ម៉ា​ឌូ​រ៉ូ ព្រមាន​អំពី​សង្គ្រាមស៊ីវិល ខណៈ​មេ​បក្ស​ប្រឆាំង​ចោទប្រកាន់​រដ្ឋាភិបាល​ថា​ផ្ទេរ​លុយ​១,២​ពាន់​លាន​ទៅ​បរទេស​

432
ចែករម្លែក
  • 256
    Shares

​ប្រធានា​ធិ​បវេណេ​ស៊ុយអេ​ឡា លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ ត្រូវបាន​ចោទប្រកាន់​ថា​ព្យាយាម​ផ្ទេរប្រាក់​១.២០០​លាន​ដុល្លារ​ពី​មូលនិធិ​រដ្ឋ​ទៅកាន់​ធនាគារ​មួយ​នៅ​អ៊ុយ​រុយ​ហ្កាយ​ខណៈ​​លោក​ព្រមាន​អំពី​សង្គ្រាម​ស៊ីវិល​មួយ​នឹង​អាច​ផ្ទុះឡើង​។​

​មេដឹកនាំ​ប្រឆាំង លោក​ហ្ស័ន ក្វាយ​ដូ ដែល​កំពុង​ប្រជែង​យក​តំណែង​ប្រធានាធិបតី បាន​ចោទប្រកាន់​ថា លោក​ម៉ា​ឌូ​រ៉ូ ព្យាយាម​ផ្ទេរចេញ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ពី​ហិប​ប្រាក់​​រដ្ឋ​ទៅ​កាន់​ធនាគារ​មួយ​នៅ​អ៊ុយ​រុយ​ហ្កាយ​។​

​ក្នុងពេល​ជាមួយគ្នា លោក​ម៉ា​ឌូ​រ៉ូ​បាន​ព្រមាន​ថា​អាច​មាន​សង្គ្រាម​ស៊ីវិល​មួយ​នៅវេ​ណេ​ស៊ុយអេ​ឡា បើ​បណ្តា​ប្រទេស​បរទេស​មិន​ឈប់​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​​លោក​ទេ​។​

​លោក​បាន​និយាយថា អាមេរិក រួម​ទាំង​បណ្តា​ប្រទេស​លោកខាងលិច ត្រូវ​បញ្ឈប់​«​ការឈ្លានពាន​និង​ភាព​គឃ្លើន​»​របស់គេ បើ​មិន​ដូច្នេះ​ទេ ប្រធានាធិបតី​ដូណាល់ ត្រាំ​នឹង​ប្រឈម​​ដៃ​ប្រឡាក់​ឈាម​។​

​ម៉ា​ឌូ​រ៉ូ និយាយ​ទៅកាន់​ទាហាន កាលពី​ថ្ងៃអាទិត្យ ហើយ​ព្រមាន​អំពី​សង្គ្រាម​ស៊ីវិល​មួយ​និង​ស្នើ​អោយ​ទាហាន​ស្មោះត្រង់​នឹង​កងកម្លាំង​ប្រដាប់​អាវុធ​ជាតិ​

​ការ​គំរាម​របស់​លោក​បាន​កើត​ឡើង​ខណៈ​សមាជិក​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប រួម​មាន​បារាំង អង់គ្លេស និង​អេ​ស្ប៉ា​ញ បាន​ប្រកាស​ថា​ពួកគេ​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង ហ្ស័​ន​​ក្វាយ​ដូ ជា​ប្រធានាធិបតី បណ្តោះអាសន្ន ក្រោយពី​លោក​ម៉ា​ឌូ​រ៉ូ ខកខាន​មិន​បាន​ប្រកាស​ធ្វើ​ការបោះឆ្នោត​ភ្លាមៗ​មួយ​ត្រឹម​ថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ​។​

​ម៉ា​ឌូ​រ៉ូ បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អេ​ស្ប៉ាញ​កាលពី​ថ្ងៃអាទិត្យ​ថា​« យើង​មិន​ទទួលយក​ឱសានវាទ​ពី​នរណា​ម្នាក់​ទេ ។​ខ្ញុំ​មិន​កោះ​ធ្វើ​ការបោះឆ្នោត​នៅពេល​​ឥឡូវ​ទេ ។​នឹង​មាន​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៤»​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​ស្ថានភាព​បច្ចុប្បន្ន​នឹង​នាំ​ដល់​សង្គ្រាមស៊ីវិល​ដែរឬទេ លោក​បាន​និយាយថា​«​គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​សំណួរ​ណឹង​អោយ​ពិតប្រាកដ​បាន​ទេ​។​វា​អាស្រ័យ​​លើ​កំរិត​ឆ្កួត​និង​គឃ្លើន​របស់​ចក្រភព​ខាងលិច​(​អាមេរិក​)​និង​សម្ពន្ធមិត្ត​របស់គេ​»៕​ដោយ​៖​វាសនា​

#