ម៉ាស​មុខ​និង​ថ្នាំ​ភ្នែក​កំពុង​មាន​តំរូវការ​ខ្ពស់​នៅ​ម៉ាឡេស៊ី​

372
ចែករម្លែក

​ទឹក​ថ្នាំ​បន្តក់​ភ្នែក ថ្នាំ​គ្រាប់​បំបាត់​ការឈឺ​ក តឹង​ច្រមុះ​និង​ថ្នាំ​ប្រឆាំង​អាល់​លែ​ហ្ស៊ី កំពុង​មាន​តំរូវការ​ខ្ពស់ នៅពេល​ប្រជាជន​ព្យាយាម​ទប់ស្កាត់​ផល​អាក្រក់​បណ្តាលមកពី​ផ្សែង​អ័ព្ទ​​ជាហេតុ​នាំ​អោយ​ឱសថស្ថាន​ជាច្រើន​រីករាយ​នឹង​ការ​លក់ដាច់​មិន​រំពឹង​ទុក​ជាមុន​។​

​អ្នកជំនួយការ​ឱសថ​ស្ថាន ហ្វ៊ុង ប៉េ​ប៉េ បាន​និយាយថា អតិថិជន​ជា​ច្រើន​បាន​មក​ទិញ​ថ្នាក់​ដំណក់​ដើម្បី​ដាក់​ភ្នែក​របស់​គេ​ដែល​ស្ងួត​ផ្សារ​។​«​យើង​ក៏​មាន​អតិថិជន​ជា​ច្រើន​មក​​ទិញ​ថ្នាំ​ឈឺ​ក និង​យើង​បាន​ណែនាំ​អោយ​ពួកគេ​ផឹកទឹក​អោយបាន​ច្រើន ហើយ​ក៏​ចែក​ម៉ា​សមុខ​ដល់​អតិថិជន​របស់​យើង​ផង​ដែរ​»​។​

​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក សមាជិក​សភា​ជា​ច្រើន​បាន​មាន​វត្តមាន​នៅ​តាម​សាលារៀន​និង​ទីផ្សារ​ដើម្បី​ចែក​ម៉ា​សមុខ ជំនួស​អោយ​រដ្ឋាភិបាល​។​

​ប្រឈម​នឹង​ផ្សែង​អ័ព្ទ​ដ៏​គ្រោះថ្នាក់​នេះ អនុរដ្ឋមន្ត្រី​ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន​និង​ការប្រែប្រួល​អាកាសធាតុ​ម៉ាឡេស៊ី និយាយថា ការបា​ច​សារធាតុ​គីមី​បង្កើត​ពពក​​និង​ទឹកភ្លៀង​ប្រយុទ្ធ​នឹង​ផ្សែង​អ័ព្ទ​នឹង​ត្រូវ​អនុវត្ត​នៅក្នុង​រដ្ឋ​សេឡា​ហ្គ័​រ និង​ផ្នែក​នៃ​ឧបទ្វីប​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា​។​

​នៅ​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​គេ​ចោទ​ថា​ជា​ប្រភព​នៃ​ផ្សែង​នៅ​ប្រទេសជិតខាង​ចំនួន​យ៉ាងតិច​ចំនួន​៣ កាលពី​ថ្ងៃ​សៅរ៍ បាន​ប្តេជ្ញា​ចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​ក្រុមហ៊ុន​ណា​ពាក់​​ព័ន្ធ​ការដុត​ព្រៃ​នៅ​ពេល​អាជ្ញាធរ​បិទ​មិនអោយ​ធ្វើ​ចំការ​កាន់តែ​ច្រើន​ខណៈ​ផ្សែង​កាន់តែ​អាក្រក់​ឡើង​នៅក្នុង​តំបន់​។​

​បើ​តាម​សារព័ត៌មាន អាជ្ញាធរ​បាន​បិទ​ការ​ធ្វើ​ចំការ​របស់​ក្រុមហ៊ុន​៤២ ដែល​ដី​របស់​ក្រុមហ៊ុន​ទាំងនេះ​មាន​ភ្លើងព្រៃ ។​ការបិទ​ខ្ទប់​នេះ​ប៉ះពាល់​ផ្ទៃ​ដី​ជាង​៦០០០​ហិច​តា​៕ដោយ៖វាសនា

ទេសចរណ៍​មើល​ចេញពី​ប៉ម​ភ្លោះ​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​ក្នុងអំឡុងពេល​ទីក្រុង​ស្ថិតក្នុង​ផ្សែង​អ័ព្ទ​កាលពី​ថ្ងៃ​១៣​កញ្ញា​