ម៉ា​ឡា​ឡា ធ្វើ​ទស្សនកិច្ច​នៅ​ប៉ា​គី​ស្ថាន ត្រង់​កន្លែង​ដែល​នាង​ត្រូវគេ​បាញ់​

1182
ចែករម្លែក

​នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ (Malala Yousafzai) បាន​ទៅ​មើល​ដល់​ជ្រលង​ភ្នំ​ស្វាត (Swat) កាលពី​ថ្ងៃ​សៅរ៍​ទី​៣១ មីនា សម្រាប់​ការធ្វើដំណើរ​ជា​លើកដំបូង​របស់​នាង​ត្រឡប់​ទៅ​តំបន់​ដែល​ធ្លាប់តែ​ញាំញី​ដោយ​ក្រុម​សកម្មប្រយុទ្ធ និង​ជា​កន្លែង​ដែល​នាង​ត្រូវបាន​ពួក​តា​លី​បង់បាញ់​សម្លាប់​កាលពី​ជាង ៥ ឆ្នាំមុន​។​

​នាង​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​ខ្ញុំ​បាន​ចាក​ចេញពី​តំបន់ភ្នំ​ស្វាត ជាមួយ​ភ្នែក​ទាំង​គូ​បិទ​ជិតឈឹង ហើយ​ឥឡូវ​ខ្ញុំ​វិលត្រឡប់​មកវិញ​ដោយ​បើកភ្នែក​ទាំង​គូ​”​។ នាង​និយាយ​នេះ​គឺ​ចង់​សំដៅលើ​របៀប​ដែល​នាង​ត្រូវគេ​ដឹក​ចេញ​តាម​ឧទ្ធម្ភាគចក្រ​ទាំង​សន្លប់​បាត់ស្មារតី ក្រោយពី​ការវាយប្រហារ​នៅ​ឆ្នាំ ២០១២​។​

​នាង​បាន​និយាយ​នៅឯ​សាលារៀន​មួយ​នៅ​ខាងក្រៅ​ទីក្រុង​មីន​ហ្គោ​រ៉ា (Mingora) កន្លែង​ដែល​នាង​ត្រូវបាន​អមដោយ​ទាហាន​ប៉ា​គី​ស្ថាន​ថា “​ខ្ញុំ​សប្បាយរីករាយ​ខ្លាំងណាស់​។ ក្តី​សុបិន​របស់ខ្ញុំ​បានក្លាយ​ជាការ​ពិត​។ សន្តិភាព​បាន​វិលត្រឡប់​ទៅកាន់​តំបន់​ស្វាត ដោយសារតែ​ការបូជា​ជីវិត​ដ៏​មានតម្លៃ​របស់​បងប្អូន​ប្រុស​ស្រី​របស់ខ្ញុំ​”​។​

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ខ្លី​របស់​ជ័យលាភី​ពានរង្វាន់​ណូបែល​វ័យ ២០ ឆ្នាំ​រូបនេះ គឺជា​ពេលវេលា​ដ៏​សំខាន់បំផុត​សម្រាប់​ប្រទេស​ប៉ា​គី​ស្ថាន ដែលជា​ទូទៅ​បានចាត់ទុក​តំបន់​ស្វាត​ជា​រឿង​ជោគជ័យ​របស់ខ្លួន​នៅក្នុង​ការប្រយុទ្ធ​តស៊ូ​ដ៏​យូរ​ប្រឆាំងនឹង​ភាពជ្រុលនិយម ខណៈដែល​ប៉ា​គី​ស្ថាន​កំពុង​ការពារ​ខ្លួន​ប្រឆាំងនឹង​ការចោទប្រកាន់​ដោយ​សហរដ្ឋអាមេរិក​និង​ប្រទេស​ដទៃ ថា​ភាគ​ពាយព្យ​របស់ខ្លួន​នៅតែ​ជា កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ក្រុម​សកម្មប្រយុទ្ធ​។​

​ដំណើរ​ទស្សនកិច្ច​នេះដែ​ល​ត្រូវបាន​អមដំណើរ​ដោយ​ឪពុកម្តាយ​និង​ប្អូនប្រុស​ពីរ​នាក់​របស់​នាង ត្រូវបាន​រក្សា​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង​៕ ដោយ៖ កញ្ញាដាលីស

នាង​ម៉ា​ឡា​ឡា មកដល់​តំបន់​ស្វាត កន្លែង​ដែល​ពួក​តា​លី​បង់បាញ់​សម្លាប់​នាង