ម៉ា​យ​លី សាយ​រ៉ឺ​ស និង លៀម ហេម​ស្វត ចែកផ្លូវ​គ្នា​

151
ចែករម្លែក

​ទស្សនា​វ​ដ្តី People បាន​រាយការណ៍​ថា តារាចម្រៀង​ប៉ុប ម៉ា​យ​លី សាយ​រ៉ឺ​ស និង​ស្វាមី​ជា​តារា​សម្តែង​របស់​នាង លោក លៀម ហេម​ស្វត បាន​យល់ព្រម​ចែកផ្លូវ​គ្នា បន្ទាប់ពី​រៀបការ​មិន​ដល់​មួយឆ្នាំ​ផង​។​

​អ្នកតំណាង​របស់​នាង​សាយ​រ៉ឺ​សត្រូវ​បាន​ដកស្រង់​សម្តី​ប្រាប់​ទៅ​ទស្សនា​វ​ដ្តី People ថា “​លោក​លៀម​និង​នាង​ម៉ា​យ​លី​បាន​យល់ព្រម​ចែកផ្លូវ​គ្នា​ហើយ​នៅពេលនេះ​។ ដោយ​វិ​វត្ត​ទៅជា​ដៃគូ​និង​បុគ្គល​ដាច់ដោយឡែក​ពីគ្នា​មិន​ធ្លាប់មាន​ពីមុនមក អ្នក​ទាំងពីរ​បានសម្រេច​ថា​នេះ​ជា​អ្វីដែល​ល្អ​បំផុត ខណៈដែល​អ្នក​ទាំងពីរ​ផ្តោត​សំខាន់​លើ​ខ្លួនឯង​និង​អាជីព​រៀងៗ​ខ្លួន​។ ពួកគេ​នៅតែ​រក្សា​ភាពជា​ឪពុកម្តាយ​ចំពោះ​សត្វ​ចិញ្ចឹម​ទាំងអស់​របស់​ពួកគេ​ដដែល​”​។​

​ទស្សនា​វ​ដ្តី People បាន​និយាយថា ពាក្យ​ចចាមអារ៉ាម​នៃ​ការបែកបាក់​គ្នា​រវាង​តារាចម្រៀង​វ័យ ២៦ ឆ្នាំ​និង​ស្វាមី​ជនជាតិ​អូស្ត្រាលី​របស់​នាង​ដែលមាន​អាយុ ២៩ ឆ្នាំ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​ទី​១០​សីហា នៅពេលដែល​នាង​សាយ​រ៉ឺ​ស ដែល​ត្រូវបាន​ចាត់ថ្នាក់​ជាតា​រាមា​ន​ឥទ្ធិពល​បំផុត​ម្នាក់​នៅក្នុង​ពិភពលោក បាន​បង្ហោះ​រូបថត​ខ្លួន​នាង​ផ្ទាល់​នៅលើ Instagram ដោយ​គ្មាន​ចិញ្ចៀន​រៀបការ​។​

​តារា​ទាំង​ពីរបាន​ជួបគ្នា​ក្នុង​ឆ្នាំ ២០០៩ ពេល​កំពុង​ថត​រឿង​ភាគ​មនោសញ្ចេតនា “The Last Song”​។ ក្នុង​ឆ្នាំ ២០១២ ពួកគេ​បាន​ភ្ជាប់ពាក្យ​ប៉ុន្តែ​បានបញ្ចប់​ការភ្ជាប់​ពាក្យ​នៅ​ឆ្នាំ​បន្ទាប់​។ ក្នុង​ឆ្នាំ ២០១៦ ពួកគេ​បាន​ភ្ជាប់ពាក្យ​ម្តងទៀត​។ ហើយ​នៅ​ខែធ្នូ​ឆ្នាំ ២០១៨ ពួកគេ​បាន​រៀបការ​ក្នុង​ពិធី​ឯកជន​មួយ​នៅផ្ទះ​របស់​ពួកគេ​នៅ​ទីក្រុង​ណាស​វី​ល រដ្ឋ​ថេ​ន​ណេ​ស​ស៊ី គឺ​មួយខែ​គត់ បន្ទាប់ពី​បាត់បង់​ផ្ទះ​របស់​ពួកគេ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​៕ ដោយ៖ កញ្ញាដាលីស

នាង​ម៉ា​យ​លី សាយ​រ៉ឺ​ស និង​លោក លៀម ហេម​ស្វត បាន​យល់ព្រម​ចែកផ្លូវ​គ្នា បន្ទាប់ពី​រៀបការ​មិន​ដល់​មួយឆ្នាំ