ម៉ាឡេស៊ី​បញ្ជូន​ខ្លួន​អតីត​ធនាគារិក​ Goldman ទៅកាន់​អាម៉េរិក​ដើម្បី​ប្រឈម​ការចោទ​ប្រកាន់​

862
ចែករម្លែក

​ម៉ាឡេស៊ី​បានធ្វើ​បត្យាប័ន​អតីត​ធនាគារិក Goldman Sach​ម្នាក់​ទៅ​កាន់​អាម៉េរិក​ដើម្បី​ប្រឈម​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ប្រាក់​រាប់​លាន​ដុល្លារ​នៅ​មូលនិធិ​រដ្ឋ​1MDB​។​

​បុរស​ម៉ាឡេស៊ី​ឈ្មោះ​រ៉ូ​ជើ ង៉ ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​ចាប់តាំងពី​ខែ​វិច្ឆិកា​ឆ្នាំមុន ក្រោយ​ពី​ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​ប្រកាស​ការ​ចោទប្រកាន់​ប្រឆាំង​លោក​ពី​​បទ​សម្អាត​លុយ​ដែល​ត្រូវបាន​ផ្ទេរចេញ​ពី​មូលនិធិ 1Malaysia Development Berhad (1MDB) ។​

​ង៉ បាន​យល់ព្រម​ចំពោះ​ការបញ្ជូន​ខ្លួន​ទៅ​អាម៉េរិក តែ​ដំណើរការ​នេះ​ត្រូវបាន​ពន្យារពេល​ក្រោយ​ពី​រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី បាន​និយាយថា​បុរស​នេះ​គួរ​ប្រឈម​ការចោទប្រកាន់ព្រ​​ហ្ម​ទណ្ឌ​នៅ​ម៉ាឡេស៊ី​ជាមុន​។​

​ទោះជា​យ៉ាងណា ម៉ាឡេស៊ី​និង​អាម៉េរិក បាន​យល់ព្រម​កាលពី​សប្តាហ៍​មុន​ថា​នឹង​ធ្វើ​បត្យាប័ន​លោ​កង៉​ទៅ​អាម៉េរិក​។​

​កាសែត​The Edge បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ស្រង់​សម្តី​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​ថា​«​ខ្ញុំ​អាច​បញ្ជាក់​ថា​គាត់​បាន​ចាកចេញ​កាលពី​ថ្ងៃ​សុក្រ និង​ឥឡូវ​កំពុង​នៅ​អា​​ម៉េរិក​ក្រោមការ​ឃុំគ្រង​របស់​ក្រសួង​យុត្តិធម៌​»​។​

​ធនាគារ​Goldman Sachs​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ចំពោះ​តួនាទី​របស់​ខ្លួន​ជា​អ្នកធានា​និង​អ្នករៀបចំ​ការចេញលក់​មូលប​ត្រដែល​ប្រមូល​លុយ​បាន​៦,៥​ពាន់​លាន​សម្រាប់​ 1MDB​។​តែ​ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​និយាយថា ទឹកប្រាក់​៤,៥​ពាន់​លាន​ត្រូវបាន​ប្រើ​មិន​ត្រឹមត្រូវ​ដោយ​មន្ត្រីជាន់ខ្ពស់​របស់ 1MDB និង​សហការី​របស់​គេ​រវាង​ឆ្នាំ​២០០៩​និង​២០១៤ រួម​មាន​លុយ​ខ្លះ​ដែល​Goldman Sachs​បាន​ជួយ​រក​ឲ្យ។​

Goldman Sachs​តែងតែ​បដិសេធថា​ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស និង​ថា​អតីត​សមាជិក​រដ្ឋាភិបាល​ម៉ាឡេស៊ី​និង 1MDB ខ្លះ​បាន​កុហក​ខ្លួន​អំពី​ការ​ប្រើប្រាស់​លុយ​បានមក​ពី​ការលក់​​មូលប​ត្រនេះ​។​

​ង៉ ត្រូវបាន​ចោទប្រកាន់​៤​ករណី​នៅ​ម៉ាឡេស៊ី ចំពោះ​ការជំរុញឲ្យធនាគារ​ផ្តល់​សេចក្តីថ្លែងការណ៍​ខុស​សម្រាប់​ការលក់​មូល​ប​ត្រ 1MDB ។​នៅ​អាម៉េរិក​គាត់​ក៏​ត្រូវបាន​ចោទប្រកាន់​​ថា​សមគំនិត​លាង​លុយ​របស់​1MDB និង​រំលោភច្បាប់​ពុករលួយ​បរទេស ជា​ច្បាប់​ដែល​ផ្តោត​លើ​មន្ត្រី​ទទួល​សំណូក​នៅ​បរទេស​៕​ដោយ​៖​វាសនា​/Ha

អតីត​ធនាគារិក​Goldman Sachs​រ៉ូ​ជើ ង៉​ និងមេធាវីចាកចេញ​ពី​តុលាការ​នៅ​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃ​៦​ឧសភា ឆ្នាំ​២០១៩