ម៉ាឡេស៊ី​គាំទ្រ​Huawei និង​ព្រមាន​អំពី​ការប៉ះទង្គិច​រវាង​ចិន​និង​អាម៉េរិក​

713
ចែករម្លែក

​ម៉ាឡេស៊ី នឹង​បន្ត​ប្រើ​ផលិតផល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​Huawei អោយបាន​ច្រើន​តាម​លទ្ធភាព​អាចធ្វើ​បាន​ដែល​វា​ផ្ទុយ​ពី​និន្នាការ​ពិភពលោក​ដោយសារ​តែ​ការព្រួយបារម្ភ​​អំពី​សន្តិសុខ​និង​បំរាម​របស់​អាម៉េរិក​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​, នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ឧសភា​។​

​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ថ្លែង​នៅក្នុង​សន្និសីទ​មួយ​នៅ​ក្រុង​តូ​ក្យូ បាន​ទទួល​ស្គាល់​អំពី​ការព្រួយបារម្ភ​អំពី​សន្តិសុខ តែ​បាន​និយាយថា​លោក​នឹង​មិន​រារាំង​ម៉ាឡេស៊ី​ទេ​។​

​មេដឹកនាំ​វ័យ​៩៣​ឆ្នាំ​រូប​នេះ​បាន​និយាយថា​«​បាទ អាច​មាន​ចារកម្ម​ខ្លះ តែ​មាន​អ្វី​ត្រូវ​ឈ្លប​យក​ការ​នៅ​ម៉ាឡេស៊ី​?​។​យើង​ជា​សៀវភៅ​បើកចំហ​មួយ​»​។​

​លោក​ថា Huawei​មាន​លទ្ធភាព​ចូល​សិក្សា​ស្រាវជ្រាវ​ធំ​ជាង​អ្វី​ដែល​ម៉ាឡេស៊ី​មាន​ទាំងមូល​។​ដូច្នេះ យើង​ព្យាយាម​ប្រើ​បច្ចេកវិទ្យា​របស់​វា​ជា​ប្រយោជន៍​អោយបាន​ច្រើន​តាម​អាចធ្វើ​​ទៅបាន​។​គ្រប់​គ្នា​ដឹង បើ​ប្រទេស​ណាមួយ​ចង់​ឈ្លានពាន​ប្រទេស​ម៉ាឡេស៊ី គេ​អាច​ដើរ​ចូល​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​យើង​មិន​ជំទាស់​ទេ​ព្រោះ​វា​នឹង​ជាការ​ចំណាយ​ពេល​ឥតប្រយោជន៍​»​។​

​ការលើកឡើង​របស់​លោក​កើត​ឡើង​ក្រោយ​ពី​មាន​បញ្ហា​ប្រទាំង​ប្រទើស​បន្តបន្ទាប់​អំពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​នេះ ដែល​រង​ការចោទប្រកាន់​ថា​ធ្វើ​ចារកម្ម​និង​ប្រឈម​បំរាម​​អាម៉េរិក​។​

​ប្រទេស​មួយចំនួន​បាន​រាំងខ្ទប់​Huawei មិន​អោយ​ធ្វើការ​ជាមួយ​បណ្តា​ចល័ត​របស់គេ ហើយ​ក្រុមហ៊ុន​ជាច្រើន​បាន​ដកខ្លួន​ពី​ក្រុមហ៊ុន​នេះ​ក្រោយ​អាម៉េរិក​ចេញ​បំរាម​។​វា​បាន​កើត​​ឡើង​ចំពេល​អាម៉េរិក​និង​ចិន​បង្កើន​ពន្ធ​សងសឹក​គ្នា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​។​

​មហា​ធៀ ក៏​បាន​ព្រមាន​អំពី​ការប្រើ​វោហា​ស័ព្ទ​វាយប្រហារ​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​នៅពេល​មហាអំណាច​ទាំងពីរ​ក៏​កំពុង​ឈ្លោះ​គ្នា​រឿង​សមុទ្រ​ចិន​ខាងត្បូង​។​​លោក​បាន​និយាយថា អាម៉េរិក​និង​លោកខាងលិច​ត្រូវ​ទទួលស្គាល់ថា បណ្តា​ប្រទេស​អាស៊ី​ឥឡូវ​ក៏​ផលិត​ចេញ​ផលិតផល​បែប​ប្រកួតប្រជែង​ដែរ​និង​មិន​គួរ​ត្រូវ​បាន​គំរាម​ពី​គូប្រជែង​​ជំនួញ​ទេ​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​«​បាទ ខ្ញុំ​យល់​ថា Huawei​មាន​ភាពជឿនលឿន​ខ្លាំង​លើ​បច្ចេកវិទ្យា​អាម៉េរិក​។​អាម៉េរិក​ត្រូវតែ​ប្រជែង​ជា​មួ​ចិន​។​ដរាបណា​ចិន​ឈ្នះ អាម៉េរិក​ក៏​នឹង​ឈ្នះ​​ផងដែរ​»​។​

​លោក​បាន​ព្រមាន​ថា ភាព​តានតឹង​ខ្លាំង​ឡើង​រវាង​អាម៉េរិក​និង​ចិន​អាច​ប៉ះពាល់​ស្ថានភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កន្លែង​ដែល​ចិន​អះអាង​អធិបតេយ្យភាព​ធំធេង​ជាន់​លើ​​ការអះអាង​របស់​ប្រជាជាតិ​ផ្សេង​នៅក្នុង​តំបន់​។​លោក​បាន​អំពាវនាវ​អោយ​មាន​ភាពស្ងប់ស្ងាត់​នៅក្នុង​តំបន់​នេះ និង​ព្រមាន​ថា ឧបទ្ទវហេតុ​តូចតាច​ណាមួយ​អាច​នឹង​បង្ក​ជា​អំ​​ពើ​ហិង្សា​ដោយ​ងាយ​៕​ដោយ​៖​វាសនា​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​និយាយថា អាម៉េរិក​និង​លោកខាងលិច​ត្រូវ​ទទួលស្គាល់ថា បណ្តា​ប្រទេស​អាស៊ី​ឥឡូវ​ក៏​ផលិត​ចេញ​ផលិតផល​បែប​ប្រកួតប្រជែង​ដែរ​

#