ម៉ាឡេស៊ី​នៅ​តែ​រក្សា​ជំហរ​អំពី​ការធ្វើ​អត្ថាធិប្បាយ​របស់​លោក​អំ​ពី​តំបន់​កា​ស្មៀរ​បើទោះបីជា ឥណ្ឌា​ធ្វើពហិការ​

166
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី ២២ ខែ​តុលា​នេះ​ថា​លោក​នឹង​មិន​ដក​ការរិះគន់​របស់​លោក​ម​ក​វិញ​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​​ក្រុង​ញូវដែលី​នៅ​តំបន់​កា​ស្មៀរ​ដែល​មាន​ជម្លោះ​នោះ​ទេ ទោះបីជា​ក្រុម​ពាណិជ្ជករ​ឥណ្ឌា​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​មិន​ធ្លាប់​មាន​ពីមុនមក​មិន​អោយ​ទិញ​ប្រេងដូង​ម៉ាឡេស៊ី​ក៏​​ដោយ​។​

​ការជាប់គាំង​នេះ​អាច​ធ្វើឱ្យ​កាន់តែ​អាក្រក់​ថែមទៀត​លើ អ្វី​ដែល​លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​ហៅ​ថា​ជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​អ្នក​ផលិត​និង​នាំចេញ​ដ៏​ធំ​បំផុត​​ទី​២ និង​ប្រទេស​អ្នកទិញ​ធំ​បំផុត​ទី​២​របស់​ខ្លួន​នៅ​លើ​ពិភពលោក​រហូតមកដល់​ឆ្នាំនេះ​។​

​ស្ថាប័ន​ពាណិជ្ជកម្ម​ប្រេង​បន្លែ​ដ៏​ធំ​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​បាន​ស្នើ​ឱ្យ​សមាជិក​របស់​ខ្លួន​បញ្ឈប់​ការទិញ​ប្រេង​ដូង​របស់​ម៉ាឡេស៊ី បន្ទាប់​ពី លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត​បាន​និយា​​យ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ខែ​មុន​ថា​ឥណ្ឌា​បាន​លុកលុយ​និង​កាន់កាប់​តំបន់​កា​ស្មៀរ ដែល​ជា​តំបន់​មាន​ជម្លោះ​និង​មាន​ជន​អ៊ីស្លាម​រស់នៅ​ច្រើន​ដែល​​ទាមទារ​កាន់កាប់​ដោយ​ប៉ា​គី​ស្ថាន​។​

​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា​ម៉ូឌី បាន​ដក​ស្វ័យភាព​ដែលមាន​ជា​យូរ​មក​ហើយ​ពី​ផ្នែក​នៃ​ជ្រលង​ភ្នំ​កា​ស្មៀរ​របស់​ឥណ្ឌា​កាលពី​ថ្ងៃទី ៥ ខែសីហា​ដោយ​​បាន​ហៅ​វា​ថា​ជា​បញ្ហា​ផ្ទៃក្នុង​និង​រិះគន់​ប្រទេស​នានា​ដែល​បាន​និយាយ​ប្រឆាំង​នឹង​ចំណាត់ការ​នេះ​។​

​លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ខាង​ក្រៅ​សភា​ថា “​យើង​និយាយ​គំនិត​របស់​យើង ហើយ​យើង​មិន​ដកថយ​ឬ​ផ្លាស់ប្តូរ​ទេ​” ។​អ្វីដែល​​យើង​បាន​និយាយ​នោះ​គឺ​យើង​ទាំងអស់គ្នា​គួរតែ​គោរព​តាម​សេចក្តី​សម្រេស​ចិត្ត​របស់​អង្គការសហប្រជាជាតិ បើ​មិន​ដូច្នេះ​ទេ តើ​ការប្រើប្រាស់​អង្គការសហប្រជាជាតិ​នេះ​​ដើម្បី​អ្វី​ទៅ​?”​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្តីសម្រេច​ចិត្ត​ជា​ច្រើន​កាលពី​ឆ្នាំ ១៩៤៨ និង​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៥០ ស្តី​ពី​ជម្លោះ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​​អំពី​តំបន់​កា​ស្មៀរ ដែល​ក្នុងនោះ​សេចក្តី​ចែងច្បាប់​មួយ​និយាយ​ថា ការបោះឆ្នោត​ប្រជាមតិ​មួយ​គួរតែ​ត្រូវបាន​ធ្វើឡើង​ដើម្បី​កំណត់​អនាគត​នៃ​តំបន់​នេះ​។​

​លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយថា ម៉ាឡេស៊ី នឹងសិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​ពហិការ ដែល​ត្រូវបាន​អំពាវនាវ​ដោយ​សមាគម​ពាណិជ្ជកម្ម​ឥណ្ឌា​(Solvent Extractors’ Association of India) នេះ​និង​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត ស្ថិតនៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៩