ម៉ាឡេស៊ី​បោះបង់ចោល​គម្រោង​ផ្លូវដែក​មានទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លា​ដែល​គាំទ្រ​ដោយ​ចិន​

584
ចែករម្លែក

ក្រុមមន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៦​ខែមករា​ថា​គម្រោង​ផ្លូវដែក​ម៉ាឡេស៊ី​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​ដែលមាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​នោះ ​ត្រូវបាន​បោះបង់ចោល ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថា ដោយសារ​ការចំណាយ​សាងសង់​ផ្លូវ​ដែរ​នេះ​គឺ​អស់​លុយ​ច្រើនពេក​។​

​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ម៉ាឡេស៊ី​បាន​ផ្អាក​គម្រោង​ធំៗ​ជាច្រើន​ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅក្រោម​របប​ដឹកនាំ​ពោរពេញ​ដោយ​រឿងអាស្រូវ​កាលពីមុន​របស់​ប្រទេស​​នេះ​ដើម្បី​កាត់បន្ថយ​បំណុល​មួយ​លាន​លាន រីង​ហ្គី​ត (២៥១​ពាន់​លាន​ដុល្លារ​) របស់​ប្រទេស​នេះ​។​

​លោក Azmin Ali រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ម៉ាឡេស៊ី បាន​និយាយថា ម៉ាឡេស៊ី​បានធ្វើ​សេចក្តីសម្រេចចិត្ត​នេះ​ពីរ​បី​ថ្ងៃ​កន្លងទៅនេះ​អំពី​គម្រោង​កសាង​ផ្លូវដែក​(ECRL)​ដែលមាន​ទឹកប្រាក់​៨១​ពាន់​លាន​រីង​ហ្គី​ត​(១៩,៦​ពាន់​លាន​ដុល្លារ​)​នៅ​តំបន់​ឆ្នេរសមុទ្រ​ខាងកើត​នៃ​ប្រទេស​នេះ​ដែល​ភ្ជាប់​ឆ្នេរសមុទ្រ​ខាងកើត​និង​ខាងលិច​នៃ​ឧបទ្វីប​​នេះ​។​

​លោក​បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ” តម្លៃ​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នេះ​គឺ​អស់​ទឹកប្រាក់​ច្រើនពេក​ដូច្នេះ​យើង​មិនមាន​សមត្ថភាព​ហិរញ្ញវត្ថុ​​នៅពេលនេះ​ទេ​”​។​

​លោក​បាន​និយាយថា បើសិនជា​គម្រោង​នេះ មិន​ត្រូវបាន​បញ្ឈប់​នោះទេ ម៉ាឡេស៊ី​នឹងត្រូវ​បង់ការ​ប្រាក់រាល់​ឆ្នាំ​ចំនួន​៥០០​លាន​រីង​ហ្គី​ត​។​

​រដ្ឋាភិបាល​មុន​របស់​ម៉ាឡេស៊ី ដែល​នៅក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី លោក Najib Razak មាន​ទំនាក់ទំនង​ដ៏​កក់ក្តៅ​ជាមួយ​ចិន​ហើយ​បាន​ចុះហត្ថលេខា​ជា​បន្ត​​ប​ន្ធា​ប់​លើ​គម្រោង​ជាច្រើន​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​និយាយថា​កិច្ចព្រមព្រៀង​ជាច្រើន​ក្នុងចំណោម​កិច្ច​ព្រម​ព្រ​ង​ទាំងនេះ​ខ្វះ​តម្លាភាព​ដែលនាំឱ្យ​មានការ​សង្ស័យ​ថា​គម្រោង ទាំងនេះ​ត្រូវបាន​បង្កើត​​ឡើងជា​ថ្នូរ​នឹង​ជំនួយ​ក្នុងការ​សងបំណុល​ពី​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​មូលនិធិ​រដ្ឋ​ម៉ាឡេស៊ី​1MDB ។​

​រឿងអាស្រូវ​នេះ​គឺជា​កត្តា​សំខាន់​មួយ​ដែលនាំអោយ​លោក Najib Razak ចាញ់ឆ្នោត​កាលពី​ខែឧសភា​ឆ្នាំមុន និង​នាំ​អ្នក​រិះគន់​លោក​គឺ​លោក Mahathir Mohamad វិល​ត្រ​​ឡប់​មកកាន់​អំណាច​វិញ​៕ដោយ៖សុខា/sn

​នៅក្រោម​ការដឹកនាំ​ថ្មី​របស់លោក Mahathir Mohamad​ម៉ាឡេស៊ី​បាន​ផ្អាក​គម្រោង​ធំ ៗ​ជាច្រើន​