ម៉ាឡេស៊ី​ដាក់​ច្បាប់​ពិន័យ​ជាង​៧០​ដុល្លារ​ចំពោះ​អ្នក​ដែល​ប្រើ​ទូ​ស័ព្ទ​ខណៈ​កំពុង​បើកបរ​

601

​លោក ឡយ ទ័ង ឡាយ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី បាន​និយាយថា ម៉ាឡេស៊ី​នឹងដាក់​ពង្រាយ​ប៉ូលិស​បន្ថែមទៀត​នៅតាម​ផ្លូវ​ដើម្បី​ឃ្លាំមើល​អ្នកបើកបរ​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ខណៈដែល​កំពុង​បើកបរ​។​

​លោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​វិច្ឆិកា​ថា ក្រសួង​ដឹកជញ្ជូន​នឹង​ដាក់ទោស​ធ្ងន់ធ្ងរ​លើ​អ្នកបើកបរ​ដែល​បំពាន​ច្បាប់​នេះ​។ លោក​បន្តថា កម្លាំង​ប៉ូលិស​នឹងត្រូវ​បានដាក់​ពង្រាយ​ហើយ​កាមេរ៉ា​សន្តិសុខ​តាមផ្លូវ​នឹងត្រូវ​ដាក់​ដំឡើង ហើយ​អ្នក​ដែល​ត្រូវបាន​ចាប់បាន​ជាក់ស្តែង​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ខណៈដែល​កំពុង​បើកបរ​នឹងត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​៣០០​រីង​ហ្គី​ត​(៧២​ដុល្លារ​អាមេរិក​)​។​

​លោក ឡយ ទ័ង ឡាយ បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ” វិធានការ​ដ៏​តឹងរ៉ឹង​នេះ គឺ​ចាំបាច់​ដើម្បី​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​ប្រើប្រាស់​ទូរស័ព្ទ ខណៈដែល​កំពុងបើក​ប​រ​។ អ្នកបើកបរ​ដែល​រំលោភបំពាន​ច្បាប់​ថ្មី​នេះ​នឹង​ប្រឈម​ការផ្អាក​បើកបរ​ឬ​ដកហូតយក​ប័ណ្ណបើកបរ​។​

​លោក ឡយ ទ័ង ឡាយ បាន​និយាយថា មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​៥.៣១០​នាក់ ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​នៅ​ឆ្នាំនេះ ខណៈដែល​រយៈពេល​មួយឆ្នាំ​ពេញ​កាលពី​ឆ្នាំមុន មាន​អ្នកស្លាប់​ចំនួន​៧.១៥២​នាក់ ៕ ដោយ៖ សុខា

​ម៉ាឡេស៊ី​ដាក់​ច្បាប់​ពិន័យ​៧២​ដុល្លារ​ចំពោះ​អ្នក​ដែល​ប្រើ​ទូ​ស័ព្ទ​ខណៈ​កំពុង​បើកបរ