ម៉ា​ឌូ​រ៉ូ ថា រុស្ស៊ី​នឹង​ផ្តល់ជំនួយ​៣០០​តោន​មក​ឱ្យ​វេ​ណេ​ស៊ុយអេ​ឡា​

468
ចែករម្លែក
  • 173
    Shares

​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​និយាយថា​រុស្ស៊ី​នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​៣០០​តោន​ដល់​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​(​វេ​ណេ​ស៊ុយអេ​ឡា ) នៅ​ថ្ងៃ​ពុធ​​ទី​២០​កុម្ភៈ​។​

​លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​កិច្ច​ជំនួប​មួយ​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ថា “​យើង​ទទួលបាន​ការគាំទ្រ​ផ្នែក​ជំនួយ​មនុស្សធម៌​ជា​រៀងរាល់ថ្ងៃ​។ នៅ​ថ្ងៃ​ពុធ ជំនួយ​មនុស្សធម៌​រុស្ស៊ី​ចំនួន​៣០០​តោន​នឹង​ត្រូវ​ប្រគល់​ឱ្យ​ដោយ​ស្របច្បាប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​កា​រ៉ា​កាស​” ។​

​បច្ចុប្បន្ន វេ​ណេ​ស៊ុយអេ​ឡា​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​យ៉ាងខ្លាំង​បន្ទាប់ពី​មេដឹកនាំ​ប្រឆាំង លោក​ហ្ស័ន ក្វាយ​ដូ បានប្រកាស​ខ្លួនឯង​ថា​ជា ប្រធានាធិបតី​​ណ្តោះ​អាសន្ន​នៃ​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​មក​នោះ ។​សហរដ្ឋអាមេរិក​បាន ទទួលស្គាល់​លោក​ថា​ជា​មេដឹកនាំ​នៃ​ប្រទេស​នេះ​និង​បាន​ផ្តល់​ជំនួយ​សម្រាប់​ប្រទេស​នេះ​ដោយ​​បញ្ជូន​ជំនួយ​នោះ​ទៅ​ព្រំ​ប្រទេស​កូឡុំប៊ី​ជា​ប់វេ​ណេ​ស៊ុយអេ​ឡា និង​គំរាម​កុំ​អោយ​អាជ្ញាធ​រវេ​ណេ​ស៊ុយអេ​ឡា​រារាំង​ការនាំ​ជំនួយ​ចូល​។​

​អនុ​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា កាលពី​ថ្ងៃ​១៩​កុម្ភៈ​បាន​ថ្កោលទោស​ការ​ការប៉ុនប៉ង​របស់​អាមេរិក​ដើម្បី​នាំ​ជំនួយ​មនុស្សធម៌​ចូល​ក្នុង​ប្រទេស​លោក​ដោយ​លោក​បាន​លើកឡើង​​អំពី​ការ​ចូល​ពាក់ព័ន្ធ​របស់​អាមេរិក​ក្នុង​ជម្លោះ​នៅ​បណ្តា​ប្រទេស​អារ៉ាប់​។​

​លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​បដិសេធ​មិន​ព្រម​ទទួលយក​ជំនួយ​អាមេរិក​ទេ ដោយ​ចាត់ទុក​ជំនួយ​នេះ​ថា​ជា​ល្បិចកល​មួយ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​។ រុស្ស៊ី ចិន​និង​ ម៉ិក​ស៊ិក ក្នុងចំណោម​ប្រទេស​មួយចំនួន​ទៀត បាន​បង្ហាញ​ការគាំទ្រ លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា បាន​រៀបចំ​ធ្វើ​រដ្ឋប្រហារ​៕​ប្រែ​សម្រួល​៖​សុខា​

ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