ម៉ាឡេស៊ី​ពិន័យ​ប្រាក់​លើ​មនុស្ស​៨០​នាក់​និង​ក្រុម​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងៗ​ចំពោះ​ការ​ជាប់ទាក់ទង​នឹង​គម្រោង​1MDB

145
ចែករម្លែក

​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ចន្ទ​ទី​៧​ខែ​តុលា​នេះ​បាន​បញ្ជា​ឱ្យ​មនុស្ស​៨០​នាក់​និង​ក្រុម​ជាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​បង់​ប្រាក់​ពិន័យ​សរុប​​ប្រមាណ​១០០​លាន​ដុល្លារ​ពី​បទ​ទទួល​លុយ​ពី​មូលនិធិ​វិនិយោគ​រដ្ឋ​1MDB​នេះ ។​

​លោក​ណា​ហ្សៀ រ៉ា​ហ្សាក់ បងប្រុស​របស់ អតីត​នាយករដ្ឋមន្ត្រី លោក​ណា​ជីប រ៉ា​ហ្សាក់ ដែល​ជា​ប្រធាន​ធនាគារ​ធំ​ជាងគេ​ទី​២ របស់​ប្រទេស​នេះ ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​​ពិន័យ​នេះ ហើយ​អ្នកពាក់ព័ន្ធ​មួយចំនួន​ទៀត​នៅក្នុង​បញ្ជី​នេះ​ផងដែរ គឺ​មាន​អតីត​អនុរដ្ឋមន្ត្រី​និង អតីត​ប្រធាន​អាជ្ញាធរ​អភិវឌ្ឍន៍​ដី​សហព័ន្ធ ។​

​សាខា​ជា​ច្រើន​នៃ​គណបក្ស​របស់​លោក​ណា​ជីប រ៉ា​ហ្សាក់ និង​អ្នក​ផ្សេង​ទៀត​នៅក្នុង​អតីត​ក្រុម​សម្ពន្ធភាព​កាន់​អំណាច​ក៏​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​នេះ ដោយ​រួមទាំង​ក្រុមហ៊ុន​ចំនួន​២៣​ផងដែរ​។​

​លោក​ណា​ជីប រ៉ា​ហ្សាក់ កំពុង​ប្រឈម​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​ចំនួន​៤២​ករណី ការរំលោភ​អំណាច​និង ការលាង​លុយ នៅក្នុង​ករណី​បទឧក្រិដ្ឋ​៥​ដាច់​ដោយ​​ឡែក​ដែល​ទាក់ទង​នឹង​គម្រោង​មូលនិធិ​វិនិយោគ​1MDB ដែល​បាត់​បង់ប្រាក់​អស់​ច្រើន​ពាន់​លាន​ដុល្លារ​នេះ​។​

​ការ​ខឹងសម្បារ​ជា​សាធារណៈ​ចំពោះ​អំពើពុករលួយ​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ​បាន​ធ្វើឱ្យ​ក្រុម​សម្ពន្ធភាព​ដែល​កាន់​អំណាច​ជា​យូរ​របស់​លោក​ណា​ជីប រ៉ា​ហ្សាក់​បរាជ័យ​ដ៏​គួរ​​ឱ្យ​ភ្ញាក់ផ្អើល​នៅក្នុង​ការបោះឆ្នោត​ខែ​ឧសភា​ឆ្នាំ ២០១៨ ។​

​លោក​ណា​ជីប បាន​បដិសេធ​ថា​មិន​បាន​ធ្វើ​ខុស​ហើយ​បាន​ចោទប្រកាន់​រដ្ឋាភិបាលរ​បស់​នាយករដ្ឋមន្ត្រី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ថា​បាន​ស្វែងរក​ការ​សងសឹក​នយោបាយ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ណា​ជីប រ៉ា​ហ្សាក់ មក​ដល់​តុលាការ​ក្រុង​គូ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃទី​១៨​ខែ​មិថុនា​ឆ្នាំ​២០១៩