ម៉ាឡេស៊ី​ឃាត់ខ្លួន​៤​នាក់ និង​សង្គ្រោះ​អណ្តើក​បាន​ជាង​៥​ពាន់​ក្បាល​

303
ចែករម្លែក

​អាជ្ញាធរ​ម៉ាឡេស៊ី បាន​ចាប់ខ្លួន​ជនជាតិ​ឥណ្ឌា​៤​នាក់ រឹបអូស​ថ្នាំញៀន​ជាង​១៤​គីឡូក្រាម​និង​អណ្តើក​ជាង​៥.០០០​ក្បាល នៅក្នុង​វ៉ា​លី​ស​អីវ៉ាន់​របស់​ជនសង្ស័យ​នៅ​អាកាសយាន​​ដ្ឋា​ន​ក្រុងកូឡា​ឡាំ​ពួរ​។​

​មន្ត្រី​គយ លោក ហ្ស៊ុ​ល​កានៀន ម៉ូ​ហា​ម៉េត យូ​សូ​ហ្វ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​ភ្នាក់ងារ​របស់​លោក​បាន​រកឃើញ​កូនអណ្តើក​៥.២៥៥​ក្បាល ដាក់​ក្នុង​កញ្ច្រែង​តូចៗ​​នៅក្នុង​វ៉ា​លី​ស​របស់​ជនជាតិ​ឥណ្ឌា​២​នាក់​ដែល​បាន​ធ្វើដំណើរ​មកពី​ខេត្ត​ក្វាង​ចូ​វ ប្រទេស​ចិន​កាលពី​ថ្ងៃ​២០​មិថុនា​។​

​បុរស​ដែល​មិន​មាន​លិខិតអនុញ្ញាត​សំរាប់​នាំចេញ​អណ្តើក បាន​ប្រាប់​អ្នក​ស៊ើបអង្កេត​ថា ពួកគេ​បាន​ទិញ​វា​ក្នុង​តំលៃ​ប្រមាណ​១២.៧០០​ដុល្លារ​ដើម្បី​យកទៅ​លក់​ជា​សត្វ​ចិញ្ចឹម​នៅ​​ឥណ្ឌា​។​ពួកគេ​នឹង​ត្រូវ​ចោទប្រកាន់​ហើយ​អាច​ជាប់គុក​៥​ឆ្នាំ​និង​ពិន័យ​ប្រាក់​។​

​មន្ត្រី​គយ​ខាងលើ​បាន​អោយដឹងទៀតថា ពួក​មន្ត្រី​ក៏​រឹបអូស​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​១៤,៣៤​គីឡូក្រាម តំលៃ​ប្រមាណ​១៧៤.០០០​ដុល្លារ ដែល​ដាក់​ក្នុង​ប្រអប់ យួរ​ដោយ​បុរស​២​នាក់​។​ម្នាក់​ជិះ​យន្តហោះ​មកពី​ក្រុង​ហាយ​ដឺ​រ៉ា​បាត ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​១៩​មិថុនា​និង​ម្នាក់​ទៀត​មក​ពី​ក្រុង​បេន​ហ្កា​លូ​រូ នៅ​ថ្ងៃ​២០​មិថុនា​។​

​បុរស​ទាំង​២​ត្រូវ​គេ​ជឿ​ថា​ជា​អ្នកស៊ីឈ្នួល​នាំ​ថ្នាំញៀន និង​ត្រូវ​រំពឹងថា​នឹង​ត្រូវ​ចោទប្រកាន់​ហើយ​ប្រឈម​ការកាត់ទោស​ប្រហារជីវិត​៕​ប្រែ​សម្រួល​៖​វាសនា​

មន្ត្រី​គយ​បង្ហាញ​កូនអណ្តើក​ដែល​រឹបអូស​បាន​នៅ​ការិយាល័យ​គយ​នៅ​ក្រុង​សេ​ប៉ាង​កាលពី​ថ្ងៃ​ពុធ