ម៉ា​គូស រ៉ា​ហ្វ​ដ កោតសរសើរ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ចំពោះ​ដំណោះស្រាយ​ជាមួយ​កីឡាករ​

155
ចែករម្លែក

ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​គាំទ្រ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ដោយ​កោតសរសើរ​គ្រូបង្វឹក​បច្ចុប្បន្ន​ថា មានការ​យល់ដឹង​ពី​កីឡាករ​បាន​ច្រើន​។​

ក្រុម​របស់លោក សូល​ស្យែ​រ ចាប់ផ្តើម​មិនសូវ​បានល្អ​ទេ ដោយ​ទើប​រកបាន​ជ័យជម្នះ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​បួន​ប្រកួត​កន្លងមក គឺ​ឈ្នះ​ក្រុម​ឆេ​ល​ស៊ី​នៅ​ថ្ងៃ​បើកឆាក​។​

​ពួកគេ​ទទួលបាន​លទ្ធផល​ស្មើ​ជាមួយ​ក្រុម វ៉ូ​ល​វេស​(Wolves )​និង​ក្រុម សាវ​ហេម​តុ​ន​(Southampton) និង​ការប្រកួត​ចាញ់​ក្រុម​គ្រី​ស្តា​ល់ ផា​លេស​( Crystal Palace) ក្នុង​ទឹកដី ប៉ុន្តែ រ៉ា​ហ្វ​ដ បាន​គាំទ្រ​គ្រូបង្វឹក​រូបនេះ ដើម្បី​សម្រេច​ជោគជ័យ​នៅ​ពហុ​កីឡដ្ឋាន Old Trafford ។​

​រ៉ា​ហ្វ​ដ បាន​និយាយ​អំពី​ភាព​ខុសប្លែកគ្នា​ពី​របៀប​ដឹកនាំ​របស់លោក សូល​ស្យែ​រ និង​អតីត​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។​
​​
រ៉ា​ហ្វ​ដ បាន​និយាយថា “​សូល​ស្យែ​រ មាន​ភាពខុសប្លែក​។ ក្រៅ​ទីលាន​ប្រកួត គាត់​យល់ដឹង​ពី​កីឡាករ​បាន​ច្រើន​”​។ ទាក់ទិន​លោក ម៉ូ​រី​ញ៉ូ ខ្សែប្រយុទ្ធ​រូបនេះ​បាន​និយាយថា វា​មិនជា​បញ្ហា​ទេ ដោយសារ​គ្រូបង្វឹក​រូបនេះ​មាន​របៀប​ដឹកនាំ​ផ្ទាល់ខ្លួន​និង​ជា​គ្រូបង្វឹក​កំពូល​ម្នាក់​។​

​បើទោះបីជា​ចាប់ផ្តើម​មិនបាន​ល្អ​នៅ​រដូវ​កាល​នេះ​ក៏ដោយ​ក៏​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​បាន​គាំទ្រ​គ្រូបង្វឹក សូល​ស្យែ​រ ដោយសារ​គ្រូបង្វឹក​រូបនេះ​មាន​ផែនការ​នៅក្នុង​ដៃ​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ទៅមុន​ទៀត​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford)