ម៉ាឡេស៊ី​និង​អូស្ត្រាលី​ចេញមុខ​ការពារ​ពាណិជ្ជ​កម្ម​សេរី​នៅ​កិច្ចប្រជុំ​កំពូល APEC

699
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​និយាយថា ប្រជាជាតិ​នានា​ចាំបាច់​ត្រូវ​វាយតម្លៃ​សកលភាវូបនីយកម្ម​និង​សមាហរណកម្ម​សេដ្ឋកិច្ច​ឡើងវិញ ដោយសារតែ​វា​បាន​បោះបង់ចោល​មនុស្ស​មួយចំនួន​និង​ជំរុញឱ្យមាន​វិសមភាព​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល APEC នៅ​ប្រទេស​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​វិច្ឆិកា លោក​មហា​ធៀ បាន​អំពាវនាវ​ឱ្យមាន​ការប្រកួតប្រជែង​ដោយ​សេរី​បន្ថែមទៀត​ខាង​ពាណិជ្ជកម្ម​រវាង​ប្រទេស​អ្នកមាន​និង​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​លោក​មហា​ធៀ​បាន​និយាយថា “​អត្ថប្រយោជន៍​នៃ​ពាណិជ្ជកម្ម​សេរី​និង​យុត្តិធម៌​និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ត្រូវបាន​ធ្វើឱ្យរ​អាក់រ​អួរ ដោយសារតែ Brexit និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំៗ​។ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​គឺ​កាន់តែ​ពង្រីក​ខ្លាំង​ជាង​មុន និង​ធ្វើឱ្យមាន​ការរំខាន​ដល់​ពាណិជ្ជកម្ម​និង​ជំនួញ​របស់​យើង​”​។​

​ទោះយ៉ាងណា នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ស្កុ​ត ម៉ូ​រី​សុន បាន​ប្រើប្រាស់​សុន្ទរកថា​នៅ APEC របស់គាត់​ដើម្បី​ការពារ​ពេញទំហឹង​ចំពោះ​ពាណិជ្ជកម្ម​សេរី​តែម្តង​។​

​លោក​ម៉ូ​រី​សុន​បាន​និយាយថា “​ខ្ញុំ​ដឹងថា​មាន​សំណួរ​ស្របច្បាប់​ជាច្រើន​ជុំវិញ​ការរៀបចំ​ពាណិជ្ជកម្ម​។ ប៉ុន្តែ​ដំណោះស្រាយ​ចំពោះ​ការយល់ឃើញថា​ការធ្វើ​ពាណិជ្ជកម្ម​មាន​ភាពអយុត្តិធម៌ ទំនងជា​ត្រូវបាន​រកឃើញ​នៅ​ជុំវិញ​តុ​ចរចា​ជាជាង​ការកសាង​ជញ្ជាំង​ពន្ធ​។ ការប្រឹងប្រែង​របស់​យើង​គឺ​ត្រូវតែ​បញ្ចុះបញ្ចូល​ប្រជាជន​របស់​យើង​ម្តងទៀត​ឱ្យដឹង​អំពី​អត្ថប្រយោជន៍​ក្នុងស្រុក (​នៃ​ពាណិជ្ជកម្ម​សេរី​)”​។​

​សុន្ទរកថា​នេះ​គឺជា​ការចង្អុលបង្ហាញ​យ៉ាងច្បាស់​ក្រឡែត​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​រួមជាមួយ​នឹង​ការ​គាំពារ​និយម​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​។​

​លោក​ម៉ូ​រី​សុន​និយាយទៀតថា “​យើង​កំពុង​មើលឃើញ​ជាក់ស្តែង​នូវ​ការកើនឡើង​នៃ​ការ​គាំពារ​និយម​ខាង​ពាណិជ្ជកម្ម ជាមួយនឹង​ការប្រែប្រួល​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កំពុង​លូតលាស់​ខ្លាំង​មួយចំនួន​។ តេស្ត​សម្រាប់​យើង​ឥឡូវនេះ​គឺ​ត្រូវការពារ​តម្លៃ​សេដ្ឋកិច្ច​ដែល​យើង​ជឿជាក់ និង​បង្ហាញ​ពី​របៀប​ដែល​វា​ដំណើរការ​”​។​

​លោក​ត្រាំ​នឹងមិន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​ក្រុម​ប្រទេស​ទាំង ២១ នេះ​ទេ ប៉ុន្តែ​អនុ​ប្រធានាធិបតី​លោក​ម៉ៃ ផេ​ន នឹង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​សៅរ៍​នេះ​។

​លោក​ផេ​ន​បាន​និយាយ​នៅលើ Twitter ថា គាត់​នឹង​ពិភាក្សា​អំពី “​ការប្តេជ្ញាចិត្ត​របស់លោក​ត្រាំ​ដើម្បី​ភាពរុងរឿង សន្តិសុខ និង សេរីភាព​នៅក្នុង​តំបន់​ឥណ្ឌូចិន​”​។​

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ក៏​នឹង​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះដែរ ហើយ​គេ​រំពឹងថា​គាត់​នឹង​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ពាណិជ្ជកម្ម​សេរី​និង​សកលភាវូបនីយកម្ម​និង​ព្រមាន​ប្រឆាំងនឹង​ការ​គាំពារ​និយម​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់