ម៉ាឡេស៊ី​ចោទប្រកាន់​ភរិយា​របស់​អតីត​នាយក​រដ្ឋ​ម​ន្រី្ត ណា​ជីប ពីបទ​ទទួល​ប្រាក់​សំណូក​៤៥​លាន​ដុល្លារ​

2213
ចែករម្លែក

ម៉ាឡេស៊ីកាល នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែវិច្ឆិកាបានចោទប្រកាន់ លោកស្រី រ៉ូស្មាស់ ម៉ាន់ស័រ (Rosmah Mansor) ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ពីបទគំរាមទារប្រាក់និងទទួលប្រាក់សំណូកដែលមានទឹកប្រាក់សរុបចំនួន១៨៩លានរីងហ្គីត (៤៥,១២លានដុល្លារ)ពីក្រុមហ៊ុនមួយដែលធ្វើគម្រោងរបស់រដ្ឋាភិបាល។

ក្រុមរដ្ឋអាជ្ញាដែលបានចោទប្រកាន់ចំនួន២ករណីប្រឆាំង លោកស្រី រ៉ូស្មាស់ ម៉ាន់ស័រ ពីបទអំពើពុករលួយនោះ បាននិយាយថាការទទួលប្រាក់សំណូកគឺទាក់ទងនឹងគម្រោងថាមពលពន្លឺព្រះអាទិត្យដែលមានទឹកប្រាក់១,២៥ពាន់លានរីងហ្គីត(២៩៨លានដុល្លារ )នៅសាលារៀននៅរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។

ក្រុមរដ្ឋអាជ្ញាបាននិយាយថា លោកស្រី រ៉ូស្មាស់ ម៉ាន់ស័រ បានស្វែងរកការទទួល ប្រាក់សំណូកចំនួន១៨៧,៥លាន រីងហ្គីតនៅឆ្នាំ២០១៦ ពីប្រធានក្រុមហ៊ុនJepak Holdings និងបានទទួលប្រាក់សំណូក១,៥លានរីងហ្គីតពីប្រធានក្រុមហ៊ុននេះ នៅឆ្នាំបន្ទាប់មក។

ស្វាមីរបស់លោកស្រី គឺ លោក ណាជីប រ៉ាហ្សាក់ ប្រឈមមុខនឹងបទចោទប្រកាន់ចំនួន៣៨ករណីដែលរាប់បញ្ចូលទាំងការលាងលុយ រហូតដល់ការរំលោភបំពានអំណាចនិងការរំលោភសេចក្តីទុកចិត្ត ដែលភាគច្រើនទាក់ទងនឹងរឿងអាស្រូវពុករលួយរាប់ពាន់លានដុល្លារនៃគម្រោងមូលនិធិរដ្ឋអភិវឌ្ឍន៍ម៉ាឡេស៊ី(1MDB)៕ដោយ៖សុខា/sn

លោកស្រី រ៉ូស្មាស់ ម៉ាន់ស័រ មកដល់ការិយាល័យប្រឆាំងអំពើពុករលួយនៅទីក្រុងPutrajaya កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨ ដើម្បីផ្តល់សេចក្តីបញ្ជាក់អះអាងរបស់លោកស្រី