ម៉ា​ដូ​ណា ទម្លាយ​​ផ្ទៃក្នុង​ក្រុមគ្រួសារ​ថា​ខ្លួន​ជា​កូនបំណុល​ធនាគារ ក្រោយ​ត្រូវ​អ្នកជិតខាង​ប្តឹង​ទារ​៨​ម៉ឺន​

3884
ចែករម្លែក

(​ភ្នំពេញ​)៖ វា​រឿង​ធម្មតា​របស់​សង្គម​ទៅហើយ គ្មាន​គ្រួសារ​ណា​ទៅ​ទម្លាយ​រឿង​ផ្ទៃក្នុង​របស់ខ្លួន​និង រឿង​សេដ្ឋកិច្ច​គ្រួសារ​ឡើយ​ប៉ុន្តែ​តារា​​កំប្លែង លោក ម៉ា​ដូ​ណា បែរជា​បាន​ទម្លាយ​រឿង​ខ្លួន​និង​ក្រុមគ្រួសារ​មិនមែនជា​អ្នកមាន​និង​ជា​អ្នក​ជំពាក់​ធនាគារ​រុំ​ក​ឡើង​ចង់​ជិត​​ដាច់ខ្យល់ ក្រោយ​រង​ជម្លោះ​រឿង​ព្រំ​របង​ផ្ទះ​ជាមួយ​អ្នកជិតខាង​ផ្ទះ​មានការ​ចោទប្រកាន់​ទៅលើ​គ្រួសារ​លើ មានអំណាច និង មាន​លុយ​។​

​លោក ម៉ា​ដូ​ណា ដែលជា​អ្នកដឹកនាំ​ក្រុម​កំប្លែង​ភេទ​ទី​៣ បាន​ទម្លាយ​អោយដឹងថា​ក្រុមគ្រួសារ​លោក​ជា​កូនបំណុល​របស់​ធនាគា​រ​ជាច្រើន​​កន្លែង និង​អះអាងថា​ជា​គ្រួសារ​ធម្មតា គ្មាន​អំណាច​និង​គ្មាន​លុយកាក់​ដើរ​បង្ករឿង និង​ចង់​ជិះជាន់​អ្នកណា​ឡើយ​។​

​ការអះអាង​និង​ទម្លាយ​រឿង​ផ្ទៃក្នុង​គ្រួសារ​លោក​កើតឡើង​ក្រោយ​គ្រួសារ​លោក​រង​បណ្តឹង និង​អំពើហិង្សារ​ពី​គូ​ជម្លោះ​ដែល​​ជា​អ្នកជិតខាង​ជាប់​របង​ផ្ទះ​ជាមួយគ្នា​ចំពោះ​រឿង​ព្រំ​របង​ផ្ទះ​ដែល​មិនអាច​ឯកភាពគ្នា​សាងសង​ឱ្យ​ត្រឹមត្រូវ​។​

​លោ​កថា​លោក​ផ្ទាល់​ក៏​ជំពាក់​ធនាគារ​ជិត​ខ្ទង់​ម៉ឺន ហើយ​បងស្រី​និង​ម្តាយ​ក៏​ជា​ជំពាក់​ធនាគារ​ផងដែរ រហូត​ជិត​ដល់​១០​ម៉ឺន​ដុល្លារ​ឯ​ណ្ណោះ​។

​តារា​កំប្លែង​រូបនេះ​បាន​ប្រាប់​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧​ថា​មូល​ហេតុដែល​លោក​និង​ក្រុមគ្រួសារ​សុខ​​ចិត្ត​បង្ហាញ​ឯកសារ និង​រឿង​ផ្ទៃក្នុង​គ្រួសារ មក​និយាយ​ជា​សាធារណៈ ដោយសារតែ​ភាគី​គូ​ជម្លោះ​ដែល​ជិតខាង​របង​ផ្ទះ​នោះបាន​សាង​​សង​រំលោភ​ចូល​ចំណែក​ដី​ផ្ទះ​របស់លោក ហើយ​បាន​បង្ក​ហិង្សា​លើ​បងស្រី​របស់លោក​ដោយ​យក​កែវ​ថ្ម​មក​ចោល​ត្រូវ​ក្រោម​ភ្នែក​បងស្រី​របស់​​លោក​ជាំ​សាច់ និង​បាន​ប្តឹង​លើ​គ្រួសារ​របស់លោក​ទារ​សំណង​៨​ម៉ឺន​ដុល្លារ ដោយ​ចោទប្រកាន់​លើ​គ្រួសា​របស់លោក​ថា​ជា​អ្នកបង្ក​ប្រើ​អំណាច​លុយកាក់​អាង​អំណាច​ដែល​រឿង​ផ្ទុយ​ពី​ការពិត​។

