ម៉ា​ក្រុង​ពន្លះ​អង្គការ​ណា​តូ​ថា “​ងាប់​ខួរ​” ហើយ​ថា​អឺរ៉ុប​លែង​ពឹង​អាម៉េរិក​បាន​ទៀតហើយ​

703
ចែករម្លែក

​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង បា​នប​ន្លះ​អង្គការ​ណា​តូ​ថា “​ខួរ​ងាប់​” និង​ព្រមាន​ថា អឺរ៉ុប​លែង​ពឹង​លើ​អាម៉េរិក​បាន​តទៅ​ទៀតហើយ​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​។​

​ប្រធានាធិបតី​បារាំង​រូបនេះ​បាន​ប្រាប់​ទស្សនា​វ​ដ្តី The Economist នៅ​វិមាន​អេ​លី​សេ​ថា “​ខ្ញុំ​សូម​លើកឡើងថា យើង​គួរតែ​វាយតម្លៃ​ឡើងវិញ​នូវ​ការពិត​ចំពោះ​អ្វីដែល​អង្គការ​ណា​តូ​កំពុង​ស្ថិតនៅក្រោម​ការប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាម៉េរិក​។ អ្នក​ពុំមាន​ការសម្របសម្រួល​អ្វី​ទាំង​អស់នៃ​ការសម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​ណា​តូ​របស់ខ្លួន​។ គឺ​គ្មាន​ទាល់តែសោះ​។ អ្នកមាន​ចំណាត់ការ​ដ៏​គឃ្លើន​ដោយ​គ្មាន​ការសម្របសម្រួល​ពី​សម្ព័ន្ធ​មិត្ត​ណា​តូ​មួយទៀត​គឺ​តួ​ក​គី​នៅក្នុង​តំបន់​មួយ ដែល​ផលប្រយោជន៍​របស់​យើង​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​”​។​

​នៅពេល​សួរថា​តើ​គាត់​នៅតែ​ជឿជាក់​លើ​មាត្រា ៥ នៃ​សន្ធិសញ្ញា​បង្កើត​អង្គការ​ណា​តូ ដែល​ចែងថា​នៅក្រោម​ការវាយប្រហារ​ប្រឆាំងនឹង​ប្រទេស​ណាមួយ​គឺ​ត្រូវ​ចាត់ទុកជា​ការវាយប្រហា​រ​ប្រឆាំងនឹង​ប្រទេស​ទាំងអស់ ឬ​យ៉ាងណា​នោះ លោក​ម៉ា​ក្រុង​បាន​ឆ្លើយថា “​ខ្ញុំ​មិនដឹង​ទេ​… ថា​តើ​មាត្រា ៥ នឹងមាន​អត្ថន័យ​យ៉ាងម៉េច​នៅ​ថ្ងៃស្អែក​?”​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​លោក​ម៉ា​ក្រុង​កាលពី​ថ្ងៃទី ២១ ខែតុលា​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​វិច្ឆិកា លោក​បាន​អះអាងថា អឺរ៉ុប​កំពុង​ឈរ​នៅ​មាត់ជ្រោះ​។​

​លោក​បាន​បន្ថែមថា “​អ្វីដែល​យើង​កំពុង​ជួបប្រទះ​បច្ចុប្បន្ននេះ​គឺ​អង្គការ​ណា​តូ ដែល​ងាប់​ខួរ​”​។​

​លោក​បាន​អះអាងថា​ទ្វីបអឺរ៉ុប​ត្រូវតែ​ភ្ញាក់ឡើង ហើយ​ពិចារណា​ខ្លួនឯង​ជា​សមូហភាព​ភូមិសាស្ត្រ​នយោបាយ​ឬ​មិន​អ៊ីចឹង​ទេ​ទ្វីបអឺរ៉ុប​នឹងត្រូវ​បំផ្លាញ​។​

​លោក​បាន​ប្រាប់​ទស្សនា​វ​ដ្តី The Economist ថា “​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​មិនបាន​ចែករំលែក​គំនិត​របស់​យើង​អំពី​គម្រោង​អឺរ៉ុប​ទេ ហើយ​ប្លុក​នេះ​កំពុង​រង​ការបំផ្លាញ​ថែមទៀត​ដោយ Brexit”​។​

​លោក​បាន​ប្រាប់​ទស្សនា​វ​ដ្តី​នេះ​ថា “​អាម៉េរិក​កំពុង​បែរខ្នង​ដាក់​យើង​”៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ក្រុង​ថា​អឺរ៉ុប​មិនអាច​ពឹង​លើ​អាម៉េរិក​បាន​ទៀត​ទេ