អង្គការត្រួតពិនិត្យសត្វព្រៃមួយបាននិយាយកាលពីថ្ងៃអង្គារទី១២កុម្ភៈថា អាជ្ញាធរម៉ាឡេស៊ីបានរឹបអូសផលិតផលធ្វើពីពង្រូលនិងសត្វពង្រូលទម្ងន់ ៣០ តោននៅក្នុងរដ្ឋសាបាភាគខាងកើតនៅលើកោះប័រណេអូ ដែលជាការបង្ក្រាបធំបំផុតនៅក្នុងប្រទេសនេះ។
អង្គការឈ្មោះ Traffic បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប៉ូលិសក្នុងខែនេះបានរកឃើញរោងចក្រកែច្នៃពង្រូលចំនួនពីរកន្លែង ដោយបង្ហាញឱ្យឃើញនូវតួនាទីរបស់រដ្ឋសាបាជាប្រភពនិងកន្លែងជួញដូរសត្វជិតផុតពូជប្រភេទនេះ។
ប៉ូលិសរដ្ឋសាបាបាននិយាយថា កាលពីចុងសប្តាហ៍ពួកគេបានរឹបអូសកុងតឺន័របំពាក់ម៉ាស៊ីនត្រជាក់ចំនួនបីដែលផ្ទុកប្រអប់ដាក់ពង្រូលក្លាសេចំនួន ១.៨០០ ប្រអប់និងសត្វពង្រូលក្លាសេចំនួន ៥៧២ ក្បាលនៅក្នុងទូកុងតឺន័រដាច់ដោយឡែកផ្សេងទៀត ពង្រូលរស់ ៦១ ក្បាល និងស្រកាពង្រូល ៣៦១ គីឡូក្រាម។ ប្រអប់ជើងខ្លាឃ្មុំចំនួន ២ និងកញ្ជ្រោងព្រលាត់ស្បែករួច ៤ ក្បាលក៏ត្រូវបានរកឃើញផងដែរ។ បុរសជនជាតិម៉ាឡេស៊ីអាយុ ៣៥ ឆ្នាំម្នាក់ ដែលគេជឿថាជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃ ត្រូវបានឃុំខ្លួន។
សត្វពង្រូលត្រូវគេនិយាយថាជាថនិកសត្វដែលគេជួញដូរច្រើនជាងគេបំផុតនៅក្នុងពិភពលោក ហើយស្រការបស់វាកំពុងមានតម្រូវការខ្ពស់នៅអាស៊ីសម្រាប់ប្រើប្រាស់ក្នុងឱសថបុរាណចិន។ ស្រកាពង្រូលគឺបង្កើតឡើងដោយសារធាតុ Keratin គឺដូចគ្នាទៅនឹងក្រចកមនុស្សដែរ។ សាច់របស់វាត្រូវបានចាត់ទុកថាជាអាហារឆ្ងាញ់នៅក្នុងប្រទេសចិននិងបណ្តាប្រទេសអាស៊ីដទៃទៀតដែរ៕ ដោយ៖ កញ្ញាដាលីស