ម៉ាឡេស៊ី​កំពុង​សុំឱ្យ​បញ្ចុះតម្លៃ​ឱ្យ​ខ្លាំង​បន្តិច​ក្នុង​គម្រោង​ត​ភ្ជាប់​ផ្លូវដែក​គាំទ្រ​ដោយ​ចិន​តម្លៃ ២០ ពាន់​លាន​ដុល្លារ​

804
ចែករម្លែក

​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​កក្កដា​ថា​គម្រោង​ត​ភ្ជាប់​ផ្លូវដែក​គាំទ្រ​ដោយ​ចិន​អាច​សម្រេច​ទៅបាន​ទាល់តែ​បញ្ចុះតម្លៃ “​ឱ្យបាន​ខ្លាំង​បន្តិច​” ពី​សំណាក់​ក្រុមហ៊ុន​អ្នកម៉ៅការ​ចិន ខណៈដែល​ការចំណាយ​ពិតប្រាកដ​នៃ​ការវិនិយោគ​នេះ​មាន​ចំនួន ៨១ ពាន់​លាន​រីង​ហ្គី​ត (២០ ពាន់​លាន​ដុល្លារ​) ។​

​បណ្តាញ​ផ្លូវដែក​ឆ្នេរ​ខាងកើត​ប្រវែង ៦៨៨ គីឡូម៉ែត្រ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គំនិត​ផ្តួចផ្តើម​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចិន​ហៅថា “​ក្រវាត់​មួយ​ផ្លូវ​មួយ​” នៅក្នុង​តំបន់​។ វា​នឹង​ត​ភ្ជាប់​ឆ្នេរ​ភាគ​ខាងលិច​ម៉ាឡេស៊ី​ទៅកាន់​រដ្ឋ​ភាគ​ខាងកើត​។ គម្រោង​នេះ​ត្រូវ​បានផ្តល់​ហិរញ្ញប្បទាន​ធំ​ដោយ​ចិន​ហើយ​កិច្ចសន្យា​សំខាន់​នេះ​ត្រូវបាន​ប្រគល់​ឱ្យទៅ​ក្រុមហ៊ុន​សំណង់​ទូរគមនាគមន៍​ចិន ឬ CCCC ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ ដែល​ចាញ់ឆ្នោត​កាលពី​ថ្ងៃទី ៩ ខែឧសភា​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក លឹម គួ​ន​អេង បាន​និយាយថា ការចំណាយ​ចុងក្រោយ​របស់​គម្រោង​នេះ ដែល​ខ្ពស់ជាង​ការប៉ាន់ប្រមាណ​ពី​រដ្ឋាភិបាល​មុន​ជិត ៥០ ភាគរយ គឺ​រាប់បញ្ចូល​ទាំង​ការទិញ​ដីធ្លី ការប្រាក់ កម្រៃជើងសារ និង​ថ្លៃ​ប្រតិបត្តិការ​ផ្សេងៗ​។​

​លោក​លីម​បាន​និយាយថា “​យើង​រំពឹងថា គម្រោង ECRL អាចធ្វើ​ទៅបាន​តាម​លទ្ធ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច ទាល់តែ​មានការ​បញ្ចុះតម្លៃ​យ៉ាងគំហុក​ពី​សំណាក់​ក្រុមហ៊ុន CCCC ។ កិច្ចពិភាក្សា​ស្តីពី​ការចំណាយ​លើ​គម្រោង​នឹងត្រូវ​ធ្វើឡើង​ជាមួយ​ភាគី​ដែល​ជាប់កិច្ចសន្យា និង​អ្នក​ដទៃទៀត​ដែល​ពាក់ព័ន្ធ​នៅក្នុង​គម្រោង​នេះ​” ។

​លោក​លីម​បាន​និយាយថា​រដ្ឋាភិបាល​បានផ្តល់​ការទូទាត់​ជាមុន​ចំនួន ១០ ពាន់​លាន​រីង​ហ្គី​ត (២,៥ ពាន់​លាន​ដុល្លារ​) និង ៩,៦៧ ពាន់​លាន​រីង​ហ្គី​ត (២,៤ ពាន់​លាន​ដុល្លារ​) ជាការ​ទូទាត់​បណ្តាក់​។ លោក​បាន​បន្ថែមថា ការទូទាត់​ជាមុន​អាច​សុំ​យកមក​វិញ​បាន ក្នុងករណី “​សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត​ណាមួយ​” ប្រសិនបើ​គម្រោង​នេះ​ត្រូវបាន​ដកហូត​វិញ​។​

​រដ្ឋាភិបាល​ថ្មី​របស់​ម៉ាឡេស៊ី​បាន​លុបចោល​គម្រោង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ដោយសារ​វា​ថ្លៃ​ខ្លាំងពេក​ហើយ​កំពុង​ពិនិត្យមើល​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ផ្សេងទៀត​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន​។ ការកាត់បន្ថយ​ចំណាយបាន​កើតឡើង​បន្ទាប់ពី​មន្ត្រី​បាន​បង្ហាញថា បំណុល​ជាតិ​បាន​កើនឡើង​យ៉ាងខ្លាំង ដែល​មួយផ្នែក​គឺ​ដោយសារតែ​អំពើពុករលួយ​ក្រោម​ការគ្រប់គ្រង​របស់លោក​ណា​ជីប​។​

​លោក​ណា​ជីប​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពីបទ​លួច​លុយ​រដ្ឋ​និង​លាង​លុយ​នៅ​ធនាគារ​វិនិយោគ​របស់​រដ្ឋ 1MDB និង​ត្រូវបាន​រារាំង​មិនឱ្យ​ចាក​ចេញពី​ប្រទេស​៕ ដោយ៖ កញ្ញាដាលីស

ម៉ាឡេស៊ី​សុំ​ក្រុមហ៊ុន CCCC បញ្ចុះតម្លៃ​ឱ្យបាន​ច្រើន​បន្តិចទៀត​លើ​គម្រោង​សង់​ផ្លូវដែក​តម្លៃ ២០ ពាន់​លាន​ដុល្លារ