ម៉ា​គូស រ៉ា​ហ្វ​ដ ប្រហែលជា​គ្មាន​វត្ត​មាននៅ​យូ​ណាយ​ធី​ត​រដូវ​កាល​ក្រោយ​ទេ​ខណៈ​កាន់តែ​ខកចិត្តខ្លាំង​

820
ចែករម្លែក

ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ចាប់ផ្តើម​មាន​អារម្មណ៍​ខកចិត្ត​កាន់តែខ្លាំង​ឡើង ដោយសារតែ​មិនបាន​បង្ហាញមុខ​គ្រប់គ្រាន់​ក្នុងការ​ប្រកួត​សម្រាប់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។

​រ៉ា​ហ្វ​ដ​ទើបបាន​ចាប់ផ្តើមបាន​៥​ប្រកួត​ពេញ​ប៉ុណ្ណោះ​ក្នុងចំណោម​១៦​ប្រកួត​ចុងក្រោយ សម្រាប់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​គេ​ជឿថា​កីឡាករ​រូបនេះ​មានការ​ខកចិត្ត​ខ្លាំង ពិសេស​នៅពេល​មិនបាន​បង្ហាញមុខ អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​៣-២ ។

​គ្រូបង្វឹក​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បានដាក់​ឲ្យ រ៉ា​ហ្វ​ដ លេង​ត្រឹមតែ​៨​នាទី ចុងក្រោយ​នៅ​ពហុកីឡាដ្ឋាន Etihad Stadium ហើយ​គេ​ជឿថា ខ្សែប្រយុទ្ធ​រូបនេះ​មិន​សប្បាយ ចិត្តនឹង​ស្ថានភាព​បច្ចុប្បន្ន​របស់ខ្លួន​ទេ​។

​បើទោះបីជា​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​បានបង្ហាញ​មុខ​សរុប​៤៣​លើក​នៅ​រដូវ​កាល​នេះ​ក៏ដោយ ក៏ រ៉ា​ហ្វ​ដ បានបង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ត្រឹមតែ​២២​លើក​ប៉ុណ្ណោះ​ហើយ​កីឡាករ​អង់គ្លេស រូបនេះ​ត្រូវ​បានដាក់​ក្នុងចំណោម​កីឡាករ​បម្រុង​។

​ការមកដល់​របស់ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ពី​ក្លឹប Arsenal មិនបាន​ជួយ កែប្រែ​ស្ថានភាព​របស់ រ៉ា​ហ្វ​ដ ទេ​ហើយ​ស្របពេល​កីឡាករ​រូបនេះ​មិនបាន​ត្អូញត្អែរ​ជា​សាធារណៈ អំពី​កង្វះ​ឱកាស​បង្ហាញមុខ​នេះ គេ​ជឿថា រឿងនេះ​ពិតជា​ប៉ះពាល់​អារម្មណ៍​របស់ រ៉ា​ហ្វ​ដ​។

​រ៉ា​ហ្វ​ដ នៅ​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​តតាំង​ពី​អាយុ​៧​ឆ្នាំ ហើយ​បាន​វិ​វ​ឌ្ឍ​ខ្លួន​រហូតដល់ បង្ហាញមុខ ក្នុង​ក្រុម​ជម្រើស​ដំបូង​ដោយ​មិនបាន​ខ្ចី​ជើង​ទៅ​ក្លឹប​ដទៃ​ឡើយ ហើយ​គេ​ជឿថា កីឡាករ​រូបនេះ​មិន​ចង់​ចាក​ចេញពី​ក្លឹប​វ័យ​កុមារ​របស់ខ្លួន​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford)