ម៉ា​ក្រុង ទទួលស្គាល់ ពី​តម្រូវការ​ឱ្យមាន​ប្រទេស​ចិន និង​រុស្ស៊ី ដើម្បី​នាំ​សន្តិភាព មក​ប្រទេស​ស៊ី​រី​

1139
ចែករម្លែក

​អតីត​អ្នកការទូត​កាណាដា លោក ផា​ទ្រី​ក អាម​ស្ត្រ​ង បាន​ប្រាប់​វេ​ប​សាយ​ស្ពុ​ត​និក របស់​រុស្ស៊ី​ថា ការអធិប្បាយ​របស់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​សប្តាហ៍​មុន បាន​បើក​នូវ​សករាជ​ថ្មី​នៃ​ការធ្វើ​គោលនយោបាយ​មជ្ឈិមបូព៌ា ជាមួយ​រុស្ស៊ី និង​ចិន​ដើរតួនាទី​ដ៏​សំខាន់​។

​កាលពី​ថ្ងៃទី ១៣ កក្កដា លោក​ម៉ា​ក្រុង​បាន​ប្រាប់​នៅ​សន្និសីទកាសែត ជាមួយ​ត្រាំ ថា បារាំង​មិន​ទាមទារ​ឱ្យ​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ ចុះ​ចេញពី​តំណែង សម្រាប់​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការកសាង​ដំណោះស្រាយ​នយោបាយ​ដែលមាន​និរន្ត​ភាព និង​ចីរភាព ក្នុងប្រទេស​ស៊ី​រី ឡើយ​។

​លោក​អាម​ស្ត្រ​ង​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១៧ កក្កដា​ថា “​ខ្ញុំ​គិតថា យើង​ប្រហែល​កំពុងស្ថិត​ក្នុងសម័យ​កាល​ដំបូង​នៃ​ការផ្លាស់ប្តូរ​ដ៏​សំខាន់ ទាក់ទិន​នឹង​លោកខាងលិច និង​ប្រទេស​ស៊ី​រី​”​។

​លោក​អាម​ស្ត្រ​ង​និយាយថា សម្តី​របស់​ប្រធានាធិបតី​បារាំង​ទើប​ជាប់ឆ្នោត​ថ្មី​នេះ កត់សម្គាល់​ពី​ការផ្លាស់ប្តូរ​គោលនយោបាយ​ដ៏​សំខាន់​ក្នុង​ទីក្រុង​ប៉ារីស​។​

​លោក​អាម​ស្ត្រ​ង​បន្ថែមទៀតថា ការអធិប្បាយ​បន្ថែមទៀត​របស់លោក​ម៉ា​ក្រុង​អំពី​តម្រូវការ​ក្នុង​ការនាំ “P5” (​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​) ឱ្យចូល​ក្នុង​ដំណើរ​ការរក​សន្តិភាព​ពេញលេញ​នៅ​ស៊ី​រី កត់សម្គាល់​ពី​ការចាកចេញ​ដ៏​ហានក្លា ពី​គោលនយោបាយ​លោកខាងលិច​គ្រា​មុនៗ​។

​លោក​បាន​រំលឹកថា “​មតិ​ឯកច្ឆន្ទ​របស់លោក​ខាងលិច​ធ្លាប់តែ​លើកឡើងថា សំណួរ​អំពី​ប្រទេស​ស៊ី​រី ត្រូវតែ​ដោះស្រាយ​ពី​ខាងក្រៅ​។ ដោះស្រាយ​ដោយ​មហាអំណាច​លោកខាងលិច ពោលគឺ​គេ​មិន​ឱ្យមាន​រុស្ស៊ី​ចូលរួម​ពាក់ព័ន្ធ​ឡើយ គឺ​មិន​ត្រូវឱ្យ​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ស៊ី​រី​ឡើយ ហើយ​ត្រូវ​ទុក​ចិន​នៅ​ស្ងៀម​តែឯង​”​។​

​ទោះយ៉ាងណា លោក​ម៉ា​ក្រុង បាន​បោះបង់ចោល​គោលជំហរ​មតិ​ឯកច្ឆន្ទ​ចាស់គំរិល​នេះ​យ៉ាងច្បាស់​ក្រឡែត ក្នុងការ​អធិប្បាយ​នៅ​សន្និសីទកាសែត​របស់គាត់​។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​លោក​អាម​ស្ត្រ​ង​។​

​លោក​អាម​ស្ត្រ​ង​អះអាងថា “​មូ​ស្គូ​បាន​ទទូច​ម្តង​ហើយ​ម្តង​ទៀតថា បញ្ហាសំខាន់​អាច​ដោះស្រាយបាន​ទាល់តែ​មានការ​ចូលរួម​ពី​ភាគី​ទាំងអស់ ហើយ​ជាពិសេស​គឺ អ​.​ស​.​ប​”៕ ដោយ៖ កញ្ញាដាលីស

លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង