ម៉ាកាវ ៖ លើសពីឡាសវេហ្គាស់ “អាស៊ី”

827
ចែករម្លែក

ម៉ាកាវបានក្លាយជាតំបន់រដ្ឋបាលពិសេសមួយនៅក្នុងប្រទេសចិនចាប់តាំងពីក្រុងនេះត្រូវបានព័រទុយហ្គាល់ប្រគល់ឱ្យចិនដីគោកវិញក្នុងឆ្នាំ ១៩៩៩។

នៅក្រោមគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ម៉ាកាវបានរក្សាទុកនូវប្រព័ន្ធមូលធននិយមនិងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនដីគោក។

ម៉ាកាវមានរូបិយវត្ថុ រដ្ឋាភិបាល តុលាការ និង ប៉ូលិសផ្ទាល់ខ្លួន។

ទោះបីម៉ាកាវនៅតែជាសេដ្ឋកិច្ចមូលធននិយម ក៏ប៉ុន្តែសេដ្ឋកិច្ចម៉ាកាវមិនមែនជាគំរូសេដ្ឋកិច្ចដែលមិនអាចជ្រៀតជ្រែកបាននោះទេ។ ដោយមានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលកណ្តាល រដ្ឋាភិបាលម៉ាកាវបានខិតខំបើកទ្វារសេដ្ឋកិច្ចបណ្តុះបណ្តាលប្រជាជននិងជំរុញលើកស្ទួយអត្ថប្រយោជន៍សង្គម។

បន្ទាប់ពីប្រគល់ឱ្យមកមាតុភូមិវិញ ទីកន្លែងនេះកាន់តែមានស្តុកស្តម្ភទៅៗ។

កាលពីឆ្នាំមុន ផលិតផលក្នុងស្រុកសរុបរបស់ម៉ាកាវមានប្រហែល ៥៤ ពាន់លានដុល្លារអាម៉េរិក។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានចំនួនជាង ៨០.០០០ ដុល្លារអាម៉េរិក។

យោងតាមអង្គការ ​​IMF ក្នុងឆ្នាំ ២០២០ ម៉ាកាវនឹងក្លាយជាកន្លែងដែលមានជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែមហិច្ឆតារបស់ម៉ាកាវគឺលើសពី “ឡាសវេហ្គាសអាស៊ី”។

  • ចក្ខុវិស័យដ៏អង់អាចក្លាហាន

ម៉ាកាវចង់ក្លាយជាទីក្រុងរមណីយដ្ឋានល្អដាច់គេ។ ម៉ាកាវចង់បង្កើតមនុស្សមានទេពកោសល្យច្រើននាក់និងបច្ចេកវិជ្ជាទំនើប។ ម៉ាកាវចង់តភ្ជាប់ចិននិងអឺរ៉ុប។ ហើយអ្វីដែលសំខាន់បំផុតគឺម៉ាកាវចង់ក្លាយជាទីក្រុងចិនដែលទទួលបានជោគជ័យបំផុត។

ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ម៉ាកាវបានរីកចម្រើនលូតលាស់ក្រោមគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ”។ ម៉ាកាវបានអនុម័តច្បាប់សន្តិសុខជាតិ ម៉ាកាវមាន “អ្នកស្នេហាជាតិ” នៅក្នុងមុខតំណែងដឹកនាំ ហើយម៉ាកាវច្រៀងចម្រៀងជាតិចិនដោយមោទនភាព។ ម៉ាកាវធ្វើពិធីអបអរបុណ្យណូអែលជាមួយប៉េកាំង។

ប្រជាជននៅម៉ាកាវដឹងថាជោគវាសនារបស់ពួកគេត្រូវបានផ្លាស់ប្តូរដោយភូមិសាស្ត្រនិងប្រវត្តិសាស្រ្តរបស់ពួកគេ។ ហើយពួកគេចង់ទាញប្រយោជន៍ចេញពីវា។

ភាពស្តុកស្តម្ភ ទីប្រមូលផ្តុំដោយមនុស្សចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោក ទីកន្លែងលេងកម្សាន្តសម្រាប់ពួកអ្នកមាន។ ទាំងនេះគឺជាកេរ្តិ៍ឈ្មោះដ៏ពេញនិយមរបស់ម៉ាកាវ ដែលជាតំបន់រដ្ឋបាលពិសេស (MSAR) របស់ចិន ព្រមទាំងខេត្តក្បែរខាង ក្វាងទុង និងហុងហុង។

