ម៉ា​តទី​ស ៖ សហរដ្ឋអាមេរិក​នឹង​បន្ត​ប្រឈមមុខ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

911
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក លោក ជី​ម ម៉ា​តទី​ស បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​ឧសភា​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ប្រឈមមុខ​ជាមួយ​ចិន​ជុំវិញ​ការទាមទារ​ទឹកដី​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កន្លែង​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កើត​វត្តមាន​យោធា​ដ៏​សំខាន់​នៅលើ​កោះ​ជម្លោះ​ជាច្រើន​។​

​ការ​ថ្លែង​របស់លោក​ម៉ា​តទី​សបាន​កើតឡើង​បន្ទាប់ពី​ប៉េកាំង​បាន​សម្តែង “​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​” កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​នាវាចម្បាំង​អាមេរិក​២​គ្រឿង​បានធ្វើ​ដំណើរ​ក្បែរ​កោះ​មួយ​នៅក្នុង​ប្រជុំ​កោះ​ជម្លោះ ប៉ា​រ៉ា​សែ​ល​។​

​លោក​ម៉ា​តទី​សបាន​ប្រាប់​អ្នកកាសែត​ខណៈ​គាត់​ហោះ​ទៅ​ហា​វ៉ៃ យ៉ាង​ដូច្នេះ “​អ្នកនឹង​កត់សម្គាល់ឃើញ​មាន​ប្រទេស​តែមួយគត់ ហាក់ដូចជា​ចាត់វិធានការ​យ៉ាងសកម្ម​ដើម្បី​ប​ញ្ឃ​ប់ (​ប្រតិបត្តិការ​បែបនេះ​) ឬ និយាយ​ពី​ការ​អន់ចិត្ត​របស់​ពួកគេ ប៉ុន្តែ​វា​ជា​ដែនទឹក​អន្តរជាតិ​ហើយ​ប្រជាជាតិ​ជាច្រើន​ចង់ឃើញ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ដូច្នេះ​យើង​នឹង​បន្តធ្វើ​ដូច្នេះ​”​។​

​កងទ័ពជើងទឹក​អាមេរិក​បានធ្វើ​ប្រតិ​ប​ត្ដិ​ការ “​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​” នៅតាម​ផ្លូវទឹក​មាន​ជម្លោះ កន្លែង​ដែល​នាវា​អាមេរិក​ធ្វើដំណើរ​កៀក​នឹង​កោះ​នានា ដែល​ចិន​បាន​សាងសង់​ទៅជា​ទីតាំង​យោធា សម្រាប់​ជា​មធ្យោបាយ​ដើម្បី​បង្ហាញថា​ខ្លួន​បដិសេធ​រាល់​ការទាមទារ​ទឹកដី​។​

​លោក​ម៉ា​តទី​ស និយាយថា “​យើង​កំពុង​ចេញ​តាមផ្លូវ​របស់​យើង​ដើម្បី​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​នេះ​ជា​វិធី​ដែល​យើង​ធ្វើ​អាជីវកម្ម​នៅក្នុង​ពិភពលោក ប៉ុន្តែ​យើង​ក៏​នឹង​ចេញទៅ​ប្រឈមមុខ​នឹង​អ្វីដែល​យើង​ជឿថា​មិន​ស្របតាម​ច្បាប់​អន្តរជាតិ​ដែរ​”៕ ដោយ៖ កញ្ញាដាលីស

លោក ជី​ម ម៉ា​តទី​ស និយាយ​ទៅកាន់​អ្នកកាសែត​លើ​យន្តហោះ​យោធា​អាមេរិក​មួយគ្រឿង​កាលពី​ថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៨