ម៉ា​ក្រុង​ប្តេជ្ញា​បន្ធូរ​បន្ថយពន្ធ​និង​អំពាវនាវ​អោយ​ស្ងប់ស្ងាត់ តែ​ថា​គ្មាន​ការបោះឆ្នោត​មុន​កាលកំណត់​ទេ​

684
ចែករម្លែក

ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែល ម៉ាក្រុង បានបាត់បង់ការនៅស្ងៀមស្ងាត់របស់លោកអំពីការតវ៉ាប្រឆាំងដែលបានធ្វើអោយកក្រើកបារាំងនិងតំណែងប្រធានាធិបតីរបស់លោក ដោយលោកបានចេញមកប្រកាសតាមទូរទស្សន៍ថានឹងបន្ធូរបន្ថយពន្ធសំរាប់កម្មករនិយោជិតនិងអ្នកចូលនិវត្តន៍ដែលតស៊ូនឹងជីវភាពរស់នៅហើយលោកបានទទួលស្គាល់ការទទួលខុសត្រូវរបស់លោកនៅក្នុងការបង្កអោយមានកំហឹងជាតិ។

ថ្លែងក្នុងសម្តីសុភាពនិងសម្លេងទន់ភ្លន់ លោកម៉ាក្រុងបានសុំអង្វរអោយមានការវិលមករកភាពស្ងប់ស្ងាត់ឡើងវិញបន្ទាប់ពីការតវ៉ាប្រឆាំងអស់ពេលជិត៤សប្តាហ៍ដែលបានចាប់ផ្តើមនៅបណ្តាខេត្តដែលគេមិនអើពើដើម្បីប្រឆាំងនឹងការដំឡើងពន្ធប្រេង និងវិវត្តមកជាកុបកម្មនៅកណ្តាលទីក្រុងប៉ារីស។

មេដឹកនាំបារាំងរូបនេះបានថ្លែងតាមទូរទស្សន៍ចេញពីវិមានប្រធានាធិបតី អេលីហ្សេ ថា« យើងកំពុងស្ថិតនៅក្នុងពេលប្រវត្តិសាស្រ្តមួយសំរាប់ប្រទេសរបស់យើង។យើងនឹងមិនបន្តមាគ៌ារស់នៅតាមធម្មតារបស់យើងទៀតទេ»ក្រោយពីហេតុការណ៍ទាំងនេះបានកើតឡើង។

ប្រធានាធិបតីអេមម៉ានុយអែល ម៉ាក្រុង ថ្លែងតាមទូរទស្សន៍ទៅកាន់ប្រជាជាតិដោយសុំអង្វរអោយមានភាពស្ងប់ស្ងាត់

បាតុករក្រុមអាវកាក់ពណ៌លឿងមួយចំនួនតូចបានបន្តការទាមទាររបស់គេកាលពីថ្ងៃចន្ទទី១០ធ្នូ

សូមបញ្ជាក់ថា ពួកបាតុករបានចំណាយពេលជាច្រើនថ្ងៃទាមទារអោយប្រធានាធិបតីនិយាយជាសាធារណៈអំពីទុក្ខកង្វល់របស់ពួកគេ តែវានៅមិនទាន់ប្រាកដថាតើចម្លើយតបរបស់ប្រធានាធិបតីពេលនេះវាគ្រប់គ្រាន់ដែរឬអត់ ខណៈតំណាងបាតុកម្មខ្លះបាននិយាយថានឹងមានបាតុកម្មបន្ថែមនៅថ្ងៃសៅរិ៍ខាងមុខ បន្ទាប់ពីការតវ៉ាកាលពីថ្ងៃសៅរិ៍កន្លងទៅបានប្រែក្លាយកណ្តាលក្រុងប៉ារីសជាសមរភូមិ។

លោកម៉ាក្រុងបានប្រកាស«ស្ថានភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងភាពអាសន្ន» ដោយបានបញ្ជារដ្ឋាភិបាលនិងសភាចាត់វិធានការបន្ទាន់ដើម្បីផ្លាស់ប្តូរច្បាប់ពន្ធនិងគោលនយោបាយដទៃទៀតដែលបានធ្វើអោយប៉ះពាល់ចំណូលរបស់វណ្ណៈកម្មករនៅទូទាំងបារាំង។

លោកបានឆ្លើយតបទៅនឹងការទាមទារជាច្រើនរបស់បាតុករ ដោយបានសន្យាចាត់វិធានការរួមមាន៖

-បង្កើនកំរៃឈ្នួលអប្បរមា១០០អឺរ៉ូ(១១៣,៦៥ដុល្លារ)ដោយចាប់ផ្តើមនៅដើមឆ្នាំក្រោយដោយរដ្ឋជាអ្នកចំណាយ
-លុបចោលពន្ធលើថ្លៃឈ្នួលការងារលើសម៉ោង(overtime)នៅឆ្នាំ២០១៩
-ស្នើសុំបណ្តាក្រុមហ៊ុនរកប្រាក់ចំណូលអោយផ្តល់កម្មករនិយោជិតនូវប្រាក់រង្វាន់ចុងឆ្នាំ(bonus)ដោយមិនគិតពន្ធ
-លុបចោលការដំឡើងពន្ធលើសោធនតូចតាច

ប្រជាជនបារាំងមើលការថ្លែងរបស់លោកម៉ាក្រុងតាមទូរទស្សន៍

លោកប្រធានាធិបតីបានបន្តថា «ខ្ញុំសូមចូលរួមទទួលខុសត្រូវ»ចំពោះការបង្កកំហឹងក្នុងចំណោមប្រជាជនបារាំង។«ខ្ញុំប្រហែលជាបានធ្វើអោយប៉ះពាល់អារម្មណ៍ប្រជាជនដោយសារតែសម្តីរបស់ខ្ញុំ»។

មេដឹកនាំនិយមកណ្តាលរូបនេះបានចាត់ទុកទុក្ខព្រួយរបស់អ្នកតវ៉ាប្រឆាំងថាមានអាយុកាលយូរឆ្នាំ គឺមានចំណាស់៤០ឆ្នាំដូចរូបលោកដែរនិងវាកើតឡើងចំពេលបារាំងតស៊ូដើរអោយទាន់សកលូបនីយកម្មនៅប៉ុន្មានទសវត្សរ៍មកនេះ។លោកក៏បានថ្កោលទោសអំពើហិង្សាក្នុងពេលតវ៉ាប្រឆាំងដែលបាននាំដល់ការរងរបួសរាប់រយនាក់និងការចាប់ខ្លួនជាង១.០០០នាក់ រួមទាំងការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជននៅក្នុងទីក្រុងប៉ារីស។

ទោះជាបានធ្វើសម្បទានមួយចំនួនធំ តែការទាមទារអោយលោកចុះចេញពីតំណែងត្រូវបានលោកម៉ាក្រុងឆ្លើយថា«មិនមានការបោះឆ្នោតប្រធានាធិបតីឬសភានៅមុនឆ្នាំ២០២២ទេ»៕ដោយ៖វាសនា