ម៉ាឡេស៊ី​ចាប់បាន​ភ្លុក​ដំរី​និង​ស្រកា​សត្វ​ពង្រូល​ជាច្រើន​មកពី​អាហ្វ្រិក​

1094
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២​ខែសីហា​ថា ពួកគេ​បាន​ចាប់បាន​ភ្លុក​ដំរី​ចំនួន​២៣​ភ្លុក​និង​ស្រកា​សត្វ​ពង្រូល​ចំនួន​៣០១​គីឡូក្រាម ដែល​ត្រូវបាន​គេ​ជឿថា​លួច​នាំចូល​ពី​អាហ្វ្រិក ដោយមាន​តម្លៃ​សរុប​ជិត​១​លាន​ដុល្លារ​។​

​លោក ម៉ូ​ហា​ម៉ាត់ ផាត់​ហ្ស៊ី ម៉ាន់ មន្ត្រី​គយ បាន​និយាយថា ក្រុមមន្ត្រី​បាន​ឆ្មក់​ចូល​ឆែកឆេរ​នៅ​ឃ្លាំង​ទុក​ទំនិញ​មួយ​នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃអាទិត្យ ហើយ​បាន​រកឃើញ​ភ្លុក​ដំរី​ទាំងនេះ ដែលមាន​តម្លៃ​សរុប​៦៤.២៤៧​ដុល្លារ នៅក្នុង​ឡាំង​២ ដែលមាន​សរសេរ​អក្សរ​ថា “​គ្រឿង​អាហារ​” ។ លោក​បាន​និយាយថា ភ្លុក​ដំរី​ទាំងនេះ​ត្រូវបាន​ដឹក​ចូលមក​តាម​យន្តហោះ​នៃ​ជើងហោះហើរ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airways មកពី​ទីក្រុង ឡា​ហ្គោ​ស ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​ផ្ទេរ​នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត នៅមុន​ពេល មកដល់​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​

​លោក ផាត់​ហ្ស៊ី​ម៉ាន់ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមមន្ត្រី បាន​ចាប់​រឹបអូស​បាន​ស្រកា​សត្វ​ពង្រូល​ចំនួន​៦​ថង់ ដែលមាន​តម្លៃ​៨៩៥.៧០១​ដុល្លារ បន្ទាប់ពី​វា​បានមក​ដល់​តាម​ជើងហោះហើរ​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines មកពី​ប្រទេស​កុង​ហ្គោ​។​

​លោក​បាន​និយាយថា មិនមាន​ការចាប់ខ្លួន​នរណាម្នាក់​ទេ ហើយ​ករណីនេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​៕ ដោយ៖ សុខា

​មន្ត្រី​គយ​ម៉ាឡេស៊ី បង្ហាញ​ភ្លុក​ដំរី​និង​ស្រកា​សត្វ​ពង្រូល​ដែល​ចាប់បាន