​លោក ម៉ា​ដូ​ណា​បាន​ប្រាប់ថា ក្រុមគ្រួសារ​របស់លោក​បានដាក់​ពាក្យ​ប្តឹង​បី​ដង​រួចមកហើយ ប៉ុន្តែ​គ្មាន​ចំណាត់ការ​ពី​អាជ្ញាធរ​មូលដ្ឋាន ប៉ូលិស​និង​តុលាការ​ចំពោះ​បញ្ហា​ជម្លោះ​ព្រំ​របង​ផ្ទះ រហូត​គូ​ជម្លោះ​ដែល​ហ៊ាន​បង្ក​ហិង្សា​និង បង្ហោះ​វី​ឌី​អូ ចោទប្រកាន់​មកលើ​ក្រុមគ្រួសារ​របស់លោក​ជា​អ្នក​ខុស​ទៅវិញ និង​ចោទថា​អ្នកមានអំណាច​មាន​លុយ ។

​តារា​កំប្លែង​រូបនេះ​បាន​និយាយថា ប្រសិនបើ​ក្រុមគ្រួសារ​របស់លោក​មាន​លុយ មានអំណាច ពិតមែន​នោះ ហេតុអ្វី​បានជា​អាជ្ញាធរ​មូលដ្ឋាន និង តុលាការ មិន​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំ​របង​និង​អំពើហិង្សារ​ដាក់គ្នា​បាន​នោះ​? បើ​មាន​លុយ​មែន​ហេតុអ្វី​បញ្ហា​នេះ​នៅ​មិនទាន់​អាច​ដោះស្រាយបាន​នៅឡើយ​រហូតដល់​ជិត​មួយ​សប្តាហ៍​ហើយ​ពុំមាន​ចំណាត់ការ​បែ​រណា​ឡើយ​? លោក​សុំអោយ​មហាជន កុំ​ទាន់​វិនិច្ឆ័យ​ទៅលើ​អ្នកណា​ខុស​អ្នកណា​ត្រូវ សូម​ធ្វើការ​ពិចារណា ស្តាប់​ហេតុផល ឱ្យ​ច្បាស់ និង រង់​ចាំមើល​រដ្ឋអំណាច​ជា​អ្នកដោះស្រាយ​វែកញែក​រកខុសរកត្រូវ​ជាមុន កុំ​ទាន់​ស្តាប់​ភាគី​ម្ខាង​ហើយ​ចោទប្រកាន់​ទៅលើ​លោក​ថា ជា​អ្នកមានអំណាច ឬ​ជា​មនុស្ស​ចរិត​អាក្រក់ ជា​តារា​ឈ្លើយ​ច​រឹត​អាង​អំ​ណា​ង​អំណាច​លុយ​នោះ សូម​ស្តាប់​ហេតុផល​របស់លោក​ឱ្យ​ច្បាស់​មុននឹង​វាយតម្លៃ​។​

​ជុំវិញ​ជម្លោះ​ព្រំដី​នេះ មិនដឹង​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​ទេ ដោយ​ទទួល​ព័ត៌មាន​ពី​ភាគី​លោក​ម៉ា​ដូ​ណា​តែ​ម្ខាង ហើយ​ភាគី​ម្ខាង​ទៀត​មិន​អាចទាក់ទង​បាន ដូចនេះ​រស្មី​កម្ពុជា​រង់ចាំ​ទទួល​ការបកស្រាយ​តប​ពី​ភាគី​ជម្លោះ​ម្ខាង​ទៀត​បើ​មាន​ចំណុច​ណា​មិន​ត្រឹមត្រូវ​៕