ម៉ាឡេស៊ី​គំរាម​ធ្វើ​ពហិការ​មិន​ទិញ​យន្តហោះ​អឺរ៉ុប ចំពោះ​បញ្ហា​ប្រេងដូង​របស់ខ្លួន​

1146
ចែករម្លែក
  • 30
    Shares

​មេដឹកនាំ​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មីនា​ថា ម៉ាឡេស៊ី​អាច​សងសឹក​ប្រឆាំង​ផែនការ​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​ដាក់​កម្រិត​ដូងប្រេង​របស់ខ្លួន ដោយ​ទិញ​​យន្ដហោះ​ចម្បាំង​ថ្មីៗ​ពី​ចិន ដើម្បី​ជំនួស​ការទិញ​ពី​ក្រុមហ៊ុន​អាវុធ​របស់​អឺរ៉ុប​។​

​ប្រទេស​ម៉ាឡេស៊ី គឺជា​ប្រទេស​ផលិត​ប្រេង​ពី​ដូងប្រេង​ដ៏​ធំ​បំផុត​លំដាប់​ទី​២​នៅ​លើក​ពិភពលោក​បន្ទាប់ពី​ឥណ្ឌូនេស៊ី ហើយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​គំរាម​ផែនការ​របស់​​ប្លុក​នេះ​(​អឺរ៉ុប​)​ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​ជីវ​ឥន្ធនៈ​របស់ខ្លួន នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​ទាំង​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​សុទ្ធតែ​មាន​ការខ្វែងគំនិត​គ្នា​ជាមួយនឹង​សមាជិក​សភា​អឺរ៉ុប​លើ​បញ្ហា​ការ​ដាំ​ដំណាំ​ដូងប្រេង​នេះ ដែល​បណ្តាល​ឱ្យ​មាន​ការ​កាប់បំផ្លាញ​ព្រៃឈើ​​និង​ការបំផ្លិចបំផ្លាញ​ជីវិត​សត្វព្រៃ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក មហា​ធៀ មហា​ម៉ា​ត នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​និយាយថា ប្រទេស​របស់​លោក អាច​សម្លឹង​មើល​ប្រទេស​ផ្សេងៗ​ទៀត​ដើម្បី​អភិវឌ្ឍ​កង​​យន្តហោះ​ចម្បាំង​Mig-29 ចាស់ៗ​របស់ខ្លួន ដែល​បាន​ទិញ​ពី​រុស្ស៊ី​មក​នោះ​ដោយ​ងាក​ចេញពី​ផែនការ​ទិញ​យន្តហោះ​ចម្បាំង​Rafale​របស់​បារាំង ឬ​ទិញ​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​Eurofighter Typhoon​។

​លោក មហា​ធៀ បាន​បន្ថែមថា​” បើសិន​ពួកគេ នៅ​តែ​ធ្វើ​ការប្រឆាំង​យើង​នោះ យើង​នឹង​គិត​រក​ទិញ​យន្តហោះ​ពី​ចិន ឬ​ពី​ប្រទេស​ផ្សេងៗ​ទៀត​”​។​

​ប៉ុន្តែ នាយករដ្ឋមន្ត្រី​នេះ​បាន​និយាយថា លោក​មិន​បាន​ប្រកាសសង្គ្រាម​នៅ​សហភាព​អឺរ៉ុប​ទេ​ព្រោះ​ប្រទេស​របស់​លោក​ត្រូវការ​ទំនិញ​ពី​ប្លុក​នេះ ដែល​ប្រទេស​ជា​សមាជិក​​ជាច្រើន​នៃ​ប្លុក​នេះ ស្ថិតក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ម៉ាឡេស៊ី​៕ដោយ៖សុខា/sn

ដំណាំ​ដូងប្រេង​របស់​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ីរ​ង​ការរិះគន់​ពី​អឺរ៉ុប​ចំពោះ​ការបំផ្លាញ​ព្រៃឈើ​និង​សត្វព្រៃ​