ម៉ាក​ហ្គ្រេ​ហ្គ័​រ សារភាព​ទោសកំហុស​ដើម្បី​បញ្ចៀស​ការជាប់គុក​

804
ចែករម្លែក

​កំពូល​តារា​ក្បាច់គុន​ចម្រុះ​ជនជាតិ​អៀរ​ឡង់ ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ បាន​សារភាព​ទោសកំហុស​នៅក្នុង​តុលាការ​ព្រហ្មទណ្ឌ​ប្រូ​ក​គ្លី​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​កក្កដា​ចំពោះ​ការប្រព្រឹត្ត​មិន​សមរម្យ ដែលជា​កិច្ចព្រមព្រៀង​មួយ​អនុញ្ញាតឱ្យ​គាត់​ជៀស​ផុតពី​ការជាប់គុក​ក្នុង​ជម្លោះ​វាយតប់​មួយ​នៅ​ញូវយ៉ក​។​

​អ្នក​ប្រដាល់​ក្នុង​ទ្រុង​វ័យ ៣០ ឆ្នាំ​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​វាយតប់​និង​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ករណី​ទៀត បន្ទាប់ពី​វាយប្រហារ​លើ​រថយន្តក្រុង​ដែល​ដឹក​សុទ្ធតែ​អ្នក​ប្រដាល់​ក្របខ័ណ្ឌ UFC នៅ​សង្វៀន Barclays Center កាលពី​ខែមេសា​។​

​ការវាយប្រហារ​ដ៏​កម្រោល​នេះ​បាន​បណ្តាលឱ្យ​អ្នក​ប្រដាល់​ក្នុង​ទ្រុង​២​នាក់​រងរបួស​។​

​ម៉ាក​ហ្គ្រេ​ហ្គ័​របា​ន​សារភាពថា​មាន​ពិរុទ្ធភាព​ចំពោះ​ការចោទប្រកាន់​ទាំងឡាយ​អំពី​ការប្រព្រឹត្តិ​ខុសឆ្គង​ក្នុងការ​បង្ហាញមុខ​នៅ​តុលាការ ហើយ​ត្រូវបាន​ផ្តន្ទាទោស​ឱ្យធ្វើ​ការងារ​សហគមន៍ ៥ ថ្ងៃ និង​ចូលរួម​កម្មវិធី​គ្រប់គ្រង​កំហឹង​។ រាល់​បទឧក្រិដ្ឋ​ទាំងអស់​ត្រូវបាន​ទម្លាក់ចោល​។​

​ប៉ុន្តែ​ម៉ាក​ហ្គ្រេ​ហ្គ័​រ​ត្រូវបំពេញ​តាម “​បង្គាប់​នៃ​ការការពារ​” គឺ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស ៣ នាក់​៕ ដោយ៖ កញ្ញាដាលីស

ម៉ាក​ហ្គ្រេ​ហ្គ័​រ​នឹងត្រូវ​ធ្វើការ​ងារ​សហគម​ន៍ ៥ ថ្ងៃ និង​ចូលរួម​កម្មវិធី​គ្រប់គ្រង​កំហឹង