ម៉ាត់​ធី​ស​សេ ត្រៀមខ្លួន​ជាស្រេច​ដើម្បី​វាយ​ដាក់​ខ្សែក្រវាត់​ជាមួយ​ប៉ាក​គី​អៅ​

1156
ចែករម្លែក
  • 6
    Shares

​អ្នក​ប្រដាល់​អា​ហ្ស​ង់​ទីន លូ​កាស ម៉ាត់​ធី​ស​សេ ដែលជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក​ក្របខ័ណ្ឌ WBA ត្រៀមខ្លួន​រួចជាស្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​កក្កដា​ដើម្បី​ប្រកួត​ជាមួយ​វីរបុរស​ហ្វីលីពីន មែន​នី ប៉ាក​គី​អៅ ខណៈដែល​កីឡាករ​ទាំង​២​រូបនេះ​នឹងត្រូវ​ប្រកួត​គ្នា​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​នៅ​ថ្ងៃអាទិត្យ ទី​១៥ កក្កដា​។​

​ម៉ាត់​ធី​ស​សេ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​តាមរយៈ​អ្នកបកប្រែ​ថា “​ប៉ាក​គី​អៅ​ជា​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ជួប​គាត់ ប៉ុន្តែ​គាត់​មិនទាន់បាន​ជួប​ជាមួយ​ម៉ាស៊ីន (​សំដៅលើ​ខ្លួន​គាត់​) នៅឡើយ​ទេ​”​។​

​ដោយមាន​រហស្សនាម​ថា “​ម៉ាស៊ីន​” ម៉ាត់​ធី​ស​សេ អាយុ ៣៥ ឆ្នាំ អាច​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ៣៦ ដង​ក្នុងចំណោម​ជ័យជម្នះ ៣៩ លើក និង ចាញ់ ៤ ដង​។ ម៉ាត់​ធី​ស​សេ​និយាយថា គាត់​មាន​ទំនុកចិត្ត​ក្នុងការ​ការពារ​ខ្សែក្រវាត់​របស់គាត់​។​

​ប៉ាក​គី​អៅ អាយុ ៣៩ ឆ្នាំ​ដែលជា​សមាជិក​ព្រឹទ្ធសភា​នៅ​ហ្វីលីពីន​ផងដែរ​នោះ មិនបាន​ចូលរួម​ប្រកួត​ក្នុង​សង្វៀន​នោះទេ​ចាប់តាំងពី​គាត់​បាន​បាត់បង់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBO ឱ្យទៅ​អ្នក​ប្រដាល់​អូស្ត្រាលី ជេ​ហ្វ ហន កាលពី​ខែកក្កដា​។ រូបគេ​មានបំណង​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម WBA ពី​ម៉ាត់​ធី​ស​សេ លើក​នេះ​ឱ្យបាន​។​

​ចំណែក​ប៉ាក​គី​អៅ​វិញ​ក៏​ផ្តល់​ការគោរព​ដល់​គូប្រជែង​របស់គាត់​ផងដែរ ដោយ​និយាយថា ការប្រកួត​របស់​ពួកគេ​នៅ​ថ្ងៃអាទិត្យ​នឹង​បង្កើត “​សកម្មភាព​ច្រើន​នៅក្នុង​សង្វៀន​”​។​

​អ្នក​ប្រដាល់​ហ្វីលីពីន​រូបនេះ​ធ្លាប់​ប្រកួត​ឈ្នះ ៥៩ ដង ស្មើ ២ ដង និង​ចាញ់ ៧ ដង​ក្នុង​អាជីព​ដ៏​ជោគជ័យ​រយៈពេល ២៣ ឆ្នាំ​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ម៉ាត់​ធី​ស​សេ និង​ប៉ាក​គី​អៅ នឹង​ប្រកួត​នៅ​គូ​ឡា​ឡាំ​ពួ​នៅ​ថ្ងៃអាទិត្យ​ខាងមុខ
#