ម៉ាឡេស៊ី​ត្រូវការ​ពលករ​កម្ពុ​ជាច្រើន ខណៈ​ក្រសួង​ការងារ​ថា​ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​មាន​ជម្រើស​ច្រើន​

852
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា នាពេលនេះ​ប្រទេស​ម៉ាឡេស៊ី ត្រូវការ​ពលករ​កម្ពុ​ជាច្រើន​ក្នុងការ​ទៅ​បំពេញការងារ​នៅ​ប្រទេស​នេះ ប៉ុន្តែ​យ៉ាងណាក្តី​គេ​មិន​សង្ឃឹមថា ពលករ​កម្ពុជា​នឹង​ចាកចេញ​ទៅធ្វើ​ការងារ​ប្រទេស​នេះ​ច្រើន​ដូច​កាលពីមុន​ទៀតឡើយ ដោយសារ​ថា​បច្ចុប្បន្ន​ពួកគាត់​មាន​ប្រទេស​ជាច្រើន​ទៀត​ជា​ជ្រើសរើស​ផងដែរ​។​
​ការបញ្ចេញ​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នៃ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​។​

លោក ហ៊ូ វុ​ឌ្ឍី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​

​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន​ក្រោយ​បញ្ចប់​ពិធី​ជំនួប​នេះ លោក ហ៊ូ វុ​ឌ្ឍី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​បានឱ្យដឹងថា កម្ពុជា​និង​ប្រទេស​ម៉ាឡេស៊ី​កំពុងបើក​កិច្ច​ពិភាក្សាគ្នា​បន្តបន្ទាប់ ដើម្បី​បញ្ជូន​ពលករ​កម្ពុជា​ទៅ​បំពេញការងារ​នៅ​ប្រទេស​នេះ​ឡើងវិញ​។​

​លោក​បានលើកឡើង​ថាព​លករ​កម្ពុជា​បច្ចុប្បន្ន​មាន​ជម្រើស​ក្នុងការ​ចេញទៅ​បំពេញការងារ​នៅក្រៅ​ប្រទេស​ច្រើន​ក្នុងនោះ​ដូចជា ថៃ ជប៉ុន​កូរ៉េ សិង្ហ​បុរី ជាដើម ហេតុនេះ​ការចេញ​ទៅ​បំពេញការងារ​នៅ ប្រទេស​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ខាងមុខនេះ​អាច​នឹង​ថមថយ​ចុះបើ​ធៀប​នឹង​កាល​ពីមុនមក​។​

​ទោះបីយ៉ាងណា​ក្តី​លោក​បាន​មានប្រសាសន៍​ដែរ​ថា ពេលនេះ​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី បានធ្វើការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​ពលករ​បរទេស ដែល​កាល​ពីមុនមក​ប្រាក់​ឈ្នួល​បានត្រឹមតែ​ជាង​២​ពាន់​រីង​ហ្គី​ត ឬ​ស្មើនឹង​ជាង​២០០​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​បាន​តម្លើង​ជាង​១១០០​ពរីង​ហ្គី​ត ដែល​ស្មើនឹង​ប្រមាណ​៣០០​ដុល្លារ​ដុល្លារ​អាមេរិក​ផងដែរ​។ លោក​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​បានឱ្យដឹង​បន្ថែមថា “​បច្ចុប្បន្ន​បើ​គេ​មើ​លពី​ចំនួន​ពលករ​កម្ពុជា​ចង់ទៅ​ធ្វើការ​ក្រៅប្រទេស​គេ​ឃើញ​មាន​ប្រទេស​ជប៉ុន កូរ៉េ​ពីព្រោះថា​មាន​ប្រាក់ខែ​ខ្ពស់​។ ចំណែក​ចំនួន​ពលករ​កម្ពុជា ទៅធ្វើ​ការងារ​ក្រៅប្រទេស​ច្រើន​បំផុត​នាពេល​នេះដែរ គឺ​ប្រទេស​ថៃ​”​។​

​ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ការបញ្ជូន​ពលករ​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​នាពេល​បច្ចុប្បន្ននេះ​ដែរ​គឺមាន​២​ផ្នែក​សំខាន់ៗ​គឺ ពលករ​ដែល​បម្រើ​តាម​ផ្ទះ​និង​ពលករ​ដែល​ធ្វើការ​ងារ​តាម​រោងចក្រ​។​

​បើតាម​លោក​អនុរដ្ឋលេខាធិការ​បាន​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​ពលករ​កម្ពុ​ជា​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ស្របច្បាប់​នោះ មាន​ជាង​៣​ពាន់​នាក់ ប៉ុន្តែ​យ៉ាងណាក្តី លោក​បាន​បដិសេធថា មិនបាន​ដឹង​ពី​ចំនួន​ពលករ​ដែល​ធ្វើការ​ងារ​មិន​ស្របច្បាប់​នៅ​ប្រទេស​នេះ​ពិតប្រាកដ​ឡើយ​។ ទោះយ៉ាងណា​ក្តី​លោក​បានលើកឡើង​ដែរ​ថា ក្រសួង​ការងារ​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ពលករ​ដែល​ធ្វើការ​ងារ​មិន​ស្របច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បីឱ្យ​ពួកគាត់​អាច​ក្លាយជា​ពលករ​មិន​ស្របច្បាប់​មកជា​ស្របច្បាប់​វិញ​។​

​ទាក់ទិន​ទៅនឹង​ការបញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះដែរ លោក​បានឱ្យ​ដឹងផង​ថា បច្ចុប្បន្ននេះ​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី បាន​យកចិត្តទុកដាក់​ចំពោះ​ពលករ​បរទេស ដែល​ត្រូវ​ទៅ​បំពេញការងារ​នៅ​ប្រទេស​ខ្លួន​យ៉ាងខ្លាំង​ដោយសារ​ថា នៅពេល​មាន​បញ្ហា​ពលករ​បរទេស​កើតឡើង​បន្តទៀត​នោះ​សហគម​អន្តរជាតិ​គេ​ផ្តន្ទាទោស​ហេតុនេះ​ប្រទេស​នេះ គេ​មិន​បណ្តែតបណ្តោយ​ឱ្យ​មានប​ញ្ហា​ទៀតឡើយ​៕