ម៉ាស៊ីន​ស្កែ​ន​រាងកាយ​មនុស្ស​តម្លៃ​ជាង​២៦​ម៉ឺន​ដុល្លារ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​មន្ទីរពេទ្យ​ខេត្ត​

354

(​ស្ទឹងត្រែង​): ជា​លើកដំបូង​ហើយ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​ចាប់ផ្តើម​មាន​ម៉ាស៊ីន​ស្កែ​ន​រាងកាយ​មនុស្ស ដែលមាន​តម្លៃ រហូតដល់​ទៅ ជាង​២៦​ម៉ឺន​ដុល្លារ​។ អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ចូលរួម​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុង​មន្ទីរពេទ្យ​រដ្ឋ​កាលពី​ថ្ងៃ​ទី​២៥​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក ស៊ុយ សុភាព​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​បាន​និយាយថា​ម៉ាស៊ីន​សម្រាប់​ស្កែ​ន​ពិនិត្យ​លើ​រាយ​កាយ​របស់​មនុស្ស​គឺជា​ម៉ាស៊ីន​ប្រភេទ Revolution ACTs​ជា​បច្ចេកទេស​ទំនើប​អាច​ពិនិត្យ​រាងកាយ​ដូចជា​ក្បាល ទ្រូង ពោះ​ឆ្អឹងខ្នង ឆ្អឹងត្រគាក​សន្លាក់​ផ្សេងៗ​ទៀត​។ ចាប់ពីពេលនេះ តទៅ​ម៉ាស៊ីន​ស្កែ​ន CT SCANER ពិតជា​នឹង​បង្កលក្ខណៈ​ងាយស្រួល សម្រាប់​ពលរដ្ឋ​ទូទៅ​ក្នុង​ស្ទឹងត្រែង និង​ខេត្ត​ប៉ែក​ឦសាន​នេះ​។​

លោក អ៊ុង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានលើកឡើង​ផងដែរ​ថា ក្រោយពី​មាន​ម៉ាស៊ីន សម្រាប់​ស្កែ​ន​រាងកាយ មនុស្ស​យើង​ហើយ ក៏​អាចជួយ​សម្រួល​ដល់​ក្រុម​គ្រួ​ពេទ្យ ដើម្បី​វិនិច្ឆ័យ​រោគ​និង​ព្យាបាល​ជំងឺ​បាន​ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​

​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​មានមតិ​ផ្តាំផ្ញើ​ចំពោះ​ក្រុមហ៊ុន​និង​មន្ទីរពេទ្យ​ខេត្ត​ក្នុង​ពិធី​សម្ពោធ កាលពី​ថ្ងៃទី​២៥​សីហា​ថា សូមមេត្តា​ក្រុម​ហ៊ុ ន​និង​ខាង​មន្ទីរពេទ្យ កុំ​យក​ថ្លៃ​សេវា​ពី​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ក្រីក្រ​ចូលទៅ​ពិនិត្យ​ជំងឺ​នោះ​អី​។ ដោយឡែក​តម្លៃ​សេវាសាធារណៈ ចូល​ព្យាបាល​ជំងឺ ត្រូវតែ​បិទ​ប្រកាស​ឱ្យបាន​ត្រឹមត្រូវ​ដើម្បីឱ្យ​ពលរដ្ឋ​បានដឹង​។​

​គួរ​បញ្ជាក់ថា ម៉ាស៊ីន​ស្កែ​នរាយ​កាយ​របស់​ក្រុមហ៊ុន KVSP INVESMENT.Coltd ក្នុងស្រុក​មកពី​ខេត្តកំពង់ចាម បាន​សហការ​ជាមួយ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង ដើម្បី​ដាក់​ដំណើរការ​ស្កែ​ន​ពិនិត្យ​រោគ​ជំងឺ នៃ​រាងកាយ​មនុស្ស​យើង​៕L ដោយៈ សុខុម