ម៉ាឡេស៊ី​បង្ក្រាប​លើ​ការនេសាទ​ខុសច្បាប់​ដោយ​ចាប់ខ្លួន​អ្នកនេសាទ​វៀតណាម​៣៦​នាក់​

3897
ចែករម្លែក

អាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនអ្នកនេសាទវៀតណាម៣៦នាក់ក្នុងការបង្រ្កាបមួយលើទូកនិងនាវានេសាទបរទេសចំពោះការចូលនេសាទខុសច្បាប់ក្នុងដែនទឹករបស់ខ្លួន។

ទូកនេសាទវៀតណាមនៅក្នុងដែនទឹកនៃរដ្ឋសាបា របស់ម៉ាឡេស៊ី

កាសែតThe Star បានស្រង់សម្តីរបស់នាយកនៃទីភ្នាក់ងារអន្តវត្តន៍ច្បាប់សមុទ្រម៉ាឡេស៊ីដែលថា ទូកដែលត្រូវចាប់ទុកត្រូវបានប្រទះឃើញនេសាទខុសច្បាប់នៅក្នុងដែនទឹកនៅឯនាយឆ្នេរតាន់ជុង គូបុង កាលពីថ្ងៃសៅរិ៍ទី២៥សីហា។

ការចាប់ទូកនេសាទវៀតណាមនេះជាផ្នែកនៃការបង្រ្កាបទ្រង់ទ្រាយធំមួយដោយរដ្ឋាភិបាលម៉ាឡេស៊ីលើសកម្មភាពនេសាទខុសច្បាប់ដោយជនបរទេស។

ការបង្រ្កាបរបស់ម៉ាឡេស៊ីកើតឡើងបន្ទាប់ពីអាជ្ញាធរឥណ្ឌូនេស៊ីក្បែរខាងបំផ្លាញចោលទូកនេសាទវៀតណាម៨៦គ្រឿងដោយសារតែចូលនេសាទខុសច្បាប់ក្នុងដែនទឹករបស់គេ។

សូមបញ្ជាក់ថាឥណ្ឌូនេស៊ីននៅខែនេះបានពន្លិចចោលទូកនិងនាវានេសាទបរទេសចំនួន១២៥នៅ១១ទីតាំងផ្សេងគ្នា ជាផ្នែកនៃការព្រមានអំពីការចូលលួចនេសាទក្នុងដែនទឹករបស់ខ្លួនពីទូកនិងនាវាបរទេស។ក្នុងចំណោមទូកដែលត្រូវបានបំផ្ទុះកំទេចចោលមានទូករបស់វៀតណាម ហ្វីលីពីននិងម៉ាឡេស៊ី តែវៀតណាច្រើនជាងគេ។

ឥណ្ឌូនេស៊ីបាននិយាយថា ការបំផ្លាញទូកនេសាទខុសច្បាប់នេះមិនត្រូវបានជូនដំណឹងជាមុនទេដើម្បីកុំអោយប៉ះពាល់ទំនាក់ទំនងជាមួយប្រទេសជិតខាង។តែវៀតណាមបាននិយាយថា អាជ្ញាធរវៀតណាមបានអំពាវនាវទៅឥណ្ឌូនេស៊ីជាច្រើនដងមកហើយថាកុំប្រើអំពើហិង្សាលើទូកនេសាទឬអ្នកនេសាទវៀតណាមក្នុងវិធីដែលប៉ះពាល់ដល់ភាពជាដៃគូយុទ្ធសាស្រ្តជាមួយប្រទេសក្បែរខាង។

គោលនយោបាយដ៏ប្រទូសរ៉ាយនេះ ត្រូវបានអនុវត្តចាប់តាំងពីប្រធានាធិបតី ចូកូ វីដូដូ ចូលកាន់តំណែងកាលពីឆ្នាំ២០១៤។ក្នុងជំនួបមួយនៅឥណ្ឌាជាមួយលោកចូកូវីដូដូ នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក បានសម្តែងក្តីសង្ឃឹមថា ឥណ្ឌូនេស៊ីនឹងពិចារណាអំពីគោលនយោបាយរបស់ខ្លួនក្នុងការបំផ្លាញចោលទូកបរទសដែលចូលនេសាទខុសច្បាប់ក្នុងដែនទឹកឥណ្ឌូនេស៊ី។

តាំងពីចូលកាន់តំណែងមក ទូកនិងនាវានេសាទខុសច្បាប់បរទេសចំនួន៤៨៨គ្រឿង ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីបំផ្លាញចោល ភាគច្រើនជារបស់វៀតណាម ថៃ ហ្វីលីពីនម៉ាឡេស៊ីនិងចិន៕ដោយ៖វាសនា

ទូកនេសាទវៀតណាមមួយត្រូវបានឥណ្ឌូនេស៊ី ដាក់រំសេវបំផ្ទុះចោលនៅខែនេះ