​លាឈប់​ពី​ពិភព​ប្រដាល់​ជាច្រើន​ឆ្នាំ​មកហើយ​នោះ បាន​វិល​មកកាន់​ការប្រកួត​វិញ ដោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ធី តុង​ហ៊ី ដែលជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​របស់ សុខ​ខេង ទេ​។​

​ពួកគេ​ទាំង​២​មិនមែនជា​អ្នក​ប្រដាល់ ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នោះទេ គេ​គ្រាន់តែ​ធ្លាប់​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ តែ​គេ​មិនដែល​ដណ្ដើមបាន​ខ្សែក្រវាត់​ឡើយ​។ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នោះ គេ​ជឿថា តុង​ហ៊ី ទំនងជា​មានសំណាង​ក្នុងការ​ដណ្ដើម​ជ័យជំនះ​ច្រើនជាង​ហើយ​។​

​ឡៅ រតនា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។ តាំង សីហា ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សុខ វីរៈ ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ តឺ​ន តាំ ក្លិប​អមតៈ​គុន​ខ្មែរ​ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង ផាន់​ណា ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​៕ ល​

#