ម៉ាឡេស៊ី​នឹង​យកពន្ធ​លើ​អ្នក​ដែល​ធ្វើដំណើរ​ទៅលេង​នៅក្រៅ​ប្រទេស​

409
ចែករម្លែក

​ម៉ាឡេស៊ី​នឹង​យកពន្ធ​លើ​អ្នក​ដែល​ហោះ​ចេញពី​ប្រទេស នៅពេលដែល​សេចក្តីព្រាងច្បាប់​ស្តីពី​ពន្ធ​ក្នុងការ​ចេញដំណើរ​ឆ្នាំ ២០១៩ ត្រូវបាន​អនុម័ត​ក្នុង​សភា​។​

​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​ដាក់ជូន​ដោយ​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក អា​មី​រូដ​ឌី​ន ហាំ​ហ្សា (Amiruddin Hamzah) សម្រាប់​ការអាន​លើកដំបូង​របស់ខ្លួន​នៅ​សភា​កាលពី​ថ្ងៃ​ចន្ទ ទី ៨ មេសា​។​

​ចំនួន​ទឹកប្រាក់​នៃ​ពន្ធ​ដែល​ស្នើឡើង​នេះ​មិនត្រូវ​បានលើកឡើង​នៅក្នុង​សេចក្តីព្រាងច្បាប់​ទេ​។​

​ប៉ុន្តែ​នៅក្នុង​កញ្ចប់​ថវិកា​ឆ្នាំ ២០១៩ រដ្ឋាភិបាល​បានស្នើ​យកពន្ធ ២០ រីង​ហ្គី​ត (៤,៨៨ ដុល្លារ​អាមេរិក​) សម្រាប់​អ្នកធ្វើដំណើរ​ទៅកាន់​ប្រទេស​អាស៊ាន​ទាំង ៩ ផ្សេងទៀត និង ៤០ រីង​ហ្គី​ត (៩,៧៧) សម្រាប់​បណ្តា​ប្រទេស​មិនមែនជា​សមាជិក​អាស៊ាន​។​

​សេចក្តីព្រាងច្បាប់​នេះ​ស្នើឱ្យ​ដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ចំពោះ​អ្នក​ដែល​គេចវេស​ការបង់ពន្ធ​។​

​ជន​ណា​ដែលមាន​ចេតនា​គេចវេស​ឬ​ជួយ​ដល់​អ្នកដទៃ​ដើម្បី​គេចវេស​ការបង់ពន្ធ​នឹងត្រូវ​ទទួលពិន័យ ១ លាន​រីង​ហ្គី (​ជាង​២៤​ម៉ឺន​ដុល្លារ​) ឬ ជាប់គុក ៥ ឆ្នាំ ឬ ពិន័យ​ផង​ជាប់គុក​ផង​។​

​លើសពីនេះទៅទៀត “​បុគ្គល​ដែល​បាន​ចុះឈ្មោះ​” ដែល​ផ្តល់ព័ត៌មាន​មិន​ត្រឹមត្រូវ​អំពី​គោលដៅ​ធ្វើដំណើរ​របស់​អ្នកដទៃ អាច​ប្រឈម​នឹង​ការផាកពិន័យ ៥០០.០០០ រីង​ហ្គី​ត (​ជាង​១២​ម៉ឺន​ដុល្លារ​) ឬ​ជាប់គុក ៣ ឆ្នាំ ឬ​ពិន័យ​ផង​ជាប់គុក​ផង​។​

​យោងតាម​សេចក្តីព្រាងច្បាប់ “​បុគ្គល​ដែល​បាន​ចុះបញ្ជី​” គឺ សំដៅលើ​ប្រតិបត្តិ​ករ​ណាមួយ​ឬ​ភ្នាក់ងារ​របស់​ប្រតិបត្តិ​ករ​បរទេស​។​

​សេចក្តីព្រាងច្បាប់​ដែល​ស្នើឡើង​នេះ​ក៏បាន​ចែង​ផងដែរ​ថា​បុគ្គល​ណា​ដែល​បាន​ធ្វើបាប រារាំង ឬ​គំរាមកំហែង​មន្ត្រី​គយ​ក្នុងការ​បំពេញ​មុខងារ​របស់ខ្លួន​ឬ​មិន​ផ្តល់ជំនួយ​សមស្រប​ដល់​មន្ត្រី​គយ នឹងត្រូវ​ជាប់គុក​រយៈ​ពេល​៣​ឆ្នាំ​ជា​អតិបរមា ពិន័យ ៥០០.០០០ រីង​ហ្គី​ត ឬ​ពិន័យ​ផង​ជាប់គុក​ផង​៕ ដោយ៖ កញ្ញាដាលីស