ម្ភៃឆ្នាំបន្ទាប់ពីអតីតដែនដីព័រទុយហ្គាល់នេះបានត្រឡប់មកក្រោមការគ្រប់គ្រងរបស់ចិនវិញក្រោមគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ម៉ាកាវបានឃើញកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពជាមួយនឹងគុណភាពជីវិតកម្រិតខ្ពស់សម្រាប់ប្រជាជនរបស់ខ្លួនខណៈរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គមរវាងសហគមន៍ផ្សេងៗគ្នា។

ផលិតផលក្នុងស្រុកសរុបរបស់ម៉ាកាវបានកើនឡើងពី ៥១,៩ ពាន់លានប៉ាតាកា (៦,៤៤ ពាន់លានដុល្លារ) ក្នុងឆ្នាំ ១៩៩៩ ដល់ ៤៤៤,៧ ពាន់លានប៉ាតាកា (៥៥,២ ពាន់លានដុល្លារ) នៅឆ្នាំ ២០១៨។ ទឹកដីដែលគ្របដណ្តប់លើផ្ទៃដីសរុប ៣០,៨ គីឡូម៉ែត្រក្រឡានេះមានប្រជាជន ៦៧២.០០០ នាក់ និង ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ គឺ ៨៦.៣៥៥ ដុល្លារអាម៉េរិកកាលពីឆ្នាំមុន ដែលធ្វើឱ្យម៉ាកាវក្លាយជាសេដ្ឋកិច្ចលំដាប់ទី ២ លើពិភពលោកគិតលើផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់។

ទ្រព្យសម្បត្តិរបស់ម៉ាកាវ ដែលបីភាគបួនគឺបានមកពីប្រាក់ចំណូលល្បែងស៊ីសង់ បានធ្វើឱ្យក្រុងនេះក្លាយជារដ្ឋធានីល្បែងនៅអាស៊ី ដែលគេស្គាល់ថា “ឡាសវេហ្គាសនៃអាស៊ីបូព៌ា”។ ពួកអ្នកមានកាលីបលើជាច្រើននាក់បានចូលមកលេងល្បែងក្នុងកាស៊ីណូធំៗក្នុងទីក្រុងម៉ាកាវ ដោយជួយជំរុញកំណើនភ្ញៀវទេសចរចូលមកទស្សនានិងការលក់រាយ។

ប៉ុន្តែចិនជឿថាម៉ាកាវមានអ្វីត្រូវផ្តល់ជូនលើសពីកាស៊ីណូ។ ផែនការរយៈពេល ៥ ឆ្នាំលើកទី ១៣ របស់ចិនបានគាំទ្រដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះរបស់ម៉ាកាវនិងសង្កត់ធ្ងន់លើតួនាទីរបស់ម៉ាកាវជាមជ្ឈមណ្ឌលទេសចរណ៍និងការកម្សាន្តលំដាប់ថ្នាក់ពិភពលោកក៏ដូចជាវេទិកាសេវាកម្មកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងធុរកិច្ចរវាងចិននិងបណ្តាប្រទេសនិយាយភាសាព័រទុយហ្គាល់។

  • មជ្ឈមណ្ឌលប្រវត្តិសាស្ត្ររបស់ម៉ាកាវ

ច្រកផ្លូវចេញចូលទៅកាន់ប្រទេសនិយាយភាសាព័រទុយហ្គាល់។

ម៉ាកាវគឺជាអាណានិគមទីមួយនិងចុងក្រោយបង្អស់របស់អឺរ៉ុបនៅក្នុងប្រទេសចិន។ ឥទ្ធិពលអឺរ៉ុបគឺអាចមើលឃើញជាក់ស្តែងនៅកណ្តាលក្រុង ដែលពោរពេញទៅដោយអគារសម័យអាណានិគមនិងផ្លូវថ្នល់ក្រាលដុំឥដ្ឋ។

អស់រយៈពេលជាង ៤ សតវត្សរ៍មកនេះ ម៉ាកាវបានរក្សានូវទំនាក់ទំនងវប្បធម៌និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនិយាយភាសាព័រទុយហ្គាល់និងប្រទេសអឺរ៉ុបដទៃទៀត ដោយរឹតបង្កើនអត្តសញ្ញាណពិសេសរបស់ម៉ាកាវ។ ភាសាព័រទុយហ្គាល់គឺជាភាសាផ្លូវការរបស់ម៉ាកាវរួមជាមួយភាសាចិនកាតាំង។

លោក ល្វីស សាឡេស ម៉ាកេស ប្រធានវិទ្យាស្ថានសិក្សាអឺរ៉ុបនៃម៉ាកាវ (IEEM) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន LUSA របស់ព័រទុយហ្គាល់ថា “វប្បធម៌ម៉ាកាវភាគច្រើនគឺមានដើមកំណើតពីព័រទុយហ្គាល់និងមកពីតំបន់ភាគខាងត្បូងប្រទេសចិននេះ ព្រមទាំងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍”។

