ម៉ាស៊ីនបូមទឹក​នៅ​ស្ថានីយ៍​ទួល​សំពៅ​មាន​សមត្ថភាព​មូ​ប​ទឹកបាន​២០​ម៉ែត្រគុប​ក្នុង​១​វិនាទី​

119
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​ភ្នំពេញ​៖​ដោយ​ការយកចិត្តទុកដាក់​ពី​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ឱ្យមាន​ការសាងសង់​ដោយ​បំពាក់​ម៉ាស៊ីនបូមទឹក​បន្ថែម​នៅ​ស្ថានីយ៍​បូមទឹក​ទួល​សំពៅ​ដែល​ស្ថានីយ៍​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹក​ចេញពី​ភាគ​ខាងលិច​ឈាង​ខាងជើង​រាជធានី​ភ្នំពេញ​និង​នៅ​តំបន់​ជុំវិញ​។​

​ពាក់ព័ន្ធ​ការងារ​នេះ​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៧​កញ្ញា​២០១៩​នេះ​ថា​គិត​មកដល់​ថ្ងៃនេះ​ការសាងសង់​ដោយ​បំពាក់​ម៉ាស៊ីនបូមទឹក​បន្ថែម​នៅ​ស្ថានីយ៍​បូមទឹក​ទួល​សំពៅ អនុវត្តន៍​ការងារ​បាន​មួយចំនួនធំ​ហើយ​។​ក្នុងនោះ​រួមមាន ការងារ​តួ​អគារ​ស្ថា​នី​យ៏​សម្រេចបាន​៦០​ភាគរយ (​នឹង​ចាក់​បេតុង​ប្លង់​សេ​លើ ក្នុង​អាទិត្យ​ក្រោយ​) ។

​ការងារ​ផ្លូវទឹក​ចេញ​បាន​ចប់​១០០​ភាគរយ​។​ទុយោ​ដែក​ផលិត​ចប់​១០០​ភាគរយ​និង​បាន​ដឹកជញ្ជូន​មកដល់​ឃ្លាំង​។​ម៉ូ​ទ័​រ​ទូរបញ្ជា​ផលិត​ចប់​១០០​ភាគរយ​និង​កំពុង​រៀបចំ​ដឹកជញ្ជូន​មក​បំពាក់​។​សម្រាប់​ការងារ​ទាំងមូល​គិត​មកដល់​ថ្ងៃនេះ​សម្រេចបាន​៧៥​ភាគរយ​ហើយ​។​លោក​សាំ​ពិសិដ្ឋ​បានបញ្ជាក់​ផងដែរ​ថា ចំពោះ​សមត្ថភាព​នៃ​ស្ថានីយ​បូមទឹក​ទួល​សំពៅ​សម្រាប់​ម៉ូ​ទ័​រ​ចាស់​ចំនួន​៣​គ្រឿង​មានមុខ​កាត់​៨​តឹក​ដែល​បាន​សាងសង់ឡើង​ក្នុងអំឡុងពេល​លោក​កែប​ជុតិមា​ជា​អភិបាល​រាជធានី​គឺអាច​បូមទឹក​បាន​៨​ម៉ែត្រគុប​ក្នុង​មួយ​វិនាទី​។​

​តែ​សម្រាប់​ម៉ូ​ទ័​រ​ដែល​បំពាក់​បន្ថែមចំនួន​៤​គ្រឿង​នេះ​ម៉ូ​ទ័​រ​នីមួយៗ​មានមុខ​កាត់​ទំហំ​១​ម៉ែត្រ​ដែល​អាច​បូមទឹក​បាន​១២​ម៉ែត្រគុប​ក្នុង​មួយ​វិនាទី​មានន័យថា​ក្រោយពី​ការស្ថាបនា​ស្ថានីយ​ទាំងមូល​ត្រូវបាន​បញ្ចប់​នោះ​វា​នឹងមាន​សមត្ថភាព​អាច​បូម​ទឹកបាន​រហូតដល់​២០​ម៉ែត្រគុប​ក្នុង​មួយ​វិនាទី ។​

​លោក​ប្រធាន​បានបញ្ជាក់​ទៀតថា​៖​ស្ថានីយ​បូមទឹក​ទួល​សំពៅ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹក​ចេញពី​ខណ្ឌ​៣​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ខណ្ឌ​កំបូល​និង​មួយផ្នែក​ទៀត​នៅ​ខណ្ឌ​សែន​សុខ ពិសេស​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​និង​តំបន់​ជុំវិញ​។​

​គួរ​បញ្ជាក់ថា ៖​នៅ​រាជធានី​ភ្នំពេញ​របស់​យើង​មកដល់​បច្ចុប្បន្ននេះ​មាន​ស្ថានីយ​បូមទឹក​ទាំងថ្មី ទាំងចាស់​ចំនួន​១៤​កន្លែង​ដើម្បី​ប្រតិបត្តិ​ការបូមទឹក​ចេញពី​ក្នុង​រាជធានី​ភ្នំពេញ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដង​ដែល​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​មិន​ទទួល​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​យូរ​ដូច​បណ្ដា​ឆ្នាំមុនៗ​ទៀត​ទេ​។​

​ក្នុងចំណោម​ស្ថានីយ​បូមទឹក​១៤​កន្លែង​នេះ​មាន​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង​ដូចជា​ស្ថានីយ​បូមទឹក​ព្រះ​ពន្លា​នៅ​ខណ្ឌ​ច្បារអំពៅ​ស្ថានីយ​បូមទឹក​បុរី​១០០​ខ្នង​នៅ​ខណ្ឌ​សែន​សុខ​ស្ថានីយ​បូម​ទឹកលូ​៥​នៅ​ខណ្ឌមានជ័យ​និង​ស្ថានីយ៍​បូមទឹក​ទួល​សំពៅ​ដែល​កំពុង​ស្ថាបនា​បន្ថែម​នេះឯង​៕S/

#