ម៉ាឡេស៊ី​ថា​ការភ្ជាប់​ដំណាំ​ដូងប្រេង​ទៅ​នឹង​ការកាប់​បំផ្លាញ​ព្រៃឈើ ជាការ​អះអាង​គ្មាន​មូលដ្ឋាន​

214
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត កាលពី​ថ្ងៃ​សុក្រ​ទី​២៣​សីហា បាន​និយាយថា​ការភ្ជាប់​ផលិតកម្ម​ដូងប្រេង​ទៅនឹង​ការកាប់បំផ្លាញ​ព្រៃឈើ ជា​ការលើកឡើង​«​គ្មាន​មូលដ្ឋា មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​» ហើយ​ថា​ឧស្សាហកម្ម​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ការទទួលខុសត្រូវ​។​

​ម៉ាឡេស៊ី​ជា​ប្រទេស​ផលិត​ប្រេងឆា​ចម្រាញ់​ចេញពី​ដូងប្រេង​ធំ​បំផុត​ទី​២​នៅក្នុង​លោក ដោយ​វត្ថុធាតុដើម​របស់​វា​ត្រូវបាន​យក​ទៅ​ផលិត​ចេញ​ជា​ផលិតផល​គ្រប់មុខ​ចាប់​តាំង​​ពី​ប័របៀក​នំប៉័​ងដល់​ក្រេម​លាប​មាត់​។​

​ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា ដំណាំ​ដូងប្រេង​បាន​ចូល​ចំណែក​ដ៏​ធំ​មួយ​ដល់​ការបំផ្លាញ​ព្រៃឈើ វាល​ខ្មៅ​សំរាប់​គោក្របី​និង​ផលិត​កម្ម​សណ្តែងសៀង​។​

​នៅពេល​សហភាព​អឺរ៉ុប​មាន​បំណង​ទប់ស្កាត់​ការប្រើប្រាស់​ប្រេងឆា​ផលិត​ពី​ដូង​ប្រេង ម៉ាឡេស៊ី​ក៏​គំរាម​សងសឹក​វិញ​។​សហភាព​អឺរ៉ុប​បាន​អនុម័ត​ច្បាប់​មួយ​នៅ​ឆ្នាំនេះ ដើម្បី​ដក​​ចេញ​ប្រេង​ផលិត​ពី​ដូង​ប្រេង ពី​ឥន្ធនៈ​អាច​ប្រើ​ឡើង​វិញ​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០៣០ ដោយសារ​តែ​ការព្រួយបារម្ភ​អំពី​ការបាត់បង់​ព្រៃឈើ​។​

​តែ​លោក​បណ្ឌិត​មហា​ធៀ បាន​និយាយ​ក្នុង​ពិធី​ស្តីពី​ព្រៃឈើ​ម៉ាឡេស៊ី​មួយ​ថា « ការអះអាង​ដោយ​ភ្ជាប់​ដូងប្រេង​ទៅនឹង​ការបាត់បង់​ព្រៃឈើ ជា​ការនិយាយ​គ្មាន​មូលដ្ឋាន មិន​ត្រឹម​​ត្រូវ​និង​មិន​យុត្តិធម៌​។​ការអះអាង​ទាំងនេះ​នាំ​ផល​អវិជ្ជមាន​ចំពោះ​ម៉ាឡេស៊ី ដែល​ពឹង​លើ​ឧស្សាហកម្ម​ដូងប្រេង​ដើម្បី​លើកស្ទួយ​សុខុមាលភាព​សង្គម​-​សេដ្ឋកិច្ច​នៃ​ប្រជាជន​យើង​»​។​

​លោក​ក៏​បាន​អះអាងថា ឧស្សាហកម្ម​ដូងប្រេង​នៅ​ម៉ាឡេស៊ី ត្រូវបាន​អភិវឌ្ឍ​ដោយ​ចីរភាព​និង​ការទទួលខុសត្រូវ និង​ថា​ម៉ាឡេស៊ី​បាន​ផ្តោត​លើ​ការធ្វើអោយ​ប្រសើរ​ឡើង​ផលិតភាព​​និង​ទិន្នផល​នៃ​ដូងប្រេង ជាជាង​ការពង្រីក​ផ្ទៃដី​។​

​អង្គការ​សហភាព​អន្តរជាតិ​សំរាប់​ការអភិរក្ស​ធម្ម​ជាតិ​(IUCN)​ដែល​ជា​ក្រុម​អង្គការ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ស្វីស បណ្តា​អង្គការ​អភិរក្ស​និង​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​​ថា ការពង្រីក​ដំណាំ​ដូងប្រេង​ជា​ការជំរុញ​ដ៏​ធំ​មួយ​នៃ​ការបំផ្លាញ​ព្រៃឈើ​និង​ការធ្លាក់ចុះ​នៃ​លំនៅ​ធម្មជាតិ​នៅ​ផ្នែក​អាស៊ី អាម៉េរិក​កណ្តាល​និង​អាម៉េរិក​ខាងត្បូង​។​

IUCN បាន​និយាយថា យ៉ាងហោចណាស់​៥០​ភាគរយ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​កោះ​ប័រណេ​អូរ​(​កោះ​ដែល​ចែក​គ្នា​កាន់កាប់​ដោយ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​និង​ព្រុយ​ណេ​)​រវាង​ឆ្នាំ​២០០៥​និង​២០១៥ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ដំណាំ​ដូងប្រេង​នេះ​។​

​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី ជា​ប្រទេស​ផលិត​ដូងប្រេង​ធំជាងគេ​ទី​២​និង​ទី​១​នៅក្នុង​លោក ដោយ​ផ្គត់ផ្គង់​ប្រមាណ​៨៥​ភាគរយ​នៃ​ប្រេងឆា​ផលិត​ពី​ដូងប្រេង​នៅ​ទូទាំង​ពិភពលោក ដោយ​ភាគច្រើន​ប្រើ​នៅ​ក្នុង​ចំណីអាហារ​៕​ដោយ​៖​វាសនា​

មហា​ធៀ បាន​និយាយថា រដ្ឋាភិបាល​នឹង​កំហិត​អាជីវកម្ម​ដូងប្រេង​នៅត្រឹម​៦,៥៥​លាន​ហិច​តា នៅ​ត្រឹម​ឆ្នាំ​២០២៣ និង​ផ្តោត​លើ​ការបង្កើន​ទិន្នផល​ជាជាង​ការពង្រីក​ដី​ដាំ​

#