ម៉ា​ដូ​ណា​ទទួល​ការព្យាបាល​ប្តូរ​ឈាម​ថ្មី ក្រោយ​លុបចោល​ការប្រគុំ​តន្ត្រី​ជា​ហូរហែ​

256
ចែករម្លែក

កំពូល​តារាចម្រៀង​ប៉ុប​វ័យ ៦១ ឆ្នាំ​រូបនេះ​កំពុង​ត្រៀមខ្លួន​ចាប់ផ្តើម​ឡើងវិញ​នូវ​ដំណើរ​ប្រគុំ​តន្ត្រី​របស់​នាង បន្ទាប់ពី​លុបចោល​កម្មវិធី​ជាច្រើន​ដោយសារ​បញ្ហា​សុខភាព​។​

​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នាង​ម៉ា​ដូ​ណា​បានឱ្យ​អ្នកគាំទ្រ​លើ Instagram ចំនួន ១៤,៦ លាន​នាក់​បានដឹងថា​នាង​កំពុង​ស្ថិតក្នុង​មណ្ឌល​ស្តារនីតិសម្បទា ដើម្បី​ប្តូរ​ឈាម​ថ្មី ខណៈ​នាង​ប្រឹងប្រែង​ឱ្យមាន​សុខភាព​មាំទាំ​ឡើងវិញ​។

​វីដេអូ​ដែល​នាង​បង្ហោះ​លើ​បណ្តាញ​សង្គម​បានបង្ហាញ​កូនស្រី​ចិញ្ចឹម​ពីរ​នាក់​របស់​នាង​ឈ្មោះ ស្តេ​ឡេ និង អេ​ស្ទា អាយុ​៧​ឆ្នាំ​ដូចគ្នា កំពុង​ឈរ​នៅក្បែរ​នាង ខណៈ​នាង​ទទួល​ការព្យាបាល​ប្តូរ​ឈាម​ថ្មី​។

​ម៉ា​ដូ​ណា​បាន​សរសេរ​ពន្យល់​លើ Instagram ថា “​បញ្ចូល​ឈាម​ថ្មី​…​លេប​វីតាមីន​…​ផឹកទឹក​ពី​ទី​បេ​តិ៍​…​ច្រៀង និង ធ្វើ​សមាធិ​….​ក្រោយមក​ពិតជា​មាន​អារម្មណ៍​អស្ចារ្យ​មែន​!!”​។

​នាង​បាន​សរសេរ​ទៀតថា “​សូម​អភ័យទោស​ចំពោះ​ការប្រែប្រួល​ស្ថានការណ៍​មិនបាន​រំពឹងទុក​នេះ​។ ការសម្តែង​រាល់​រាត្រី​ធ្វើឱ្យ​ខ្ញុំ​សប្បាយរីករាយ ហើយ​ការលុបចោល​ការសម្តែង​គឺជា​ប្រភេទ​នៃ​ការដាក់ពិន័យ​សម្រាប់​រូបខ្ញុំ ប៉ុន្តែ​ការឈឺចាប់​ដែល​ខ្ញុំ​កំពុង​ទទួលរង​ឥឡូវនេះ​គឺ​ពុំ​អាច​ទ្រាំ​បានទេ ហើយ​ខ្ញុំ​ត្រូវតែ​សម្រាក​និង​ធ្វើតាម​បញ្ជា​របស់​វេជ្ជបណ្ឌិត ដូច្នេះ​ខ្ញុំ​នឹង​អាច​ត្រឡប់មកវិញ​ខ្លាំង​ជាង​មុន​និង​ប្រសើរ​ជាង​មុន និង​បន្តដំណើរ​សម្តែង Madame X ជាមួយ​អ្នក​ទាំងអស់គ្នា​”៕ ដោយ៖កញ្ញាដាលីស