ម៉ាឡេស៊ី​ថា​ការសុំ​របស់​អាម៉េរិកដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ APEC ” មិនមែន​ជា​គំនិតល្អ​ទេ​”

3307
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​វិច្ឆិកា​ថា “​សំណើ​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​នៅ​តំបន់​ជ្រោយ​​ប៉ាស៊ីហ្វិក​នៅ​អាម៉េរិក​នៅ​ឆ្នាំ ២០២០ បន្ទាប់​ពី​ប្រទេស​ស៊ី​លី​បាន​លុបចោល​ព្រឹត្តិការណ៍​ឆ្នាំនេះ​ជាបន្ទាន់​មក​នោះ​គឺ​មិនមែន​ជា​គំនិតល្អ​ទេ​”​។​

​ការលើកឡើង​បែប​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី ក្រុម​មេដឹកនាំ​អាស៊ីអាគ្នេយ៍ ដែល​ភាគច្រើន​មិន​ពេញចិត្ត​ក្នុងការ​ធ្វើ​ជំនួប​ជាមួយ​ក្រុម​មន្ត្រី​អាម៉េរិក​នៅ​ប្រទេស​ថៃ​​នៅពេល​ដែល​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ បាន​ខកខាន​មិន​មក​ចូលរួម​នោះ​។​

​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​(APEC) ត្រូវបាន​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៦-១៧ ខែវិច្ឆិកា​នៅ​ប្រទេស​ស៊ី​លី​ប៉ុន្តែ​ប្រធានាធិបតី​ស៊ី​លី លោក សេ​បា​ស្ទៀន ពី​ណេ​រ៉ា បាន​ដកខ្លួន​ចេញពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ដោយសារ​តែ​ភាពវឹកវរ​ស៊ីវិល​កំពុង​កើតមាន​នៅ​ប្រទេស​លោក​។​

​យោង​តាម​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ម៉ាឡេស៊ី លោក សៃ​ហ្វ៊ុដ​ឌីន អាប់​ឌុល​ឡា​ស បានឱ្យដឹងថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​មផេវ​បាន​ទូរស័ព្ទ​មក​លោក​នៅក្នុង​​អំឡុង​កិច្ចប្រជុំ​មួយ​របស់​ក្រុម​មេដឹកនាំ​អាស៊ាន​នៅ​ទីក្រុង​បាងកក​កាលពី​សប្តាហ៍​មុន​។​

​លោក ម៉ៃ ផ​ម​ផេវ បាន​ប្រាប់​លោក​ថា “​ដោយសារ​តែ​ស៊ី​លី​មិន​អាច​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​APEC នៅ​ខែ​វិច្ឆិកា​នេះ …​សហរដ្ឋ​អាម៉េរិក​កំពុង​គិត​អំពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​​ប្រជុំ​APEC​នៅ​កន្លែង​ណា​មួយ​នៅ​ខែ​មករា​នៅ​សហរដ្ឋ​អាម៉េរិក ” ហើយ​បាន​ស្នើសុំ​ជំហរ​របស់​ម៉ាឡេស៊ី​។​

​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​នេះ​បាន​និយាយថា​លោក​បាន​ប្រាប់​ក្រុមមន្ត្រី​អាម៉េរិក​នៅ​ទីក្រុង​បាងកក​ថា “​យើង​មិន​គិតថា វា​ជា​គំនិតល្អ​ទេ​” ។​

​ម៉ាឡេស៊ី ត្រូវបាន​គេ​និយាយ​ច្រើន​ថា​នឹង​ទទួល​រៀបចំ​ជំនួប​កំពូល​នេះ​ជំនួស​ស៊ី​លី ដោយសារតែ​ខ្លួន​ជា​ប្រធាន​APEC​នៅ​ឆ្នាំក្រោយ​៕​ដោយ​៖​សុខា​/sn

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី និយាយថា​សំណើ​របស់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ក្នុងការ​ទទួល​រៀបចំ​ជំនួប​APEC​ជា​គំនិត​មិនល្អ​