លោកម៉ាកេស ជនជាតិព័រទុយហ្គាល់ ដែលកើតនិងធំធាត់នៅម៉ាកាវនិងបម្រើការជាអភិបាលក្រុងពីឆ្នាំ ១៩៩៣ ដល់ ២០០១ បាននិយាយថា “ឥទ្ធិពលទាំងអស់នេះ និមិត្តរូបទាំងអស់នេះ បានបង្កើតវប្បធម៌មួយជាមួយនឹងអត្តសញ្ញាណផ្ទាល់របស់ម៉ាកាវ”។

ប្រជាជននៅម៉ាកាវ ដែលមួយភាគបួននៃប្រជាជនកាន់លិខិតឆ្លងដែនព័រទុយហ្គាល់ មានគុណសម្បត្តិពិសេសក្នុងការផ្សារភ្ជាប់ប្រទេសចិននិងពិភពនិយាយភាសាព័រទុយហ្គាល់ រួមមានប្រទេសព័រទុយហ្គាល់នៅទ្វីបអឺរ៉ុប ប្រេស៊ីលនៅទ្វីបអាម៉េរិកខាងត្បូង ទីម័រខាងកើតនៅអាស៊ីអាគ្នេយ៍ និង ប្រទេសអង់ហ្គោឡា ប្រទេសកាបវែរ ប្រទេសហ្គីណេប៊ីសសូ និង ប្រទេសម៉ូសំប៊ិកនៅទ្វីបអាហ្វ្រិក។

នៅខែវិច្ឆិកាឆ្នាំ ១៩៩៩ គឺមួយខែមុនការផ្ទេរម៉ាកាវមកចិន គណៈកម្មការអឺរ៉ុបបានអនុម័តច្បាប់ប្រាស្រ័យទាក់ទងមួយ ដែលមានចំណងជើងថា “សហភាពអឺរ៉ុបនិងម៉ាកាវ ៖ ហួសពីឆ្នាំ ២០០០”។ ច្បាប់នេះទទួលស្គាល់ថា គោលការណ៍ដែលមានចែងនៅក្នុងច្បាប់មូលដ្ឋានរបស់ម៉ាកាវនិងការអនុវត្តពេញលេញនៃគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ធានានូវអត្តសញ្ញាណសង្គមសេដ្ឋកិច្ចនិងវប្បធម៌ជាក់លាក់របស់ម៉ាកាវ។

ក្នុងឆ្នាំ ២០១៨ សហភាពអឺរ៉ុបគឺជាប្រភពនាំចូលធំលំដាប់ទី ២ របស់ម៉ាកាវបន្ទាប់ពីចិនដីគោក ដែលស្មើនឹង ២៥ ភាគរយនៃការនាំចូលសរុបរបស់ម៉ាកាវ។ ទោះយ៉ាងណា ការនាំចេញរបស់ម៉ាកាវតិចជាង ១,៧ ភាគរយគឺឆ្ពោះទៅកាន់អឺរ៉ុប ដោយធ្វើឱ្យសហភាពអឺរ៉ុបមានអតិរេកពាណិជ្ជកម្មយូរអង្វែង។ ខណៈតម្រូវការសម្រាប់ការនាំចូលបន្តកើនឡើង ម៉ាកាវគឺជាឱកាសធ្វើអាជីវកម្មដ៏ធំសម្រាប់អឺរ៉ុបនិងប្រទេសផ្សេងទៀត។

  • ម៉ាកាវមានវប្បធម៌រស់រវើកគួបផ្សំជាមួយឥទ្ធិពលចិននិងអឺរ៉ុប

ក្នុងនាមជាកំពង់ផែឥតគិតថ្លៃនិងតំបន់ពន្ធឯករាជ្យដែលយកពន្ធលើប្រាក់ចំណេញសាជីវកម្មទាប តួនាទីរបស់ម៉ាកាវជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងធុរកិច្ចបានទទួលការទទួលស្គាល់កាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចាត់ថ្នាក់ប្រព័ន្ធពាណិជ្ជកម្មនិងវិនិយោគរបស់ម៉ាកាវជាប្រព័ន្ធបើកចំហបំផុតនៅក្នុងពិភពលោក។

យោងតាមសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចឆ្នាំ ២០១៩ ដែលបោះពុម្ពផ្សាយដោយអង្គការ The Heritage Foundation ម៉ាកាវបានជាប់ចំណាត់ថ្នាក់លេខ ៣៤ ក្នុងចំណោមប្រទេស ១៨០ នៅលើពិភពលោក និងលេខ ៩ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕ ដោយ៖កញ្ញាដាលីស

ក្រុងម៉ាកាវ