ម៉ាឡេស៊ី​បិទ​សាលារៀន​ជាង​១០០ បន្ទាប់​ពី​បញ្ហា​បរិស្ថាន​គីមី​ពុល​បានធ្វើឱ្យ​ក្មេង​ច្រើន​នាក់​មាន​ជំងឺ​

519
ចែករម្លែក

​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បិទ​សាលារៀន​ជាង​១០០​នៅក្នុង​រដ្ឋ​មួយ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​បរិយាកាស​មាន​សារធាតុ​ជាតិគីមី​ពុល​បានធ្វើឱ្យ​សិស្ស​​រាប់សិប​នាក់​ធ្លាក់ខ្លួន​មាន​ជំងឺ​ជា​លើក​ទី​២​ក្នុង​រយៈពេល​៣​ខែ​។​

​ក្រសួង​អប់រំ​បាន​បញ្ជា​ឱ្យ​បិទ​សាលារៀន​រដ្ឋ​ចំនួន​១១១​កន្លែង​និង​គ្រឹះស្ថាន​អប់រំ​ឯកជន​រាប់​សិប​កន្លែង​នៅ​ទីក្រុង​Pasir Gudang ក្នុង​រដ្ឋ Johor រយៈពេល​៣​ថ្ងៃ ​ចាប់ពី​ថ្ងៃ​អង្គារ​ទី​២៥​ខែមិថុនា បន្ទាប់​ពី​សិស្ស​ជាច្រើន​ត្អូញត្អែរ​ពី​ការពិបាក​ដកដង្ហើម​និង​ក្អួត​។

​ប្រភព​នៃ​បរិយាកាស​ពុល​នេះ​មិន​ត្រូវបាន​កំណត់​ច្បាស់​នោះ​ទេ​។​

​នាយករដ្ឋមន្ត្រី លោក មហា​ធៀ មហា​ម៉ា​ត បាន​និយាយថា​ក្រុម​អាជ្ញាធរ កំពុង​ខំប្រឹងប្រែង​ដើម្បី​កំណត់​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​បញ្ហា​ពុល​បរិយាកាស​នេះ​និង​ព្រមាន​ឱ្យ​​ចាត់វិធានការ​តឹងរឹង​។​

​កាលពី​ខែ​មីនា សាលារៀន​ជាច្រើន​នៅ​តំបន់​ដដែល​នោះ ត្រូវ​បាន​បិទ​ជាច្រើន​ថ្ងៃ​បន្ទាប់​ពី​កាកសំណល់​ពុល ត្រូវ​បាន​បោះចោល​ខុស​ច្បាប់​ចូល​ទឹកទន្លេ​ដែល​បាន​បណ្តាល​​ឱ្យ​មនុស្ស​ជាង​៥.០០០​នាក់ ធ្លាក់ខ្លួន​មាន​ជំងឺ​។​

​មនុស្ស​៤​នាក់ ដែល​រួម​ទាំង​ជនជាតិ​សិង្ហ​បុរី​២​នាក់ ដែល​មកពី​រោងចក្រ​ផលិត​សំបក​កង់​មួយ​កន្លែង​នៅក្នុង​រដ្ឋ Johor ត្រូវបាន​ចោទប្រកាន់​នៅ​តុលាការ​ពី​បទ​ធ្វើ​ខូច​​បរិស្ថាន​៕​ប្រែ​សម្រួល​៖​សុខា​

បុគ្គលិក​ជួយសង្គ្រោះ​ជួយ​សិស្ស​នៅ​ជំរំ​ជម្លៀស​ខ្លួន​មួយ​ក្នុង​រដ្ឋ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​មុថុនា​ក្រោយសិស្ស​មួយចំនួន​ធ្លាក់ខ្លួន​ឈឺ​