ម៉ាឡេស៊ីកំពុងស៊ើបអង្កេតមនុស្សរាប់សិបនាក់ពីបទចែកចាយព័ត៌មានមិនពិតអំពីវីរុសកូរ៉ូណា

144
ចែករម្លែក

ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃសុក្រទី២១កុម្ភៈថា ម៉ាឡេស៊ីកំពុងធ្វើការស៊ើបអង្កេតលើមនុស្សចំនួន ២៧ នាក់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីវីរុសកូរ៉ូណា ខណៈរដ្ឋាភិបាលទូទាំងអាស៊ីកំពុងបង្ក្រាបលើការអះអាងមិនពិតអំពីមេរោគឆ្លងនេះ។

មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សជាង ២.២០០ នាក់និងឆ្លងទៅមនុស្សជាង ៧៥.០០០ នាក់ដែលភាគច្រើននៅក្នុងប្រទេសចិន ហើយបានរាលដាលដល់ប្រទេសនិងដែនដីរាប់សិបរួមទាំងម៉ាឡេស៊ី កន្លែងដែលមានករណីចំនួន ២២ ត្រូវបានបញ្ជាក់។

មេរោគនេះបានបង្កឱ្យមានការផ្ទុះឡើងនូវព័ត៌មានមិនពិតតាមអ៊ីនធឺណេត រាប់ចាប់ពីការបំប៉ោងអំពីចំនួនអ្នកស្លាប់រហូតដល់ពាក្យចចាមអារ៉ាមអំពីវ៉ាក់សាំងនិងវីឌីអូស៊ុបប្រចៀវបោកប្រាស់ជាច្រើន។

បណ្តាប្រទេសនៅអាស៊ីមួយចំនួនបានចាប់ខ្លួនមនុស្សជាច្រើនជុំវិញការសាយភាពពាក្យភូតកុហកហើយនៅសប្តាហ៍នេះប្រទេសសិង្ហបុរីបានបញ្ជាឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទផេកប្រឆាំងរដ្ឋាភិបាល ដែលសិង្ហបុរីនិយាយថាកំពុងជម្រុញផ្សព្វផ្សាយព័ត៌មានមិនពិតអំពីភ្នាក់ងារបង្ករោគកូរ៉ូណា។

មន្ត្រីនៃក្រសួងគមនាគមន៍និងទីស្តីការរបស់នាយករដ្ឋមន្រ្តីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្នុងចំណោមមនុស្ស ២៧ នាក់ដែលកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅក្នុងប្រទេសម៉ាឡេស៊ី មាន ៤ នាក់ត្រូវបានចោទប្រកាន់នៅក្នុងតុលាការ ហើយមនុស្ស ៤ នាក់ផ្សេងទៀតរំពឹងត្រូវចោទប្រកាន់នៅថ្ងៃសុក្រនេះ។

មិនមានព័ត៌មានលម្អិតអំពីព័ត៌មានមិនពិត ដែលពួកគេត្រូវបានចោទប្រកាន់ថា បានផ្សព្វផ្សាយនោះទេ។ ក្រុមមន្រ្តីបានព្រមានថា ការបង្ក្រាបកាន់តែទូលំទូលាយទៀតគ្រោងនឹងធ្វើឆាប់ៗ៕ ដោយ៖ កញ្ញាដាលីស

មនុស្ស ២៧ នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទផ្សាយព័ត៌មានមិនពិតអំពីវីរុសកូរ៉ូណាក្នុងប្រទេសម៉ាឡេស៊ី