ម៉ាក ហ្សា​ក់​ឃើ​បឺ​ក នឹង​ប្រឹងប្រែង​មិនឱ្យ​មានការ​រំលោភ​លើ​សេចក្តីទុកចិត្ត​ទៀត​ទេ បន្ទាប់ពី​រឿងអាស្រូវ​លួច​ទិន្នន័យ​

1183
ចែករម្លែក

​ប្រធាន​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក បាន​បំបែក​ភាព​ស្ងៀមស្ងាត់​របស់គាត់​កាលពី​ថ្ងៃ​ពុធ​ទី​២១​មីនា​អំពី​រឿងអាស្រូវ​ទិន្នន័យ ដែល​ធ្វើឱ្យ​រង្គោះរង្គើ​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​មួយ​នេះ ដោយ​ទទួលស្គាល់​នូវ​កំហុសឆ្គង​នានា ដែល​នាំទៅដល់ “​ការរំលោភ​លើ​សេចក្តីទុកចិត្ត​” ជាមួយ​អ្នកប្រើប្រាស់​ចំនួន ២ ពាន់​លាន​នាក់​របស់ខ្លួន និង​បាន​សន្យាថា​ប្រឹងប្រែង​ឆ្ពោះទៅមុខ​បន្ថែមទៀត​។​

​នៅក្នុង​សេចក្តីអធិប្បាយ​ជា​សាធារណៈ​ជា​លើកដំបូង​របស់គាត់​អំពី​ការរិះគន់​ជុំវិញ​ការប្រមូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ៥០ លាន​នាក់​ដោយ​ក្រុមហ៊ុន​អង់គ្លេស​មួយ ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​យុទ្ធនាការ​បោះឆ្នោត ២០១៦ របស់លោក​ដូ​ណា​ល់ ត្រាំ លោក​ហ្សា​ក់​ឃើ​បឺ​កបាន​ប្រាប់​អ្នកប្រើប្រាស់ Facebook ថា​ក្រុមហ៊ុន​មានការ​ទទួលខុសត្រូវ​ក្នុងការ​ការពារ​ទិន្នន័យ​របស់​អ្នក​ទាំងអស់គ្នា​។​

​គាត់​បាន​សរសេរ​នៅលើ​ទំព័រ Facebook របស់គាត់​ថា “​ប្រសិនបើ​យើង​មិនអាច​ធ្វើ​បានទេ យើង​មិន​សម​នឹង​បម្រើ​អ្នក​ទេ​។ ខ្ញុំ​កំពុងធ្វើការ​ដើម្បី​ស្វែងយល់​ច្បាស់លាស់​អំពី​អ្វីដែល​បានកើត​ឡើង និង​របៀប​ធ្វើឱ្យ​ប្រាកដថា រឿងនេះ​នឹងមិន​កើតឡើង​ម្តងទៀត​”​។​

​សម្តី​របស់លោក​ហ្សា​ក់​ឃើ​បឺ​កកើតឡើង បន្ទាប់ពី​ភាគហ៊ុន​របស់​ក្រុមហ៊ុន Facebook ធ្លាក់ចុះ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ហើយ​ការអំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ត្រូវបាន​ធ្វើឡើង​នៅ​ផ្នែក​ទាំងសងខាង​នៃ​ប្រទេស​ជាប់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​នេះ​។​

​សរសេរ​នៅ​ទំព័រ Facebook របស់គាត់ ហ្សា​ក់​ឃើ​បឺ​ក​និយាយថា “​ចំណាត់ការ​ដ៏​សំខាន់បំផុត​ដើម្បី​ទប់ស្កាត់​រឿងនេះ​កុំឱ្យ​កើតឡើង​ជាថ្មី​ម្តងទៀត​នៅថ្ងៃនេះ យើង​បានធ្វើ​រួចទៅហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ ប៉ុន្តែ​យើង​ក៏បាន​ធ្វើឱ្យមាន​កំហុស​ដែរ​។ មាន​កិច្ចការ​ច្រើន​ទៀត​ត្រូវធ្វើ ហើយ​យើង​ចាំបាច់​ត្រូវ​បង្កើន​ការប្រឹងប្រែង​និង​ធ្វើ​វា​ឱ្យបាន​”​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អង់គ្លេស Cambridge Analytica បានទទួល​ទិន្នន័យ​ពី​មនុស្ស​រាប់លាន​នាក់​ពី​កម្មវិធី​ទូរស័ព្ទ (App) ដែល​បង្កើតឡើង​ដោយ​អ្នកស្រាវជ្រាវ ឈ្មោះ អា​ឡិ​កសាន់​ឌ័​រ កូ​ហ្គា​ន (Aleksandr Kogan) ដែល​ត្រូវបាន​ទាញយក​ដោយ​អ្នក​ប្រើ Facebook រាប់ពាន់នាក់ ប៉ុន្តែ​ក៏​លួច​ទាញយក​ព័ត៌មាន​ពី​មិត្តភក្តិ​របស់​ពួក​អ្នកប្រើប្រាស់​ទាំងនោះ​ផងដែរ​។​

​លោក​ហ្សា​ក់​ឃើ​បឺ​ក​សរសេរថា “​នេះ​គឺជា​ការរំលោភ​លើ​សេចក្តីទុកចិត្ត​រវាង​លោ​កកូ​ហ្គា​ន ក្រុមហ៊ុន Cambridge Analytica និង ក្រុមហ៊ុន Facebook​។ ប៉ុន្តែ​វា​ក៏​ជាការ​រំលោភ​លើ​សេចក្តីទុកចិត្ត​រវាង​ក្រុមហ៊ុន Facebook និង​មនុស្ស ដែល​ចែករំលែក​ទិន្នន័យ​របស់​ពួកគេ​ជាមួយ​យើង​ដែរ ហើយ​រំពឹងថា​យើង​នឹង​ការពារ​វា​។ យើង​នឹង​ដោះស្រាយ​រឿងនេះ​ឱ្យបាន​”៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក