ម៉ាឡេស៊ី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែល​រត់ចេញ បន្ទាប់ពី​ទីក្រុង​មូ​ស៊ុ​ល​របស់​អ៊ីរ៉ាក់ ត្រូវបាន​រំដោះ

997
ចែករម្លែក

ម៉ាឡេស៊ី​បានដាក់​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែល​រត់ចេញ បន្ទាប់ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានប្រកាស​ជ័យជម្នះ​ក្នុងការ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម (​ក្រុម​អាយ​ស៊ី​ស​) នៅ​ទីក្រុង​មូ​ស៊ុ​ល (Mosul) នៅ​អ៊ីរ៉ាក់ និង​ទីក្រុង​រ៉ា​ក់​កា នៅ​ស៊ី​រី​។​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម៉ាឡេស៊ី លោក ហ៊ី​សា​ម៉ាត់​ឌី​ន ហ៊ូ​សេន (Hishammuddin Hussein) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១០ កក្កដា​ថា សេចក្តីរាយការណ៍​ព័ត៌មាន​ចារកម្ម បង្ហាញថា ក្រុម​យុទ្ធជន​បរទេស​អាយ​ស៊ី​ស ដែល​រត់គេចខ្លួន​ពី​មជ្ឈិមបូព៌ា​នោះ មាន​ផែនការ​ផ្លាស់ប្តូរ​មូលដ្ឋាន​របស់​ពួកគេ​មក​អាស៊ីអាគ្នេយ៍​វិញ​។​

​ដោយបាន​និយាយ​នៅ​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ លោក ហ៊ី​សា​ម៉ាត់​ឌី​ន ហ៊ូ​សេន បានប្រកាសថា​ក្រុម​អាយ​ស៊ី​ស​ជាស​ត្រូវ​ទីមួយ​របស់​រដ្ឋាភិបាល​។ លោក​បាន​និ​យ​យា​ថា ការ​វាយ​ប្រយុទ្ធ​ដ៏​ជោគជ័យ​ក្នុងការ​ប្រឆាំង​ក្រុម​អាយ​ស៊ី​ស​នៅ​ទីក្រុង​មូ​ស៊ុ​ល និង​ទីក្រុង​រ៉ា​ក់​កា (​ស៊ី​រី​) និង ទីក្រុង​អា​ឡេ​ប៉ូ (​ស៊ី​រី​) បានធ្វើឱ្យ​ក្រុម​ជន​សកម្មប្រយុទ្ធ​ដ៏​ច្រើន រត់​ចេញពី​មជ្ឈិមបូព៌ា​។ ហេតុនេះ​ម៉ាឡេស៊ី ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

លោក ហ៊ី​សា​ម៉ាត់​ឌី​ន ហ៊ូ​សេន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​ខែកក្កដា​ថា “​អ្វីដែល​បានកើត​ឡើង​នៅ​មជ្ឈិមបូព៌ា មានការ​ប៉ះពាល់​ផ្ទាល់​នៅទីនេះ ។ ពួកគេ​បានប្រកាសថា មិនមាន​ក្រុម​អាយ​ស៊ី​ស​ទៀត​ទេ​នៅ​ទីក្រុង​មូ​ស៊ុ​ល និង ទីក្រុង​រ៉ា​ក់​កា​បន្ទាប់ពី​ការវាយលុក​ចូល​របស់​ពួកគេ​”៕

ម៉ាឡេស៊ី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែល​រត់ចេញ បន្ទាប់ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ប្រកាស​ជ័យជម្នះ​ក្នុងការ​ប្រឆាំង​ក្រុម​អាយ​ស៊ី​ស នៅ​ទីក្រុង​មូ​ស៊ុ​ល​និង​ទីក្រុង​រ៉ា​ក់​កា