ម៉ាឡេស៊ី​ចាប់​អ្នកនេសាទ​វៀតណាម ២២ នាក់​ពីបទ​ចូល​នេសាទ​ខុសច្បាប់​

53

​អ្នកនេសាទ​វៀតណាម​ជាច្រើន​នាក់​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ពីបទ​នេសាទ​ខុសច្បាប់​ផង និង ការរំលោភច្បាប់​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ផង​។ យោងតាម​វេ​ប​សាយ New Straits Times អាជ្ញាធរ​ម៉ាឡេស៊ី​បាន​រឹបអូស​ទូក​នេសាទ​មួយ និង​ឃុំខ្លួន​អ្នកនេសាទ​វៀតណាម ២២ នាក់​ពីបទ​ចាប់​ត្រី​ខុសច្បាប់​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​។​

​ទូក​នេសាទ​នោះ​ត្រូវគេ​ប្រទះឃើញ និង​ស្ទាក់​ចាប់បាន​នៅ​ចម្ងាយ​ប្រហែល ១៧៤ គីឡូម៉ែត្រ​ពី​ភូមិ​នេសាទ​គូ​ឡា​កេ​ម៉ា​ម៉ាន់ ក្នុង​រដ្ឋ​ថេ​រេ​ង​ហ្គា​នូ​របស់​ម៉ាឡេស៊ី​។ នេះ​បើតាម​វេ​ប​សាយ​ដដែល​ដកស្រង់​សេចក្តីថ្លែងការណ៍​ពី​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​សមុទ្រ​ម៉ាឡេស៊ី (MMEA)​។

​លោក មហាម៉ាត់ រី​ហ្សា​ល់ កា​ម៉ា​ល់ បា​សា នាយក MMEA និយាយថា អ្នកនេសាទ​វៀតណាម​ដែល​ត្រូវ​ឃុំខ្លួន​អាយុ​ចន្លោះ ១៦ ទៅ ៤៣ ឆ្នាំ​ទាំងនោះ ពុំមាន​ឯកសារ​ធ្វើដំណើរ​មាន​សុពលភាព ឬ ការអនុញ្ញាតឱ្យ​នេសាទ​ក្នុង​ដែនទឹក​ម៉ាឡេស៊ី​នោះទេ​។

MMEA បាន​រឹបអូស​ត្រី​សរុប ១.២០០ គីឡូក្រាម ត្រីមឹកស្ងួត ១០០ គីឡូក្រាម ប្រេងម៉ាស៊ូត ៨០០ លីត្រ និង ឧបករណ៍​នេសាទ​តម្លៃ ១៦៣.៥០០ ដុល្លារ​ពី​ទូក​នេសាទ​។ នេះ​បើតាម​លោ​ករី​ហ្សា​ល់​។​

​តាម​សេចក្តីរាយការណ៍ ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​អ្នកនេសាទ​វៀតណាម​ជាង ៧០ នាក់ និង​រឹបអូស​ទូក​នេសាទ​ពួកគេ ពីបទ​នេសាទ​ខុសច្បាប់​ក្នុង​ឧបទ្ទវហេតុ ៤ ដាច់ដោយឡែក​ពីគ្នា គិត​ចាប់តាំងពី​ខែមេសា​។ កាលពី​ខែធ្នូ អ្នកនេសាទ​វៀតណាម ១២ នាក់​ទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន​ក្នុងប្រទេស​ម៉ាឡេស៊ី​ដែរ ពីបទ​ប្រព្រឹត្តល្មើស​ស្រដៀង​គ្នា​នេះ​៕ ដោយ៖ កញ្ញាដាលីស