ម៉ន សា​ម៉េ​ត និង ធន អៀង​ឡៃ នរណា​ម្ចាស់​ពាន ?

328
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញៈ នៅ​ថ្ងៃទី​២៣ កុម្ភៈ ខាងមុខនេះ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ទម្ងន់ ៥៧ គីឡូក្រាម ឈានដល់​ការប្រកួត វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ។​

​អ្នក​ប្រដាល់ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី ធន អៀង​ឡៃ សមាគម​ប្រដាល់ ក្រសួងការពារជាតិ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ មួយ​ព្រឹត្តិការណ៍​នេះ គេ​មិនទាន់​ស្គាល់​ចាញ់​ដូចគ្នា តែ​ការប្រកួត​មួយ​នេះ គឺជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ ហេតុនេះ ក្នុងចំណោម អ្នក​មិនទាន់​ស្គាល់​ចាញ់ ទាំង​២​រូបនេះ នឹងមាន​ម្នាក់​ស្គាល់​ចាញ់ និង ម្នាក់​ជា​អ្នក​មិន​ធ្លាប់​ចាញ់ ពេញ​មួយ​ព្រឹត្តិការណ៍​នេះ ។​

ធន អៀង​ឡៃ និង ម៉ន សា​ម៉េ​ត

៤ ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះ របស់ ធន អៀង​ឡៃ គឺ​ឈ្នះ អេ​រ៉ា​វ៉ាន់ ចាន់​រាជ ក្លិប​កុសល​កីឡា ដោយ​ពិន្ទុ ឈ្នះ​សេក គឹម​សាន្ត ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប នៅ​ទឹក​ទី​១ ឈ្នះ​សិស្ស​ច្បង​របស់គេ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ ២ ដោយ​ពិន្ទុ និង វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ផ្ដួល​ជើង​ខ្លាំង បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក នៅ​ទឹក​ទី​១ ។​

​ចំពោះ សា​ម៉េ​ត វិញ ៤ ប្រកួត​របស់គេ ដំបូង​ឈ្នះ ឯម សុធី ក្លិប​ថ្មគោល ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ពិន្ទុ ឈ្នះ​សិស្ស​រួម​គ្រូ រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក នៅ​ទឹក​ទី​២ ឈ្នះ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ពិន្ទុ និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឈ្នះ គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ដោយ​ពិន្ទុ ។​

​នេះ​គឺជា​ការប្រកួត​ដ៏​តឹងតែង​មួយ ដែល​ទាំងសងខាង សុទ្ធតែ​ខិតខំ ដើម្បី​ក្លាយជា​ម្ចាស់​ពាន ដែលមាន​រង្វាន់​អម​ចំនួន ៤.០០០​ដុល្លារ ។ រីឯ​អ្នកចាញ់ បាន ២.០០០ ដុល្លារ ។ ធន អៀង​ឡៃ និង ម៉ន សា​ម៉េ​ត នរណា​ម្ចាស់​ពានរង្វាន់ ។​

​បឺត សង្ឃឹម និង គួ​ន ប៊ុន​ហ៊ីម​

​ចំពោះ​គូប្រកួត​គ្នា ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ វិញ​នោះ បឺត សង្ឃឹម ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវ​ប្រជែង​ជាមួយ គួ​ន ប៊ុន​ហ៊ីម ក្លិប​ព​ន្ល​សាមគ្គី ខេត្តបាត់ដំបង​។ សម្រាប់​អ្នក​ប្រដាល់ ទាំង​២​រូបនេះ នរណា​ប្រជែង​បាន តំណែង​លេខ​៣ នឹងមាន​ប្រាក់រង្វាន់​អម ចំនួន ១.០០០ ដុល្លារ ចំពោះ​អ្នកចាញ់​បាន ៧០០ ដុល្លារ​។​

​គូប្រកួត​ជា​មិត្តភាព អន្តរជាតិ​អម​វិញ​នោះ ជូ សុ​ជៀប ខេត្ត​បន្តា​យ​មានជ័យ ប្រកួត​ជាមួយ​ជើង​ខ្លាំង វ័យក្មេង​ថៃ គៀង កៃ (Keang Kai) ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ។​

​ហ៊ឹម បូរី ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត តា​ចាស់ (Yorth Tachas) ។ អ្នក​ប្រដាល់ ទាំង​២​រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

​ហ៊ឹម សេរី និង យ៉​ត តា​ចាស់​
#