ម៉ា​គូស រ៉ា​ហ្វ​ដ គាំទ្រ ផូ​ល ប៉ុក​បា បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស់​ជុំវិញ​ការទា​ត់បាល់ ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច

323
ចែករម្លែក

​ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) បាន​និយាយ​សម្រាល​ភាព​ចម្រូង ចម្រាស់​អំពី​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី ផូ​ល ប៉ុក​បា (Paul Pogba) ធ្វើ​មិនបាន​សម្រេច​។

​អ្នកចាំទី រូ ភែ​ទ្រី​ស៊ី​យ៉ូ (Rui Patricio) បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​របស់ ប៉ុក​បា អំឡុងពេល​ក្រុម​ទាំងពីរ​បាន​ប្រកួត​ស្មើ ១-១ ជាមួយ​ក្លិប វូ​ល​វេស​(Wolves) ។

​មកដល់ពេលនេះ Pogba ទាត់​ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច​បួន​លើក​រួចមកហើយ ចាប់តាំងពី​ដើមរដូវ​កាល​មុន បន្ទាប់ពី​ខកខាន​មិនបាន​ទាត់​បញ្ចូល​ទី​ក្រុម Burnley Everton និង Southampton ។

​បន្ទាប់ពី​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច ប៉ុក​បា បាន​ក្លាយជា​ប្រធានបទ នៃ​ការប្រមាថ​បែប​រើសអើង​ជាតិ​សាសន៍​តាម​បណ្តាញ​សង្គម​ទ្វី​ត​ធើ​ស្របពេល​យូ​ណាយ​ធី​ត​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​លើកឡើងថា​ពួកគេ​មិន​សប្បាយចិត្ត​និង​កំពុង ធ្វើ​ការងារ ដើម្បី​ស្វែងរក​អ្នក​ដែល​ទទួល​ការខុសត្រូវ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​។

​រ៉ា​ហ្វ​ដ មាន​ស្ថិតិ​ល្អ​សម្រាប់​ការទា​ត់បាល់​ចំណាយ​១១​ម៉ែត្រ​ដោយ​រកបាន​គ្រាប់​បាល់ ជួយ​ក្រុម​យូ​ណាយ​ធី​ត​ឈ្នះ​ក្រុម​ឆេ​ល​ស៊ី ៤-០ កាលពី​សប្តាហ៍​មុន ប៉ុន្តែ រា​ហ្វ​ដ មិន បន្ទោស ប៉ុក​បា ដោយសារ​ការចង់​ទាត់​បាល់​ប៉េ​ណា​ល់​ទីនេះ​ទេ​។

​រ៉ា​ហ្វ​ដ បាន​និយាយថា “​ខ្ញុំ​គិតថា ប្រសិនបើ​អ្នក​សួរ​កីឡាករ​ទាំងអស់​ក្នុង​ក្រុម​ពួកគេ មាន​ទំនុកចិត្ត​ក្នុងការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​។ ផូ​ល ប៉ុក​បា ចង់​ទាត់​បាល់​ប៉េ​ណា​ល់​ទី​។ ខ្ញុំ​បានធ្វើ​ការងារ​នេះ​កាលពី​សប្តាហ៍​មុន ហើយ​ដូច្នេះ​វា​មិនជា​បញ្ហា​អ្វី​ទេ​”​។

​រ៉ា​ហ្វ​ដ បាន​បន្តថា “​គាត់​ធ្លាប់ធ្វើ​បានល្អ​រាប់មិនអស់​ជាមួយ​បាល់​ប៉េ​ណា​ល់​ទី​ហើយ​វា ជា​រឿង​ធម្មតា​ទេ សម្រាប់​កីឡាករ​ដែល​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិន​ចូល​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